លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រៀប ធៀប​កូ​វីដ​-១៩ ដូចជា “​ចំបើង​ដែល​បំបាក់​ខ្នង​របស់​សត្វ​អូដ្ឋ​” – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រៀប ធៀប​កូ​វីដ​-១៩ ដូចជា “​ចំបើង​ដែល​បំបាក់​ខ្នង​របស់​សត្វ​អូដ្ឋ​”

Published

on

ការ​លើកឡើង​នៅក្នុង​សន្ទរកថា​គន្លឹះ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នេះ ខណៈ​លោក​អញ្ជើញ​ជា​អធិបតី​នៅក្នុង​សន្និសីទ​ជាន់ខ្ពស់​ស្តីពី “​អនាគត​ដែល​យើង​ចង់បាន តួនាទី​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​កូ​វីដ​-១៩” នា​ថ្ងៃទី​២៧ ខែតុលា​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើក​ឡើង​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នេះ យើងទាំងអស់​គ្នា​ចង់​បា​ន​សន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព សម្រាប់​ចៅៗ​របស់​យើង​។ តែ​ជា​អកុសល យើង​មិនបាន​កំពុង​រស់នៅក្នុង​ស្ថានភាព​ធម្មតា​នោះ​ទេ សម្រាប់​អ្វី​ដែល​កើតឡើង​សព្វថ្ងៃ​នេះ។ ដូចដែល​ពិភពលោក​បាន​ប្រារព្ធ​នូវ​ខួប​លើក​ទី​៧៥ នៃ​អង្គការសហប្រជាជាតិ ដែល​មាន​កត្តា​រួមផ្សំ​ជាច្រើន​បាន​រួម​គ្នា​ដើម្បី​សាកល្បង “​គោលបំណង​” នៃ​ស្ថាប័ន​ពហុភាគី​សកល​មួយ​នេះ​។

លោក​បន្ត​ថា ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ប្រហែល​ដូចជា​ពាក្យចាស់​ថា “​ចំបើង​ដែល​បំបាក់​ខ្នង​របស់​សត្វ​អូដ្ឋ​”​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាង​ថា បើ​និយាយ​ទៅ ដូចជា​ទុទ្ទិដ្ឋិនិយម​បន្តិច ប៉ុន្តែ​ការពិត គឺ​នៅត្រង់​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ធម្ម​តា នៅពេល​ប្រព័ន្ធ​ពហុភាគី​និយម​កំពុង​ដំណើរការ​ល្អ​បំផុត​នោះ ពិភពលោក​នឹង​មាន​សាមគ្គីភាព ឆន្ទៈ និង​ធនធាន​រួមគ្នា ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ប្រព័ន្ធ​សុខាភិបាល​មួយ​នេះ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ទេ ហើយ​យើង​ទាំងអស់គ្នា​ក៏បាន​ដឹង​រឿង​នេះ​ដែរ​។ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្វិតស្វាញ ដែល​មាន​រូបភាព​ជា​សង្គ្រាម​ត្រជាក់​បែប​ថ្មី បាន​កំពុង​បន្ទច់បង្អាក់​កិច្ចប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា និង​បាន​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភព លោក​ធ្លាក់​ដុនដាប​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

លោក​រដ្ឋមន្ត្រី​អះអាង​ថា នៅពេល​បច្ចុប្បន្ន​នេះ សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ក្នុងអំឡុងពេល​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​- ១៩ លោក​មិន​មានជំនឿ​ថា យើង​អាច​បោះបង់ចោល​កេរ្តិ៍ដំណែល​នៃ​ពហុភាគី​និយម​នេះ​បានទេ​។ នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការ​បន្ត​គាំទ្រ​កេរ្តិ៍ដំណែល​នេះ ដោយ​បង្ហាញ​នូវ “​សាមគ្គីភាព​” និង “​កិច្ច​សហប្រតិបត្តិការ​” បន្ថែម​។ ដូចគ្នា​នឹង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ យើង​មិន​អាចធ្វើ​មិនដឹងមិនលឺរ​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួនទៀត ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​បាតុភូតធម្មជាតិ​បានឡើយ​។

យើងទាំងអស់គ្នា​បានឃើញ​ស្រាប់​ហើយពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​របស់​ភ្លៀង​ធ្លាក់​ក្នុង​ចំនួន​ច្រើន និង​បញ្ហា​ទឹកជំនន់ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺមាន​ពិត និង​មាន​គ្រោះថ្នាក់​ដូចជា​ជំងឺ​កូ​វីដ​-១៩ ដែរ​។ គ្មាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​។ មាន​ពហុភាគី​និយម​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ ទើប​យើង​អាច​សង្ឃឹម​យកឈ្នះ​នូវ​គ្រោះមហន្តរាយធម្មជាតិ​ទាំងនេះ​បាន។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀត​ថា តាម​ទស្សនៈ​របស់​លោក ការចូលរួម​ផ្នែក​ពហុភាគី​របស់ ASEM នឹង​នាំទៅរក​ដំណើរការ​នៃ​ការស្តារ​ឡើងវិញ​កាន់តែ​ឆាប់រហ័ស និង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​យើង​៕
ដោយ ៖ កោះ​កែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម