Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប គ្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គ​លេខាធិការ​រង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ខែធ្នូ​នេះ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ ក្នុង​គោលបំណង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព នៃ​ការ​ធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដូចជា ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល តាម​ប្រព័ន្ធ​អន​ឡាញ (Online) ជាដើម​។

ដោយ​សង្កេត​ឃើញ​ថា មាន​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មួយចំនួន នៅ​មិនទាន់​យល់​ច្បាស់​អំពី​ការបោះឆ្នោត​សាកល្បង ដែល​គ្រោង​រៀបចំ​នៅ​ដើមឆ្នាំ​២០២១ នោះ គ​.​ជ​.​ប សូម​ជម្រាបជូន​សាធារណជន ទៅលើ​សំណួរ​ដែល​សួរ​ថា “​តើ​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១ នឹង​ប្រព្រឹត្តទៅ​យ៉ាងដូចម្ដេច​?”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ពន្យល់ថា គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ គ​.​ជ​.​ប រៀបចំឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដូចជាការប្រើប្រាស់​កម្មវិធី​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) – ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ​ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ ដូចខាងក្រោម​៖
កម្មវិធី​ទទួល​បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​
កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​
កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​
កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​។​

ចំណែក​សំណួរ​ដែល​សួរថា “​ក្នុងការ​បោះឆ្នោត​សាកល្បង​នេះ តើ​ប្រជាពលរដ្ឋ​ត្រូវ​បោះឆ្នោត​តាម​អន​ឡាញ (Online) ឬ​យ៉ាងណា​?”

លោក​អគ្គលេខាធិការ​រង​បញ្ជាក់​បន្ថែមថា ចំពោះ​ប្រជាពលរដ្ឋ គឺ​នៅតែ​ធ្វើការ​បោះឆ្នោត​ដោយ​ដៃ ដូច​ការបោះឆ្នោត​អាណត្តិ​មុនៗ​ដដែល មិនមែន​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) នោះទេ។

ម្យ៉ាងវិញទៀត ការបោះឆ្នោត​សាកល្បង​នេះ មិនត្រូវ​បានរៀបចំ​នៅ​ទូទាំងប្រទេស​ទេ ដោយ​ត្រូវធ្វើ​នៅតាម​ឃុំ សង្កាត់​គោលដៅ​មួយចំនួន​តាម​ការកំណត់​របស់ គ​.​ជ​.​ប តែប៉ុណ្ណោះ​។

“​ដោយសារ​ការបោះឆ្នោត​សាកល្បង​មាន​គោលដៅ​បែបនេះ តើ​ចាំបាច់​ត្រូវដាក់​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ផ្ដល់យោបល់​ដែរ ឬទេ​?”

លោក​អគ្គលេខាធិការ​រង បាន​មានប្រសាសន៍​ឆ្លើយតប​ទៅ​នឹង​សំណួរ​ខាងលើ​ថា ពិតជា​ចាំបាច់​ណាស់​! មុននឹង​ឈាន​ដល់​ការរៀបចំ​ការបោះឆ្នោត​សាកល្បង នៅ​ដើមឆ្នាំ​២០២១ គ​.​ជ​.​ប ត្រូវ​រៀបចំ​បទបញ្ជា និង​នីតិវិធី ហើយ​ត្រូវ​រៀបចំ​នូវ​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់ មុននឹង​អនុម័ត​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នេះ ពីព្រោះ គ​.​ជ​.​ប មិនមែន​ធ្វើការ​ដោយ​អត្តនោម័តិ​នោះ​ទេ ហើយ​ការបោះឆ្នោត​មួយ​ទទួលបាន​ជោគជ័យ ដោយសារ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​។

ប្រសិនបើ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១ ដំណើរ​ការល្អ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព កម្មវិធី​ទំនើបកម្ម​នៃ​ដំណើរការ​នេះ នឹង​យកទៅអនុវត្ត​សម្រាប់​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣៕
ដោយ ៖ កោះ កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម