Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ជំរុញ​មន្ទីរ​ចំណុះ​ខេត្ត​ស្វាយរៀង ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​ ក្នុង​ការ​ជួយ​​ពល​រដ្ឋ ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជំរុញ​ឲ្យ​មន្ទីរ​ចំនួន​៤ ​គឺ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន , មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ,មន្ទីរ​អភិវឌ្ឍន៍​ជនបទ ,​និង​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុ​និយម​ ចំណុះ​ខេត្ត​ស្វាយរៀង ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ពេល​ទឹកបាន​ស្រក​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់ ១១​អង្គភាព ដែល​ជា​កម្លាំង​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ។ ក្នុងនោះ ​ប្រជាពលរដ្ឋ​ចំនួន​៥២​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ស្វាយរៀង នា​រសៀល ថ្ងៃ​ចន្ទ ១០​កើត ខែកត្តិក ឆ្នាំ​ជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២០។​

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង ​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូន​ដល់​អង្គ​ពិធី​ នូវ​ក្តី​នឹករលឹក និង​ការ​គិតគូរ ​យកចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាធំ។ ជាពិសេស សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចុះ​ជួប​បន្ទាន់​ និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ខណៈ​​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល ​ពុំបាន​ទុក​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ និង​ពុំបាន​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ។ នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​តំបន់​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​ជួយ​ដោះ​ស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ រួម​ជា​មួយ​គោល​នយោ​បាយ​គាំពារ​សង្គម ដើម្បី​ជួយ​ដល់​កម្មករ កម្មការិនី ជាដើម ។​ល​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សុខភាព និង​សុវត្ថិភាព គឺ ៖​

ទី​១. សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ក្រុម​គ្រួសារ​ដែល​មាន​កូន​តូចៗ និង​ចាស់ជរា ត្រូវ​យកចិត្ត​ទុក​ដាក់​ មើលថែទាំ​ឲ្យ​បាន​ល្អ និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​ទី​២. សូម​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​នាពេល​ទឹក​ឡើង និង​ពេល​ទឹក​ស្រក​ទៅវិញ ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ទី​៣. សូម​គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ ការពារ​នូវ​ជំងឺ​កូ​វី​ដ-១៩ ធ្វើ​យ៉ាង​ណា​គ្រប់​ក្រុម​គ្រួសារ​ ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​រាករូស ឬ​ជំងឺ​រាតត្បាត​នានា​។​

​ទី​៤. នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ សូម​សម្អាត​ផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​ទាំង​៤​រួមមាន ៖ មន្ទីរ​សាធារ​ណ​ការ ​និង​ដឹកជញ្ជូន ,មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ , មន្ទីរ​អភិវឌ្ឍន៍​ជនបទ , មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​ ​ជំរុញ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ផ្តល់​គ្រាប់​ពូជ និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ពេល​ដែល​ទឹកបាន​ស្រក​ទៅវិញ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុ​រស​ជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹក​ជំនន់​នា​ពេលនេះ។ បន្ថែមពីនេះ ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ​ផ្ទាល់ ​និង​ថ្លែង​អំណរ​គុណ​ដល់​អភិបាល​ខេត្ត​រាជធានី​ភ្នំពេញ កម្លាំង​ប្រដាប់​អាវុធ ប្រជា​ការពារ​ភូមិ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​រួមដៃគ្នា​សស្រាក់សស្រាំ​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​។​

​អំណោយ​សម្រាប់​៥២​គ្រួសារ​ ដែល​ទទួល​បាន​នាពេលនេះ រួមមាន មួយ​គ្រួសារ ទទួល​បាន​អង្ករ ក្រណាត់​កៅស៊ូ​តង់ ធុង​ទឹក​ជ័រ មី ត្រីខ​កំប៉ុង ទឹកស៊ីអ៊ីវ កន្ទេល​បត់ ឃី​ត និង​ថវិកា​៥​ម៉ឺន​រៀល។ ចំណែក​ឯ​អង្គភាព​ទាំង​១១ ទទួល​បាន មី អង្ករ ទឹកដោះគោ និង​ទឹក​សុទ្ធ​ផង​ដែរ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម