Connect with us

ព័ត៌មានជាតិ

ពិត​ជា​មិនគួរ​ប្រថុយប្រថាន​ឡើយ!! ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​និង​ផ្ទះល្វែង​នៅ​ស្រុក​បន្ទាយស្រី ទាំងអស់​គ្មាន​ច្បាប់

បានផុស

នៅ

សៀមរាប​ ៖​ ដោយសារ​ហាងឆេង​ដី​នៅ​ស្រុក​បន្ទាយស្រី មានតម្លៃ​ធូរ​ថ្លៃ ទើប​គេ​ឃើញ​ក្រុម​ឈ្មួញ​មួយចំនួន​បាន​សម្រុក​ទិញ​ដី​ពី​អ្នកស្រុក​ដើម្បី​បើក​ក្រុមហ៊ុន​ធ្វើ​ផ្ទះល្វែង​និង​ពុះ​ដី​ឡូ​តិ៍​លក់ យ៉ាង​ត្រេកត្រអាល​។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី លោក​ឃឹម ហ្វី​ណង់ បានបញ្ជាក់​ប្រាប់​កាសែតកម្ពុជាថ្មី នា​ព្រឹក​ថ្ងៃទី​១៩​ ខែវិច្ឆិកា​នេះ​ថា គំរោង​ក្រុមហ៊ុន ទាំងអស់​ដែល​មក​ពុះ​ដី​ឡូ​តិ៍​និង​ធ្វើ​ផ្ទះល្វែង​លក់ នៅ​ស្រុក​បន្ទាយស្រី នៅ​មិនទាន់មាន​ច្បាប់ទម្លាប់​នៅឡើយ​។

លោក​អភិបាល ស្រុក​បន្ទាយស្រី បាន​អះអាង​ទៀត​ថា គម្រោង​ដី​ឡូ​តិ៍​និង​ផ្ទះល្វែង ចាប់តាំងពី​លោក​ចូលកាន់​តំណែង ជា​អភិបាល ស្រុក​បន្ទាយស្រី លោក​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​លិខិត សាងសង់​ផ្ទះល្វែង និង​ការ​ពុះ​ដី​ឡូ​តិ៍​សម្រាប់​លក់​នៅឡើយ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដី​នៅ​ស្រុក​បន្ទាយស្រី ភាគច្រើន ជាប់​គម្រប​ព្រៃឈើ និង​មួយចំនួនទៀត​ជាប់​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោក​បន្ថែម​ថា តាមពិត​អាជ្ញាធរ​ស្រុក​ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នក​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ទាំងអស់ គួរ​ត្រូវតែ​មានច្បាប់ តែបើ​គ្មាន​ច្បាប់​គឺ​យើង​បារ​ម្ភ​ខ្លាច​មក​បោកប្រាស់​និង​ពួកគាត់​ពុះ​លក់​តែ​មួយ​ឈុ​ល​មិន​បញ្ចប់​គំរោង វា​បង្ក​ឲ្យ​មាន​ហានិភ័យ​។

លោក​បន្ថែម​ថា កន្លងមក​រដ្ឋបាល​ស្រុក បានធ្វើ​កិច្ចការ​នេះ​ជាច្រើនលើក​មកហើយ ដូចជា​៖១​ជូនដំណឹង​ជារួម​ថា​ដី​ឡូ​តិ៍​នៅក្នុង​ស្រុក​បន្ទាយស្រី នេះ​គឺ​អត់​ទាន់​មានច្បាប់​នោះទេ ដូច្នេះ​ឲ្យ​បងប្អូន​ប្រុងប្រយ័ត្ន​។​ទី​២ រហូតមកដល់​ពេលនេះ​យើង​ហាម​មិន​ឲ្យ​មានការ​ផ្ទេរកម្មសិទ្ធិ​។​ទី​៣ មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្សព្វផ្សាយ​លក់​ដី​ឡូ​តិ៍ និង​ផ្ទះល្វែង ជា​ទូលំទូលាយ​នោះទេ​។

លោក​បន្ថែម​ថា កន្លងមក​រដ្ឋបាល​ស្រុក បាន​សម្រួល​ការងារ​មួយចំនួន ដែល​កុំ​ឲ្យ​ពួកគាត់​រង់ចាំ​ច្បាប់​យូរ​គឺ​ក្រុមហ៊ុន​នោះ​អាចធ្វើ​ផ្លូវ​ក្នុង​ដី​ឡូ​តិ៍ និង​សាងសង់​ផ្ទះល្វែង​ក្នុង​ដី​របស់​ពួកគាត់ គឺ​ច្បាប់​មិន​ហាមឃាត់​នោះទេ​។ តែ​អាជ្ញាធរ​ស្រុក​មិន​ឲ្យ​ផ្សព្វផ្សាយ​លក់​នោះទេ ដោយ​សូម​ឲ្យ​ពួកគាត់​រត់​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សិន​។ លោក​បញ្ជាក់​ទៀត​ថា នៅក្នុង​ស្រុក​បន្ទាយស្រី ក៏មាន​ក្រុមហ៊ុន​មួយ​មានច្បាប់​ដែរ តែ​គេ​នៅ​មិនទាន់មាន​គំរោង​លក់​នៅឡើយ​។

យ៉ាងនេះ​ក្តី​នា​ពេល​ថ្មីៗ​នេះ គេ​ឃើញ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​ជាច្រើន បាន​ប្រកាស​បើក​សម្ពោធ​គម្រោង​របស់​ខ្លួន និង​ដាក់​ស្លាក​លក់​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​ហាក់​មិនឃើញ​មានការ​ហាមឃាត់ ដោយ​អាជ្ញាធរ​ស្រុក​នេះឡើយ។ ករណី​ហានិភ័យ សម្រាប់​ពលរដ្ឋ នៅតែមាន​កម្រិត​ខ្ពស់ ហើយ​ជម្លោះដីធ្លី អាច​គ្មាន​ទីបញ្ចប់​។ ដូច្នេះ​សូម​អតិថិជន ទាំងអស់​ដែលមាន​បំណង​ទិញ​ដី​ឡូ​តិ៍​និង​ផ្ទះល្វែង នៅ​ស្រុក​បន្ទាយស្រី សូម​មានការ​ប្រុងប្រយ័ត្ន ចៀសវាង ការខាតបង់ ពេលវេលា​និង​ថវិកា ដោយ​ប្រការ​ណាមួយ​នោះ។

សូម​រំលឹកថា កាលពី​កន្លងទៅ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​បើក​យុទ្ធនាការ ចុះ​រុះរើ​ស្លាក​យីហោ​ដី​ឡូ​តិ៍​និង​ផ្ទះល្វែង នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ចោល ទាំងអស់​។ ការចុះ​រុះរើ​នោះ ដោយហេតុថា គម្រោង​ផ្ទះល្វែង​ដី​ឡូ​តិ៍​ទាំងនោះ​មិនទាន់មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​និង មន្ទីរ​ពាក់ព័ន្ធ​នៅឡើយ​ទេ​៕
ដោយ​ ៖ ​កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម