ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​១ពាន់​គ្រួសារ ទទួល​អំណោយ​ពី​ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​១ពាន់​គ្រួសារ ទទួល​អំណោយ​ពី​ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​

Published

on

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១ ១៦០ ​គ្រួសារ បន្ថែម​ទៀត ក្នុង​នោះ​មកពី​ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​៨៣០​គ្រួសារ និង​មកពី​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឬស្សី នៃ​ខេត្ត​បាត់​ដំបង​៣៣០​គ្រួសារ ទទួល​បាន​អំណោយ​ពី​ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) កាលពី​ព្រឹក​ថ្ងៃទី​២៣​តុលា។

ក្នុងនោះ ដើម្បី​ជាការ​ចូលរួម​ចែករំលែក​ក្តី​អាណិត ​ស្រឡាញ់ និង​រួមសុខ​ រួម​ទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ត្រូវការ​ជំនួយ ជួយ​សម្រាល​ការ​លំបាក ស្រប​ពេល​ដែល​ពួកគាត់​ កំពុងតែ​លិចលង់ ដោយ​គ្រួសារ​នីមួយៗ ទទួល​បាន​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា​ផង​ដែរ​។​

​ថ្លែង​ក្នុងឱកាស​ជួប​សួរសុខទុក្ខ​ លោកស្រី បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ ​សម្ដេច​តេ​ជោ និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ និង​ចូលរួម​សោក​ស្ដាយ​នូវ​ការខូចខាត បាត់បង់ នូវ​ទ្រព្យសម្បត្តិ ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។

តែ​ទោះជា​យ៉ាងណា ​សម្ដេច​ទាំង​ទ្វេ នៅតែ​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់ពេលវេលា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ឲ្យ​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ​។

លោកស្រី​ បាន​ផ្ដាំផ្ញើ កុំ​ឲ្យ​ពួកគាត់​អស់សង្ឃឹម ត្រូវ​បន្ត​បង្កបង្កើនផល​ទៀត បន្ទាប់ពី​ទឹក​ស្រក និង​សូម​ឲ្យ​ពលរដ្ឋ​ទាំង​អស់ បង្កើន​ការប្រុងប្រយ័ត្ន រស់​នៅ​មាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បាន​ល្អ និង​ចៀសវាង​ជំងឺ​រាតត្បាត​នានា ដែល​បង្កឡើង​ដោយ​ទឹក។ បន្ថែម​ពី​នោះ ប្រុង​ប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក និង​សូម​ចូលរួម​បន្ត​ទប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​សហគមន៍ ដោយ​អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​។​

​ជាមួយគ្នា​នោះ ​លោកស្រី​ បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ​រួមមាន កងទ័ព កងរាជ​អាវុធ​ហត្ថ ប៉ូលិស ប៉េអិម អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ រួម​នឹង​កម្លាំង​យុវជន អ្នកស្ម័គ្រចិត្ត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្ស​មួយ​នេះ និង​សូម​ថ្លែង​អំណរគុណ​ដល់​បណ្តា​សប្បុរសជន ទាំង​ក្នុង​ និង​ក្រៅប្រទេស តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព និង​សមាគម TYDA នូវ​សម្ភារៈ​ប្រើប្រាស់ ស្បៀងអាហារ សម្រាប់​ជូន​ដល់​ជនរងគ្រោះ​។​

​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ម្ចាស់​អំណោយ ដែល​ជួយ​សម្រាល​ជីវភាព​ពួកគាត់ ខណៈ​កំពុងតែ​មាន​ការ​លិចលង់ ពី​គ្រោះ​ទឹកជំនន់​នេះ​។​

​ចំណែក​ លោក ងួន រត​នះ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម TYDA ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត ក្នុង​ការ​នាំ​យក​អំណោយ​ទាំងនេះ ប្រគល់​ដល់​ដៃ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ការនឿយហត់ ទោះបី​ផ្លូវ​ធ្វើ​ដំណើរ​លំបាក​យ៉ាងណា ឲ្យ​តែ​បាន​រួមសុខ រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​គ្រា​មាន​គ្រោះអាសន្ន ​ទាន់​ពេល​វេលា​។​

​គួរ​បញ្ជក់​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ព្យុះ​ បាន​បក់​បោក​នាំ​យក​ទឹកភ្លៀង ពី​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បង្ក​ឲ្យ​មាន​ការ​ជន់​ស្ទើរតែ​ទូទាំង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​២​សប្ដាហ៍​មក​ហើយ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ និង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទ ៖ កោះ​កែវ​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម