ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី ៖ យុទ្ធនាការភ្នំពេញស្អាតលើកទឹកចិត្តបំផុសស្មារតីសិស្សានុសិស្សឱ្យចេះស្រឡាញ់បរិស្ថាន
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភានិងជាសហស្ថាបនិកគម្រោងស្អាត បានមានប្រសាសន៍ថា គម្រោងភ្នំពេញស្អាតមានសារៈសំខាន់ក្នុងការចូលរួមលើកទឹកចិត្តបំផុសស្មារតីសិស្សានុសិស្ស ការផ្តួចផ្តើមគំនិតច្នៃប្រឌិត ភាពជាម្ចាស់ការ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ សំដៅលើកកម្ពស់សោភណ្ឌភាពទីក្រុង ទីសាធារណៈ ស្ថាប័នអប់រំ និងផ្ទះសម្បែង។
ថ្លែងក្នុងពិធីបិទយុទ្ធនាការគម្រោងស្អាតឆ្នាំ២០២០ នៅថ្ងៃទី២៨ វិច្ឆិកា នៅក្រសួងបរិស្ថាន លោក ហ៊ុន ម៉ានីបានបន្តថា «យុទ្ធនាការនេះជាការចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក៏ដូចជាជំរុញការយល់ដឹងពីការទុកដាក់សំរាមនិងកាកសំណល់ឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈសាលារៀននិងងផ្ទះសម្បែង»។
យុទ្ធនាការភ្នំពេញស្អាតដែលជាផ្នែកមួយនៃ“គម្រោងស្អាត”សម្រាប់ឆ្នាំ២០២០នេះ បានបិទបញ្ចប់ដោយរលូន និងទទួលបានជោគជ័យជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈ បន្ទាប់ពីបានដំណើរការពេញមួយខែវិច្ឆិកា ដែលត្រូវបានប្រសិទ្ធនាមថាជា«ខែស្អាត »។
លោកស្រី ជា ផល្លា សហស្ថាបនិកនៃគម្រោងស្អាត បានមានប្រសាសន៍ឲ្យដឹងថា ឆ្នាំ២០២០ ជាឆ្នាំទី៤នៃយុទ្ធនាការភ្នំពេញស្អាត។ យុទ្ធនាការនេះ បានសម្រេចបាននូវសកម្មភាពមួយ ចំនួនគួរជាទីមោទនៈដើម្បីចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយបញ្ហានូវចំណេះដឹងផ្នែកបរិស្ថាន លើបញ្ហានៃការទុកដាក់សំរាមផ្សារភ្ជាប់ទៅនឹងការប្រកាន់ខ្ជាប់ក្បួនអនាម័យស្អាតក្នុងបរិបទកូវីដ១៩ ក្រោមទិសស្លោក «ស្អាតជាទម្លាប់ថ្មី» ។
លោកស្រី ជា ផល្លា បានបានលើកឡើងថា យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត ទទួលបាននូវសំឡេងគាំទ្រ និង ការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ហើយការគាំទ្រយ៉ាងផុសផុលនេះជាសក្ខីកម្មសបញ្ជាក់ឲ្យឃើញយ៉ាងប្រាកដពីស្មារតីនៃការទទួលខុសត្រូវ ការស្រឡាញ់ ការចូលរួមសម្អាត ការថែរក្សា បរិស្ថានក្នុងបុព្វហេតុដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង អនាម័យ និងសុខភាពសាធារណៈ ដែលជាក្តី សង្ឃឹមយ៉ាងមុតមាំក្នុងការឈានទៅរក កម្ពុជាគ្មានសំរាមរាយប៉ាយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ពាក្យស្លោក«ស្អាតជាទម្លាប់ថ្មី»នៃយុទ្ធនាការស្អាតឆ្នាំ២០២០នេះ បានចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសុខភាពពិភពលោកក្នុងការបង្ការនិងការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និង ជាការដាស់តឿនឲ្យប្រជាពលរដ្ឋប្រយ័ត្នខ្លួនការពារការឆ្លងពីមេរោគនេះតាមរយៈការអនុវត្តទម្លាប់អនាម័យស្អាត ការរស់នៅស្អាតជាប្រចាំនិង បរិស្ថានស្អាត។
លោករដ្ឋលេខាបានបន្ថែមថា យុទ្ធនាការភ្នំពេញស្អាតក្នុងរយៈពេល៤ឆ្នាំជាប់គ្នានេះ បានចូលរួមចំណែកនៅក្នុងការបណ្តុះស្មារតី កស្រឡាញ់បរិស្ថាន ក៏ដូចជាពញ្ញាក់អារម្មណ៍ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ពិសេសយុវជន ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន។
សម្រាប់ឆ្នាំនេះក្រុមការងារបានរៀនចំគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» នៃយុទ្ធនាការ ភ្នំពេញស្អាត ឆ្នាំ២០២០ ដែលជាផែនការសកម្មភាពមួយរបស់គម្រោងស្អាត ត្រូវបានរៀបចំឡើងដោយមាន ការសហការជាមួយក្រសួងអប់រំយុវជននិងកីឡា គ្រឹះស្ថានអប់រំរដ្ឋនិងឯកជន។
ការប្រកួតប្រជែងនេះ ត្រូវបានអនុវត្តដោយយុវជនបង្គោលស្អាតដែលជាសិស្សានុសិស្សគំរូនិងឆ្នើមប្រមាណ ៨០រូប ជ្រើសចេញពីវិទ្យាល័យ ចំនួន១៦ នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាតនៅ តាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋ និងឯកជននានា។
មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការភ្នំពេញស្អាត ក៏មាននូវសកម្មភាពមួយចំនួនទៀតដូចជា ការបញ្ជ្រាបសារតាមរយៈការថតវីដេអូខ្លីៗនៅក្នុងបណ្តាញសង្គម ការធ្វើបទ សម្ភាសន៍នៅតាមបណ្តាស្ថានីយទូរទស្សន៍នានា ការថតវីដេអូ “មោទនភាពខ្ញុំស្អាត” ដោយមានការចូលរួមពី សិល្បករ សិល្បការិនី បុគ្គលល្បីៗ សិស្ស-និស្សិត ជាច្រើនរូប និងការថតខ្សែភាពយន្តភាគខ្លីៗ ព្រមទាំងការ បំផុសកិច្ចសហប្រតិបត្តិការនិងការចូលរួមពីស្ថាប័នរដ្ឋឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍ តាមរយៈការជំរុញការទទួលយកទស្សនាទាន “ស្អាត”។ល។
ជាលទ្ធផលជ័យលាភីស្អាតទាំងបី “ស្អាតឆ្នើម» «ស្អាតនិរន្តរភាព» និង «ស្អាតច្នៃប្រឌិត» បានទៅ សាលាស៊ីសុវត្ថិ សាលាប៊ែលធីអន្ដរជាតិ និងសាលាសុវណ្ណភូមិដែលរង្វាន់នេះបង្ហាញពីសមត្ថភាពភាពវាងវៃ ច្នៃប្រឌិត សាមគ្គីភាព ជាមួយនឹងឆន្ទៈ មនសិការរបស់លោកគ្រូ -អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ក្នុងការលើកកម្ពស់អនាម័យនិងសោភ័ណភាពបរិស្ថានជុំវិញសាលារបស់ខ្លួនឲ្យមានភាពស្រស់បំព្រងមានផាសុកភាពព្រមទាំងភាពជាគំរូមួយដ៏ល្អប្រសើរដល់បណ្តាសាលានានា ព្រមទាំងសាធារណជន ជាពិសេសគឺយុវជន ជំនាន់ក្រោយឱ្យយល់ដឹងពីបញ្ហាសំរាមឱ្យបានស៊ីជម្រៅបន្ថែមទៀត៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ចរាចរណ៍២២ ម៉ោង ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន