Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​អង្គការ STEP IT Academy ព្រមទាំង​ក្រុមហ៊ុន The Idea នៅ​ថ្ងៃទី​៤​ធ្នូ​នេះ​បាន​រៀប​ចំ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-learning) នៅក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​២០២០ (CEF 2020) ជា​លើកដំបូង​ក្រោម​ពាក្យស្លោក “​កសាង​អនាគត​ជាមួយ​ការសិក្សា​តាមរយៈ​អេឡិចត្រូនិក​” ក្នុង​គោលដៅ​លើកកម្ពស់​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​សម្រប​ខ្លួន​ទៅនឹង​បរិបទ​នៃ​យុគសម័យ​ឌីជីថល។

ថ្លែង​នៅក្នុង​វេទិកា​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នាឱកាស​នោះ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​ «​វេទិកា​នេះ​គឺជា​ឱកាស​មួយ សម្រាប់​យើងទាំងអស់គ្នា ក្នុងការ​ចែករំលែក​វិធីសាស្ត្រ និង​ការអនុវត្ត​ល្អៗ ក្នុងការ​បន្ត​នូវ​ការផ្តល់​ឱកាស​ទៅដល់​សិ​ស្សា​នុស្ស ដែល​គ្មាន​លទ្ធភាព ក្នុង​ការបន្ត​ការសិក្សា​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ឌីជីថល​ផ្សេងៗ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​0៣ ដល់​ថ្ងៃទី​0៤ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បានផ្តល់​វេទិកា​ជូន​ដល់​អ្នកជំនាញ​ជាច្រើនរូប រួមមាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ អ្នកជំនាញ អ្នក​ឈានមុខ​គេ​លើ​វិស័យ​បច្ចេកវិទ្យា​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ក្នុងការ​ធ្វើ​បទ​បង្ហាញ ផ្ដល់​មតិយោបល់ ការយល់ដឹង និង​ការណែនាំ ទាក់ទិន​ទៅនឹង​ការអប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

ជាងនេះទៅទៀត​នោះ វេទិកា​ក៏មាន​ការប្រកួតប្រជែង​ពានរង្វាន់​គ្រូបង្រៀន​ដែលមាន ភាព​ច្នៃប្រឌិត​ខ្ពស់ ប្រចាំឆ្នាំ ២០២០​ផងដែរ ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ជំរុញ​នូវ​ការអនុវត្ត​នៃ​ការបង្រៀន​របស់​ពួកគាត់ ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

ក្នុង​​នោះ​ជ័យលាភី​លេខ​១​បាន​ទៅលើ​លោក ថុល ចាន់ថន មកពី​វិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល​។ ជ័យលាភី​លេខ​២​បាន​ទៅលើ កញ្ញា គឹម មិថុនា មកពី​សាលា​ជំនាន់​ថ្មី វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ​និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​លោក ចៅ វណ្ណៈ មកពី​វិទ្យាល័យ កំរៀង ខេត្តបាត់ដំបង​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម