Connect with us

ព័ត៌មានជាតិ

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​, រដ្ឋធម្មនុញ្ញ និង​ការអនុវត្ត !

បានផុស

នៅ

​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ គឺជា​ខួប​២៩ ឆ្នាំ នៃ​កិច្ច​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២០) ហើយ​ទន្ទឹម​និង​រៀបចំ ក៏ដូចជា​ចូលរួម​អបអរសាទរ​ជា​រៀងរាល់ឆ្នាំ ចំពោះ​កិច្ច​ព្រៀង​នេះ ក៏​មាន​ការយល់​ខុសៗ​គ្នា​រវាង​អ្នក​អនុវត្ត ឬ​អ្នកចរចា​ផ្ទាល់ និង​ក្រុម​អ្នកវិភាគ ព្រមទាំង​អ្នកនយោបាយ​មួយ​ចំនួន​តូច ដែល​មិន​ពេញចិត្ត​មិន​ពេញចិត្ត​ជាមួយ​រដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ចូលរួម​អបអរសាទរ​ចំពោះ​កិច្ច​ព្រៀង​នេះ កម្ពុជា​ថ្មី​សូម​លើកយក​មតិយោបល់​ខ្លះ សម្រាប់​ជា​គតិ​ក្នុង​ការ​ពិចារណា​។ លោក ជីវ កត្តា បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មាន​អតីត​ភាពជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បរទេស ក៏ដូចជា​ក្រុម​មនុស្ស​មួយ​ចំនួន​ឲ្យ​តម្លៃ​ថា​ជា​អតីត​គណបក្ស​ ដែល​មាន​ប្រជាធិបតេយ្យ​ជាងគេ បាន​លើកឡើង​ថា ក្រោយពី​មាន​កិច្ច​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​មក យើង​មើលឃើញថា កម្លាំង​នយោបាយ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា គ្រប់ភាគី​ជម្លោះ​ទាំងអស់​បាន​អង្គុយ​ទល់មុខ​គ្នា ដើម្បី​ជជែក​គ្នា​ ដើម្បី​ចូល​មក​អភិវឌ្ឍ​ប្រទេសជាតិ​។ លោក​បន្តថា កម្លាំង​ខ្មែរ​មាន​សន្ទុះ​ខ្លាំង ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ធ្វើ​ឲ្យ​ប្រទេស​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​អបអរសាទរ​នូវ​អ្វី​ដែល​អ្នកនយោបាយ​ខ្មែរ​បាន​រូប​រួម​សាមគ្គី​គ្នា​នេះ​។

​តែ​ជា​អកុសល​ដោយសារ​តែ​មាន​ជម្លោះផ្ទៃក្នុង​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ការអនុវត្ត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ មិនបាន​ពេញលេញ​ទេ ដូច្នេះ​ហើយ​ក្នុងនាម​តំណាង​គណបក្ស​មួយ​លោក​ស្នើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ពេញលេញ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ក៏ដូចជា​ប្រទេសជាតិ​យើង​។ ដោយឡែក​ចំពោះ​ការរិះគន់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​របស់​ក្រុម​ណាមួយ​នោះ លោក ជីវ កត្តា យល់ថា នោះ​គឺជា​ការយល់ឃើញ​របស់​ក្រុម​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​យក​លោក​យល់ឃើញថា ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការ​បង្រួបបង្រួម ឲ្យ​មាន​ឯកភាព​ជាតិ​អធិបតេយ្យ ភាព​ទឹកដី និង​ការ​កសាង​ប្រទេស​ឡើងវិញ កំពុង​ធ្លាក់​ចុះ​ជាពិសេស​ប្រព័ន្ធ​សេរី​ពហុបក្ស​។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្នុងនាម​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា បាន​លើកឡើងថា ២៩​ឆ្នាំ​កន្លង​មក​ហើយ ដែល​ភាគី​ជម្លោះ​ទាំង​៤ នៅ​កម្ពុជា​គឺ (​ភាគី​ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ភាគី​ខ្មែរក្រហម​) ជាមួយ​ប្រទេស​ចំនួន​១៨​ផ្សេងទៀត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​នោះ​គឺ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បញ្ចប់​នូវ​ជម្លោះផ្ទៃក្នុង ធានា​បាន​នូវ​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អព្យាក្រឹត្យ​ភាព និង​ការ​កសាង​ប្រទេស​ឡើងវិញ ព្រមទាំង​បាន​នាំ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម ដែល​នាំ​ឲ្យ​កម្ពុជា​យើង​សម្រេច​បាន​ការរៀបចំ​បោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ក្រោម​ការរៀបចំ​របស់​អង្គការសហប្រជាជាតិ ឬ​ហៅថា អ៊ុនតាក់​។ តាមរយៈ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ភាគី​នយោបាយ​ខ្មែរ​ទាំងអស់ បាន​មូលមតិ​គ្នា​រៀបចំឡើង​ក្នុង​ន័យ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិខ្មែរ បាន​នាំមក​ឲ្យ​កម្ពុជា នូវ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ តាមរយៈ​ជំនួយ​អភិវឌ្ឍន៍ និង​កិច្ចសហ​ប្រតិបត្តិការ​ពី​សហគមន៍ អន្តរជាតិ​ជាច្រើន​រហូត មកដល់​សព្វ​ថ្ងៃ​នេះ​។​

​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកនយោបាយ ជា​អតីត​ថ្នាក់ដឹកនាំ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលបំណង​ដើម្បី​បន្ត​ស្មារតី​ដើម ឈរ​លើ​គោលការណ៍​ខ្មែរ​តែមួយ បាន​សម្គាល់​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ អ្នកនយោបាយ​ខ្មែរ ក៏ដូចជា​អ្នកគាំទ្រ​គណបក្សនយោបាយ​គ្រប់​និន្នាការ​នយោបាយ មានការ​បែកបាក់​សាមគ្គី​ជាតិ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិខ្មែរ​យ៉ាងខ្លាំង ហើយ​អ្វីដែល​ខ្លាំង​ជាងនេះទៀត គឺ​សំឡេង​ក្រុម​អ្នកនយោបាយ​ប្រឆាំង​មានការ​បែកបាក់​សាមគ្គីភាព​យ៉ាង​ខ្លាំង​ផងដែរ ដែល​ធ្វើ​ឲ្យ​ស្មារតី​ដើម​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហាក់​ដូចជា​មិន​ត្រូវ​បាន អ្នកនយោបាយ​ទាំងអស់ នឹកភ្នក​យក​មកអនុវត្ត​។

​ចំណែក​លោក មាស នី ដែល​ជា​អ្នកវិភាគ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ថ្លែងថា ការរៀបចំ​ប្រារព្ធ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំនេះ​ដូច​ជា​មាន​ភាព​ចម្រូងចម្រាស​បន្តិច ជាពិសេស​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​លុប​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ថ្ងៃ​២៣ ខែ​តុលា​នេះ ដែល​ការ​លុប​នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល និង​ខ្មែរ​នៅ​បរទេស​ហាក់​ដូច​ជា​មាន​ការ​ខ្វាយខ្វល់ ហើយ​ចង់​ឲ្យ​យក​ថ្ងៃ​២៣ តុលា នេះ មក​អនុវត្ត​ឡើងវិញ និង​មាន​ចេតនា​ចង់​ប្រាប់​រាជរដ្ឋាភិបាល​ថា មិន​ចង់​ឲ្យ​លុប​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ថ្ងៃ​២៣ ខែតុលា​នេះ​ទេ ដោយ​ពួកគាត់​យល់ថា ថ្ងៃ​២៣ តុលា​នេះ គឺជា​ថ្ងៃ​ចាប់ផ្ដើម​សន្តិភាព​នៅ​កម្ពុជា ហើយ​បើ​និយាយ​ពាក្យ​ថា “​អរគុណ​សន្តិភាព​” ត្រូវតែ​ភ្ជាប់​ជាមួយ​ពាក្យ “២៣ តុលា​”​។​

​លោក មាស នី អះអាង​ថា សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រហូតមកដល់​ពេលនេះ មិនបាន​អនុវត្ត​ល្អ​គ្រប់​រឿង​នោះ​ទេ នៅ​ខ្វះ​ចន្លោះ​បញ្ហា​មួយ​ចំនួន ដែល​មិនទាន់​អាចធ្វើ​បាន ដូចជា​ការរំសាយ​កងទ័ព ការដឹកជញ្ជូន​ជនភៀសខ្លួន​ពី​ព្រំដែន​ចូល​ប្រទេស​ជាដើម​។ បើតាម​លោក មាស នី មាន​បញ្ហា​៣ ដែល​មិនទាន់​អាចធ្វើ​បាន ទី​១, ការបង្រួបបង្រួម​ជាតិ ទី​២, ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ទី​៣, ឯករាជភាព​ជាតិ និង​បូរណភាព​ដែនដី​។​

​ទោះជា​យ៉ាងណា​លោក ​មាស នី ទទួលស្គាល់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន ដែល​ក្នុង​នោះ រាជរដ្ឋាភិបាល​ក៏​អនុវត្ត​បាន​មួយចំនួន​ដូចជា ការ​អភិវឌ្ឍ​ប្រទេសជាតិ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ពិភពលោក ក៏ដូចជា​អង្គការសហប្រជាជាតិ ហើយ​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ក៏បាន​ធ្វើ​ការងារ​ច្រើន​ទៅលើ​ការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ចំណុច​សំខាន់​មួយទៀត គឺ​មិន​មាន​សង្គ្រាម ប្រដាប់​អាវុធ​ដែល​ជា​រឿង​សំខាន់ ដែល​យើង​បាន​ខិតខំ​ធ្វើ​។

​ដោយឡែក​លោក ឈឹម ផល​វរុណ ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​អ្នកជំនាញ​ខាង​រដ្ឋធម្មនុញ្ញ​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុវត្ត​បានល្អ ត្រឹមត្រូវ រហូតដល់​ចប់​បេសកកម្ម​របស់​អ៊ុនតាក់ (​អាជ្ញាធរ​បណ្ដោះអាសន្ន នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់ អ៊ុនតាក់ (UNTAC) នៅ​កម្ពុជា ហើយ​យើង​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ មាន​រដ្ឋាភិបាល មាន​រដ្ឋសភា មាន​ព្រះមហាក្សត្រ​។ ក្រៅ​ពី​នេះ គឺជា​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ ឯ​រឿង​ការអនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា​ ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង កម្ពុជា​បាន​អនុវត្ត ហើយ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ជា​ស្ថាពរ នៅ​ពេល​ដែល​កម្ពុ​ជា​មាន​រដ្ឋធម្មនុញ្ញ​។

​ចំពោះ​បញ្ហា​ដែល​សេសសល់ ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ UNTAC មិនបាន​ដោះស្រាយ ឬ​នាំ​សន្តិភាព​មក​ឲ្យ​កម្ពុជា​មួយ​រយ​ភាគរយ​ទេ ប៉ុន្តែ​ក្រោយពី​បញ្ចប់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​រដ្ឋធម្មនុញ្ញ​ហើយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ចការ ដែល​នៅ​សេសសល់​ពី​អ៊ុនតាក់ គឺ​យើង​សម្រេច​បាន​នូវ​សន្តិភាព​ភាគរយ​នៅ​ចុង​ឆ្នាំ​១៩៩៨ និង​ដើម​ឆ្នាំ​១៩៩៩ ហើយ​លទ្ធផល​ចុងក្រោយ យើង​បាន​ឲ្យ​ភាគី​ខ្មែរក្រហម ធ្វើ​សមាហរណកម្ម​ចូល​មក​ក្នុង​សហគមន៍​កម្ពុជា​។ នេះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​ដ៏​ល្អ​ជាង​អ្វី ដែល​នៅ​សេសសល់​ពី​កិច្ចព្រមព្រៀង ដែល​បន្សល់ទុក​ដោយ​អ៊ុនតាក់​។

​ចំពោះ​ការងារ​ផ្សេងទៀត ដូចជា​ការ​អភិវឌ្ឍ​ប្រទេស ដឹង​ការដឹកនាំ​ប្រទេស​នាំ​ឲ្យ​មាន​ការបោះឆ្នោត​ជា​ប្រក្រតី​រហូតមកដល់​បច្ចុប្បន្ន គឺ​កម្ពុជា​បាន​ធ្វើ​ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ឯករាជ្យ អធិបតេយ្យ ដោយ​ផ្អែក​ទៅលើ​រដ្ឋធម្មនុញ្ញ រហូតដល់​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ និង​អន្តរជាតិ ហើយក៏​បានធ្វើឲ្យ​កម្ពុជា​បាន​ក្លាយជា​ដៃគូ និង​ជា​សមាជិក​នៃ​អង្គការ​ពិភពលោក ព្រោះ​ទាំង​អង្គការ​តំបន់​ជាច្រើន​នានា​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញថា បន្ត​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវបាន​បញ្ចប់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្តការងារ​រប​ស់​ខ្លួន​អភិវឌ្ឍ​ប្រទេស​រហូត​មក​ដល់​ពេល​នេះ​។

​រីឯ​ការរិះគន់​ពី​បុគ្គល​មួយ​ចំនួន​នោះ លោក ឈឹម ផល​វរុណ អះអាង​ថា អ្នក​ដែល​រិះគន់ ដោយ​ឲ្យ​តម្លៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយសារតែ​អ្នក​ទាំងនោះ មិនមែន​ស្រលាញ់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ទេ គឺ​អ្នក​ទាំងនោះ​ចង់​យក​បរិបទ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ តែ​សម្រាប់​ប្រទេសជាតិ​មួយ ដែល​មាន​ឯករាជ្យ​មាន​អធិបតេយ្យភាព ដែល​បាន​បញ្ចប់​សង្គ្រាម និង​មាន​សុខសន្តិភាព មិនមែន​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ទៀត​ទេ គឺ​ស្ថិត​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ ហើយ​អ្នក​ដែល​មិន​យក​តម្លៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទេសជាតិ​ខ្លួន គឺជា​អ្នក​ជាន់​ឈ្លី​តម្លៃ​ជាតិ​ខ្លួនឯង​។ ចំពោះ​អ្នក​ដែល​ឲ្យ​តម្លៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លើស​រដ្ឋធម្មនុញ្ញ​នោះ គឺ​ដោយសារ​អ្នក​ទាំងអស់នោះ ចង់​ប្រើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បើកដៃ​ឲ្យ​បរទេស​លុកលុយ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​តទៅ​ទៀត ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​ការ​បើកដៃ​ឲ្យ​បរទេស ក្រោម​រូបភាព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ កម្ពុជា បាន​កំណត់​ហើយ គឺ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ អព្យាក្រឹត្យ អចិន្ត្រៃយ៍ ដូច្នេះ​មិន​អាច​បរទេស​ណា​មក​លូកលាន់​បានទេ ប៉ុន្តែ​កម្ពុជា និង​ដៃគូ​បរទេស មាន​កិច្ច​សហប្រតិបត្តិការ​គ្រប់គ្នា​ទៅវិញទៅមក ដើម្បី​អភិវឌ្ឍ​ប្រទេស​ក៏ដូចជា​ធានា​នូវ​សន្តិភាព​។​

​អ្នកនាំពាក្យ​រូប​នោះ​បាន​ពន្យល់​ដែរ​ថា ពាក្យ​ប្រជាធិបតេយ្យ ដែល​ប្រើ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ពុំបាន​កំណត់​ថា ឲ្យ​យក​ប្រជាធិបតេយ្យ​បែប​សហរដ្ឋអាមេរិក បែប​អាល្លឺម៉ង់ បែប​បារាំង ឬ​បែប​អង់គ្លេស​នោះ​ទេ គឺជា​ប្រជាធិបតេយ្យ​មួយ ដែល​កម្ពុជា​អាច​ដោះស្រាយ​ជម្លោះ​ដោយ​ខ្លួនឯង នេះ​គឺជា​ប្រជាធិបតេយ្យ នៅ​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ ហេតុ​នេះ​ហើយ ​បានជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​មាន​ប្រទេស​មហាអំណាច​ទាំង​៥ និង​បណ្តា​ប្រទេស​ប្រទេស​លោក​ខាង​លិច​បាន​ចុះហត្ថលេខា​នោះ ក៏​ពុំបាន​គូសវាស​ថា​ឲ្យ​កម្ពុជា ត្រូវតែ​យក​ប្រជាធិបតេយ្យ បែប​អាមេរិក ឬ​បែប​ប្រទេស​ណាមួយ​នោះ​ទេ​។ ហេតុ​នេះ​ហើយ​បានជា​យើង​ទាំង​អស់​គ្នា​មើល​ឃើញ​ថា កម្ពុជា​បាន​អនុវត្ត​នៅ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​មួយ ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​កម្ពុជា មិន​មែន​ជា​ការ​ចំលង​តាម​បែប​ប្រទេស​ណាមួយ​នោះ​ទេ ហើយ​ដូច​យើង​បាន​ឃើញ​ហើយ ដោយសារតែ​យើង​អនុវត្ត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហ្នឹងហើយ បាន​ជា​មាន​ការយល់​ខុសគ្នា​។

​បើតាម​លោក ឈឹម ផល​វរុន យើង​មិន​ចង្អៀតចង្អល់​ចំពោះ​ការយល់ឃើញ​ខុសគ្នា​នោះទេ ហើយ​អ្នក​ ដែល​មាន​និន្នាការ​ជ្រុលនិយម តែងតែ​ចង់បាន​ប្រជាធិបតេយ្យ​បែប​រដ្ឋ​អាមេរិក ឬ​បែប​លោកខាងលិច​ជាដើម ដោយ​មិនបាន​គិត​ថា ប្រជាធិបតេយ្យ​ណា ដែល​កម្ពុជា​កំពុងតែ​ធ្វើ​នោះ​ទេ​។ ករណី​នេះ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ មិន​អាច​យក​ប្រជាធិបតេយ្យ ឬ​ស្ដាប់បង្គាប់​ប្រទេស​ណាមួយ យក​មក​ធ្វើជា​គ្រូ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បានទេ ហើយ​ការដែល អ្នក​ចង់​ឲ្យ​យក​ប្រជាធិបតេយ្យ​បែប​សហរដ្ឋអាមេរិក ឬ​បែប​លោក​ខាង​លិច គឺជា​ការ​បញ្ចេញ​មតិរ​បស់​ពួកគេ​។

​ចូលរួម​មាន​យោបល់​លើ​បញ្ហា​នេះដែរ លោក សុខ ឥសាន បាន​អះអាងថា ដោយសារតែ​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះហើយ ទើប​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​ន៏​មកដល់​សព្វថ្ងៃ​។ បើតាម​លោក សុខ ឥសាន ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​បារី​សត្រូវ​បានធ្វើ​ជាប្រចាំ តាមរយៈ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ចក្រ​កម្ពុជា មិនមែន​អនុវត្ត​តែ​នៅ​ថ្ងៃ​២៣​តុលា​ទេ ហើយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ ខែ​តុលា មិន​អនុញ្ញាត​ឲ្យ​ប្រឆាំង​ប្រទេស​ណា​ទេ ត្រូវ​រួមគ្នា ប្រទេស​ហត្ថលេខី​ជួយ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​។ ដូច្នេះ​ការចង់​ធ្វើបាតុកម្ម​ប្រឆាំង​ចិន ក្នុង​ខួប​លើក​ទី​២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង គឺជា​ការប្រឆាំង​កិច្ចព្រមព្រៀង ហើយ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ចិន គឺជា​សកម្មភាព​បម្រើ​នយោបាយ​ទុច្ចរិត​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។

​បើ​តាម​លោក សុខ ឥសាន គោលបំណង នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា គឺ​ស្វែងរក​សន្តិភាព ការស្រុះស្រួល​ជាតិ​ឲ្យ​កម្ពុជា ហើយ​ខ្លឹម​សារ​សំខាន់ៗ​មាន​ដូចជា ដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា​ដោយមាន​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​, យក​ជនភៀសខ្លួន​ចូលមកក្នុង​ប្រទេស​វិញ​, រៀបចំ​ការបោះឆ្នោត​ដោយ​អ៊ុន​តាក់​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​សម្រាប់​កម្ពុជា​, ការធានា​ជា​អន្តរជាតិ​លើ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ និ​ង​ភា​ព​មិនអាច​បំបែក​បាន​របស់​កម្ពុជា​, ការ​ស្តារ និង​កសាង​ឡើងវិញ​នៅ​កម្ពុជា ដោយមាន​ការសន្យា​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​ហត្ថលេខី​ទាំង​១៨ និង អសប​។

​លោក សុខ ឥសាន បញ្ជាក់ថា ខ្លឹមសារ​សំខាន់ៗ ​ត្រូវ​បាន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​នេះដែរ​រួមមាន អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, បើកទូលាយ​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​ជន​ពលរដ្ឋ​, អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី​, រៀបចំ​ស្ថាប័ន​របស់​រដ្ឋ​មាន​តុល្យភាព​អំណាច​, អនុវត្ត​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ដោយ​ឆន្ទៈ​ប្រជាជន​, ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ មិន​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ក្នុង​កម្ពុជា និង​ក៏​គ្មាន​កង​យោធា​កម្ពុជា​ បោះទីតាំង​នៅក្រៅ​ប្រទេស​ដែរ លើកលែងតែ​ក្រោម​ឆត្រ អសប​, គោរព​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស សិទ្ធិ​កុមារ​។ លោក សុខ ឥសាន លើកឡើង​ដែរ​ថា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​៩៣ សន្តិភាព​មិនទាន់​មាន​ដោយសារ​ភាគី​ខ្មែរក្រហម​ធ្វើ​ពហិកា តែដោយសារ​នយោបាយ​ឈ្នះ ឈ្នះ ទើបបាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម