កម្ពុជា​ចាប់​ផ្តើម​ប​ញ្ជូន​ពលករ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ជា​បណ្តើរៗ​ហើយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

កម្ពុជា​ចាប់​ផ្តើម​ប​ញ្ជូន​ពលករ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ជា​បណ្តើរៗ​ហើយ

Published

on

​​កម្ពុជា​បាន​ចាប់​ផ្តើម​ប​ញ្ជូន​កម្មសិក្សាការី​ និង​ពលករ​ជំនាញ​ពី​៥០០​ទៅ​៦០០​នាក់​ ក្នុង​១​ខែៗ​ទៅ​ធ្វើ​ការ​ទៅលើ​វិស័យ​ផ្សេងៗ​នៅ​ប្រទេស​ជប៉ុន​ជា​បណ្តើរៗ​ហើយ​ បន្ទាប់ពី​បាន​ផ្អាក​កាលពី​ខែ​មេសា​កន្លងទៅ​ ដោយសារ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូ​វីដ​១៩។

​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិកា​ថា​ កម្មសិក្សាការី​និង​ពលករ​ជំនាញ​ ដែល​ប​ញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​ គឺ​ធ្វើ​ទៅលើ​ផ្នែក​កសិកម្ម វេច​ខ្ចប់ សេវាកម្ម សណ្ឋាគារ​និង​សំណង់​។ លោក​បាន​បន្ត​ថា​«​ប្រសិនបើ​មិន​មាន​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើ​រ​ឬ​មាន​បញ្ហា ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះ ​យើង​នឹង​បន្ត​ប​ញ្ជូន​ពលករ​ជា​បន្តបន្ទាប់​រហូត​ដល់​គ្រប់​ចំនួន ​ព្រោះ​ជប៉ុន​ត្រូវការ​ពលករ​ខ្មែរ​ប្រមាណ​១​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​ដោយសារ​កូ​វីដ​១៩​ ទើប​យើង​មិន​អាច​ប​ញ្ជូន​ទៅ​គ្រប់​ចំនួន​បាន​»​។

​លោក​បាន​បន្ត​ទៀត​ថា ​តាម​ផែនការ​នៅ​ឆ្នាំ​២០២០​នេះ ​កម្ពុជា​គ្រោង​នឹង​ប​ញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​២០​ម៉ឺន​នាក់ ​ក្នុង​នោះ​រួមមាន​ប្រទេស​ថៃ ជប៉ុន សឹង្ហ​បុរី ហុងកុង​និង​ម៉ាឡេស៊ី ​ប៉ុន្តែ រហូតមកដល់​ពេលនេះ​ ប​ញ្ជូន​បាន​ត្រឹមតែ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ដោយសារ​ប្រទេស​ទាំងនោះ ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩។ ​លោក​បាន​បន្ថែម​ទៀត​ថា ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​ មានតែ​ប្រទេស​ជប៉ុន​ទេ​ ដែល​កម្ពុជា​បា​នប​ញ្ជូន​ពលករ​ និង​កម្មសិក្សាការី​ទៅ​ធ្វើ​ការ​។ ​ក្រៅពីនោះ​នៅ​មិន​ទាន់​បាន​ប​ញ្ជូន​នៅឡើយ​ទេ​ ដោយសារ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​។

​បើ​តាម​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត​១៥,០០០​នាក់​ ដោយ​ធ្វើ​នៅ​ក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត​-​លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​។ គួរ​បញ្ជាក់ ថា​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​១​លាន​២​សែន​នាក់ ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​ថៃ ជប៉ុន សឹង្ហ​បុរី ហុងកុង កូរ៉េខាងត្បូង​និង​ម៉ាឡេស៊ី​ ដោយ​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​វិញ ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អគារក្រសួងសាធារណការថ្មី លើ​ផ្លូវ​ជា សុផារ៉ា សាងសង់​ស្ទើរ​រួចរាល់ ១០០%

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម