លោក​ជំទាវ​អគ្គលេខាធិការ​រង​កាក​បាទ​ក្រហម​កម្ពុជា​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​កុមារ​៣​នាក់​ស្លាប់​ដោយ​ផ្ទុះ​គ្រាប់​កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ​

ថ្ងៃ អង្គារ ទី04 កុម្ភៈ ឆ្នាំ2014 ម៉ោង14:48   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ:

rith-04-02-14-g

កំពង់ឆ្នាំង​ ៖ ​ក្រុម​គ្រួសារ​ដែល​មាន​កូន​ស្លាប់​ចំនួន​៣​នាក់​ដោយ​សារ​ផ្ទុះ​គ្រាប់​កាំភ្លើង​ត្បាល់​ធុន​៦០​មីលី​ម៉ែត្រ​បាន​ទទួល​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤​ដែល​លោក​ស្រី ​ម៉ែន ​នារី​សោ​ភ័ក្រ ​អគ្គ​លេខាធិការ​រង​កាកបាទក្រហមកម្ពុជា​អមដំណើរ​ដោយ លោក​ស្រី​ កែវ​ ច័ន្ទ​មុនី ​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ លោក​ អុល ​សំអុល ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ រួម​ជា​មួយ​សមាជិក​សមាជិកា​កាកបាទ​ក្រហម​ជា​ច្រើន​នាក់​បាន​យក​ទៅ​ផ្តល់​ជូន​ដល់​លំនៅ​ដ្ឋាន​ជន​រងគ្រោះ​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់​​លែង​ ខេត្ត​កំពង់​ឆ្នាំង​។​

មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​មាន​កូន​ស្លាប់​ដោយសារ​ផ្ទុះ​គ្រាប់កាំភ្លើង​ត្បាល់​បន្សល់​ពី​សម័យ​សង្គ្រាម​ លោក​ស្រី​អនុប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ពាំនាំ​នូវ​ការ​សាកសួរ​សុខ​ទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​ សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជា​និច្ច​ជា​កាល​លោកជំទាវ​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​មិន​ដែល​ភ្លេច​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ម្តង​ណា​នោះ​ទេ​ និង​ដោយ​ពុំ​បាន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​ លោក​ស្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​កំពង់​លែង​ថា​ ​តំបន់​នេះ​ក៏​តំបន់​សមរភូមិ​ក្តៅ​ក្នុង​សង្គ្រាម​កន្លង​ទៅ​ដោយ​ហេតុ​នេះ​ហើយ​អាវុធ​យុទ្ធភណ្ឌ ​គ្រាប់​មីន​ និង​គ្រាប់​ពុំ​ទាន់​ផ្ទុះ​នៅ​បាន​បន្សល់​រាយប៉ាយ​ នៅ​គ្រប់​ទី​កន្លែង ​ដោយ​ហេតុ​នេះ​ហើយ​សូម​បងប្អូន​ទាំងអស់​ពិសេស​ក្មួយ​កុមារ​ប្រសិន​បើ​ប្រទះ​ឃើញ​គ្រាប់​អាវុធ​ទាំង​នោះ​សូម​ប្រញាប់​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​រាយការណ៍​បន្ត​ទៅ​ក្រុម​ស៊ី​ម៉ាក់​កំចាត់​មីន​អោយ​គេ​មក​ដោះ​ឬ​យក​ចេញ​ជា​បន្ទាន់​ កុំ​ទុក​យូរ​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​យើង​គ្រប់​នាទី ​ព្រោះ​ថា​គ្រាប់​មីន​និង​គ្រាប់​ពុំ​ទាន់​ផ្ទុះ​ទាំង​នោះ​ជា​ឃាតករ​លាក់​មុខ​ដែល​តែង​តែ​ចាំ​ឆក់​យក​អាយុជីវិត​ប្រជា​ពល​រដ្ឋ​ជា​រៀងរាល់​ថ្ងៃ​។ ​លោក​ជំទាវ​ក៏​បាន​ផ្តាំផ្ញើ​បន្ថែម​ថា​ ក្រៅ​ពី​នោះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនាម័យ​អោយ​បាន​ល្អ​ដោយ​រស់នៅ​ស្អាត ​ហូប​ស្អាត ​សម្រាន្ត​ក្នុង​មុង​ចៀសវាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ពី​ចំណី​អាហារ ​និង​ពី​សត្វ​មូស​។​

អំណោយ​ដែល​បាន​យក​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ក្មេង​ទាំង​៣​នាក់​ស្លាប់​ដោយ​សារ​យក​គ្រាប់​បន្សល់​ពី​សង្គ្រាម​មក​ដំ​លេង​បណ្តាល​អោយ​ផ្ទុះ​ស្លាប់​ទាំង​៣​នាក់ ​រួម​មាន​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គីឡូ​ក្រាម​ មី​៤​កេះ ​ត្រី​ខ​៤​យួរ ​ស្មើ​នឹង​៤០​កំប៉ុង ​មុង​៣ ​ភួយ​៣ ​ក្រមា​៣ ​សា​រ៉ុង​៣ ​និង​លុយ​១​លាន​រៀល​។​

សូម​រំលឹក​ថា ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣០​ ខែ​មករា ​ឆ្នាំ​២០១៤ ​នៅ​ចំណុច​

ត្រពាំង​ត្រដោក ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង​មាន​កុមារ​៣​នាក់​មាន​ទី១. ឈ្មោះ ​បឿន​ ចាន់​ដេ​ន​ ភេទ​ប្រុស ​អាយុ​១០​ឆ្នាំ ​រស់នៅ​ភូមិ​ពាម​ទន្លា​ ឃុំ​កំពង់​ហៅ ​ស្រុក​កំពង់​លែង​ ទី​២​. ឈ្មោះ ​នុត​ ធីតា ​ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​ និង​ទី៣. ​ឈ្មោះ​ នុត​វណ្ណា ​ភេទ​ប្រុស ​អាយុ​៨​ឆ្នាំ ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង​បាន​នាំ​គ្នា​ទៅ​ឃ្វាលគោ​ និង​បាន​រើស​គ្រាប់​កាំភ្លើង​ត្បាល់​៦០​មីលីម៉ែត្រ​មួយ​គ្រាប់​យក​ទៅ​ដំ​លេង​បណ្តាល​អោយ​ផ្ទុះ​ស្លាប់​២​នាក់​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់ទៀត​ស្លាប់​ពេល​ដឹក​ដល់​មណ្ឌល​សុខភាព​ស្រុក​កំពង់​លែង​៕​

ឈៀង​ ថា​រិ​ទ្ធ​

rith-04-02-14-gg