ក្រសួង​ស្ថាប័ន​ធំៗ​៣​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង ​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួង​ស្ថាប័ន​ធំៗ​៣​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង ​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម

Published

on

​ក្រសួង​ស្ថាប័ន​ធំៗ​ចំនួន​៣​ បាន​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​កា​រស​ម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​និង​ប្រឆាំង​ហិរញ្ញប្បទាន​ ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ ដើម្បី​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

​ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់ដឹង​ដល់​មន្ត្រី​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ការរៀបចំ​ច្បាប់​ទាំងពីរ​នេះ​គឺ ​ក្នុង​គោលដៅ​ប្រឆាំង​ការប្រព្រឹត្ត​បទល្មើស​សម្អាត​ប្រាក់ បទល្មើស​ហិរញ្ញប្បទាន​ភេរវកម្ម បទល្មើស​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដើម្បី​ការពារ​ផលប្រយោជន៍ និង​រក្សា​សន្តិសុខ​ជូន​ប្រជាជន ហើយក៏​ប្រើ​ជា​មូលដ្ឋាន​គតិយុត្តិ​មួយ​ដ៏​រឹងមាំ ដែល​មាន​ការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​ពិភពលោក ស្របតាម​សភាពការណ៍​វិ​វត្ត​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​សេចក្តីប្រកាស​ដដែល​បាន​បន្ត​ថា​«​ច្បាប់​ទាំងពីរ​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​អាច​ធើ្វ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ​មាន​ភាពរឹ​ងមាំ ស្ថិរភាព និង​សុចរិត​ភាព ព្រមទាំង​ចូល​រួម​ចំណែក​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដោយសារ​ការទុកចិត្ត​របស់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​សាធារណជន​មក​លើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​មិន​មានការ​រឹត​បន្តឹង​លំហូរ​សាច់ប្រាក់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​នានា ដែល​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក​»​។

​គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​សិក្ខាសាលា​នោះ​មានការ​ចូលរួម​ពី​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ប៉ែន ពេជ្រ​សាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​និង​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌ និង​លោកស្រី សាយ សំអាត ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​និង​មាន​ភ្ញៀវកិត្តិយស និង​សមាជិក​ចូលរួម​មកពី​ក្រសួង​-​ស្ថាប័ន​ទាំង​បី​ខាងលើ និង​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២៣ ក្រសួង​-​ស្ថាប័ន និង​សរុប​ជាង ១០០​នាក់​៕​

ប៉ែន ពេជ្រ​សាលី
ងី ច័​ន្ទ្រ​ផល
ជា ចាន់តូ

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​​មន្ត្រី​ចុះ​ពិនិត្យ វាយ​តម្លៃ​ផល​ប៉ះពាល់ ក្រោយ​ទឹកជំនន់​ នៅ​ខេត្ត​បន្ទាយមានជ័យ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម