Connect with us

ព័ត៌មានជាតិ

និស្សិត​ពេទ្យ​ជាង​៧០​នាក់​ នឹង​ចេញទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង ​​ចុងខែ​នេះ​

បានផុស

នៅ

​និស្សិត​ជយលាភី​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិ​បាល​ចំនួន​ជាង​៧០​នាក់​ នឹង​ចេញទៅ​រៀន​បន្ត​នៅ​ប្រទេស​បារាំង​ ​ចុងខែ​តុលា ​ឆ្នាំ​២០២០​នេះ ​សម្រាប់​ការ​សិក្សា​រយៈពេល​មួយ​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ជយលាភី​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ទាំង​នោះ លោក​សាស្ត្រាចារ្យ​ សា​ផុន​វឌ្ឍនៈ ​សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិ​បាល​ បាន​មានប្រសាសន៍ថា​ សម្រាប់​ឆ្នាំ​២០២០​នេះ​ និស្សិត​ជយលាភី​អាហារូបករណ៍​ថ្នាក់​វេជ្ជ​បណ្ឌិត​ឯកទេស​ ដែល​នឹងត្រូវ​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​មាន​ចំនួន​៧២​នាក់​។ ក្នុងនោះ ​មាន​ស្ត្រី​ចំនួន​២៤​នាក់ ​និង​បុរស​ចំនួន​៤៨​នាក់ ​សិក្សា​រយៈពេល​មួយឆ្នាំ​ ចាប់ពី​ថ្ងៃទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​រហូតដល់​ថ្ងៃទី​០១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ចំនួន​១៩ ​ដោយ​បែងចែក​ឯកទេស​ចំនួន​២៣​។

លោក​សាស្ត្រាចារ្យ​ សា​ផុន​វឌ្ឍនៈ​ បន្ត​ថា ​ដោយមាន​ការ​គាំទ្រ​ពី​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​ សាកលវិទ្យាល័យ​ បា​ន​បញ្ជូន​និស្សិត​ចុះ​កម្មសិក្សា​តាម​មន្ទីរពេទ្យ​នៅ​ប្រទេស​បារាំង​ចំនួន​ពី​៣០​ ទៅ​៤០​នាក់ ​ក្នុង​មួយឆ្នាំៗ​។ ក្នុងនោះ ដោយ​ចាប់តាំងពី​ឆ្នាំ​១៩៩៦​ មកដល់​ឆ្នាំ​២០១៩​ មាន​និស្សិត​វេជ្ជសាស្ត្រ​របស់​សាកលវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​ និង​ឯកទេស​សរុប​ចំនួន​៨៣២​នាក់​ បាន​បន្ត​ការសិក្សា​ ឬ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង​។​

​ក្នុងឱកាស​នោះ​ លោក​សកលវិទ្យាធិការ ​បា​ន​ផ្ដាំផ្ញើ​ដល់​ប្អូន​និស្សិត​ទាំងអស់​ ត្រូវ​ខិតខំ​រៀន​សូត្រ​ និង​គោរព​វិន័យ​របស់​មន្ទីរពេទ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​ស្រូប​យក​ចំណេះដឹង​ឲ្យ​បាន​ច្រើន​ជាទីបំផុត​​ត្រឡប់​មក​បម្រើ​ជូន​ប្រទេសជាតិ​វិញ​។​

​ ​

លោក​សាស្ត្រាចារ្យ​ អេង​ ហួត ​រដ្ឋលេខាធិការ​តំណាង​ឲ្យ​ លោក​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មានប្រសាសន៍ថា ​អាហារូបករណ៍​នេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​និង​បង្កើត​នូវ​គុណភាព ​នៃ​ការអប់រំ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ ​ជាពិសេស​ពង្រឹង​នូវ​សមត្ថភាព ​និង​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ថែមទៀត​ ឈានទៅរក​ស្តង់ដារ​អន្តរជាតិ​ ដែល​ជា​ការ​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ ​និង​យុទ្ធសាស្ត្រ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​លោក​រដ្ឋលេខាធិការ ​បា​ន​កោតសរសើរ​ចំពោះ​និស្សិត​ជយលាភី​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ទាំងអស់​ ដែល​បាន​ខិតខំ ​ប្រឹងប្រែង​សិក្សា​ ស្រាវជ្រាវ ​តាម​ឯកទេស​រៀងៗ​ខ្លួន ​រហូត​ទទួល​បាន​នូវ​ការ​ជ្រើសរើស​ឲ្យ​ទៅ​ធ្វើការ​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​នា​ពេល​ឆាប់​ខាងមុខ​។​

លោក​រដ្ឋលេខាធិការ​ បា​ន​ណែនាំ​និស្សិត​ទាំងអស់ ​បន្ត​ខិតខំ​ ប្រឹងប្រែង​ រៀន​សូត្រ​ ឲ្យ​បាន​ជាប់​ជា​ស្ថាពរ ​ទទួលយក​នូវ​ចំណេះដឹង ​និង​បទពិសោធន៍​ថ្មីៗ ​ទាក់ទិន​នឹង​ឯកទេស​របស់​ខ្លួន​ពី​ លោក​ លោក​ស្រី​សាស្ត្រាចារ្យ​ និង​សហ​ភាត​រៈ​នៅ​ប្រទេស​បារាំង​ ហើយ​ពាំ​នាំ​យក​នូវ​ចំណេះដឹង ​និង​ចំ​ណេះ​ធ្វើ​ទាំងនោះ​ត្រឡប់មក​កម្ពុជា​វិញ​ ដើម្បី​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​នៅ​មាតុ​ប្រទេស​យើង​វិញ​។​

ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ អេង ហួត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ ដែល​បាន​កំពុង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ ជាពិសេស​គឺ​ការ​បណ្ដុះបណ្ដាល​នៅ​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​

គួរ​បញ្ជាក់​ថា ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ជយលាភី​អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ទាំងនោះ ​ក៏មាន​ការចូលរួម​ពី​ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​បារាំង​ ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម