Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា មុននេះ​បន្តិច​ថា តាម​លទ្ធផល​ពី​ក្រសួងសុខាភិបាល គិត​មក​ត្រឹម​ម៉ោង​នេះ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌ រួម​និង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ​ក្នុង​វិស័យ​តុលាការ គឺ​ពុំមាន​នរណាម្នាក់ មាន​លទ្ធផល​វិជ្ជមាន​វីរុស Covid-19 នោះទេ​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌ រួម​និង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ​ក្នុង​វិស័យ​តុលាការ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល បាននឹងកំពុង​ដាក់ខ្លួន​អោយនៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ព្រមទាំង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​តាម គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ក្រសួងយុត្តិធម៌ កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ ក៏បាន​ណែនាំ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ ចូលរួម​ទប់ស្កាត់ កុំ​ឲ្យ​កូ​វីដ​១៩ រាលដាល​ក្នុង​សហគមន៍​ថែមទៀត ក្រោយ​ព្រឹត្តិការណ៍ “​សហគមន៍​២៨​វិច្ឆិកា​”​។ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​ធានា​ភាពម្ចាស់ការ​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់ និង​ការពារ​កុំឱ្យ​ជំងឺ​កូ​វីដ​-១៩ មាន​ការរីក​រាលដាល​ក្នុង​សហគមន៍​បន្ថែម​ថែមទៀត ទី​១, ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល សូម​ធ្វើ​ការងារ​ពី​ចម្ងាយ​ដោយ​ពុំ​ចាំបាច់ មកកាន់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។ ទន្ទឹមនឹងនេះ ក្រសួង​សូម​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ការ​ពាក់ព័ន្ធ ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល អញ្ជើញ​ទៅ​ពិនិត្យ និង​ដកយក​សំណាក ដើម្បី​ធ្វើតេស្ត​នៅតាម​ទីកន្លែង​ដែល​កំណត់ ដោយ​ក្រសួងសុខាភិបាល​។

​ទី​២, ដើម្បី​ធានា​និរន្ត​ភាព​ការងារ ចំពោះ​មន្ត្រី​ដែល​មិន​មាន​ការពាក់ព័ន្ធ សូម​មក​បំពេញការងារ​ប្រចាំថ្ងៃ​ជាធម្មតា ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុវត្ថិភាព ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​ពាក់​ម៉ាស់​, លាង​អាល់កុល​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ និង​ត្រូវ​រក្សា​គំលាត​សុវត្ថិភាព រួមទាំង វិធាន​អនាម័យ និង​សុវត្ថិភាព​លើ​គ្រប់​ឯកសារ​ផងដែរ​។ បន្ថែម​ពីនេះ ចំពោះ​អ្នក​ដែលមាន​ការពាក់ព័ន្ធ អាច​ប្រគល់​ការទទួលខុសត្រូវ​ជូន​អ្នក​ដែល​មិនមាន​ការពាក់ព័ន្ធ ដើម្បី​ធ្វើ​កិច្ចការ ចាំបាច់​មួយចំនួន​ជំនួស​។ ករណីនេះ អនុវត្ត​ដូចគ្នា​ផងដែរ​ចំពោះ អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ និង​អគ្គលេខាធិការដ្ឋាន​។

ទី​៣, ក្រុម​ជំនួយការ​នៅ​ខុទ្ទកាល័យ និង​ជំនួយ​ការដែល​មិនមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង នឹង​នៅ​បន្ត​មក​បំពេញការងារ ក៏ដូចជា​សម្របសម្រួល​ការងារ​ចាំបាច់ ចំពោះមុខ ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​។

ទី​៤, ក្រសួង​នឹង​បន្ត​តាមដាន​ជាប់​ជាប្រចាំ នូវ​ការវិវត្តន៍​នៃ​សភាពការណ៍ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំ​បាច់​បន្ទាន់​ណាមួយ នាពេលខាងមុខ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​អះអាងថា អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ “​សហគមន៍​២៨​វិច្ឆិកា​” កើន​ឡើ​ន​ដល់​១៤​នាក់​ហើយ​។ ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្តន៍​តាម​សារ​សំឡេង​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ឲ្យ​អ្នក​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ដែល​បន្តធ្វើ​នៅតាម​ទីតាំង ដែល​បាន​កំណត់ និង​តាម​ពេលវេលា គឺ​តេស្ត​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២៩ និង​បន្តធ្វើ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០, តេស្ត​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ និង​តេស្ត​លើក​ទី​៣ ធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម