Connect with us

ព័ត៌មានជាតិ

​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ បាន​ប្រកាស​ជា​ផ្លូវការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្ពន្ធភាព​អ្នកប្រជាធិបតេយ្យខ្មែរ ដែលរួមគ្នាបង្កើត​ដោយ​គណបក្សចំនួន៣ បានប្រកាសជាផ្លូវការហើយ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ដោយមានការចូលរួមពីអ្នក សារព័ត៌មាន សមាជិក សមាជិកា និងតំណាងគណបក្សផ្សេងៗ ប្រ​មាណ ១០០នាក់ ក្រោមអធិបតីភាពលោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុក​ឃ្មុំសង្គមប្រ​ជាធិប​តេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក កែម រិទ្ធសិត ប្រធានគណបក្ស​ខ្មែរតែ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឹក ប៊ុនឆៃ បានលើកឡើងថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​នេះ គ្រាន់​តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយក៏បើកឲ្យគណបក្សផ្សេងៗទៀត ចូលរួម​ដែរ ខណៈគោលបំណង នៃការបង្កើត​សម្ពន្ធភាព​អ្នក​ប្រ​ជា​ធិប​តេយ្យ​ គឺដើម្បីបំបាត់នូវការ​លាបពណ៌​ដាក់គ្នា ជាហេតុនាំឲ្យមានការបែកបាក់ និង​ដើម្បីបំបាត់​វប្បធម៌​មាន​ឯងអត់អញ់ មានអញ់អត់ឯងផងដែរ។ 

ចំណែក​លោក ម៉ម សូណង់ដូ បានថ្លែងថា គោលបំណង នៃការបង្កើត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យខ្មែរ​នេះ គឺដើម្បី​បណ្ដុះ​គំនិត​ជាតិ​និយម​គំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និង​គ្មាន​វប្បធម៌ក្តិចត្រួយ ហើយគណបក្សទាំងបី នឹងធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា “សម្ពន្ធភាព​អ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOC​RATS ( A.K.D)” ត្រូវបានរួមគ្នាបង្កើតឡើងដោយគណបក្សចំនួន៣ គឺទី១, គណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ទី២, គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន និងទី៣, គណបក្សខ្មែរតែមួយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធាន៕

អត្ថបទ ៖ កោះកែវ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម