Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប ព្រមាន​គណបក្ស​មួយ បើ​នៅតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត នឹង​មាន​វិធានការ​តាមច្បាប់

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​ គ​.​ជ​.​ប បាន​ព្រមាន​ចំពោះ​តំណាង​គណបក្ស​នយោបាយ ដែល​បង្ក ឬ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណើរ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ជជែក​គ្នា​តឹង​សរសៃ​ក​មួយ រវាង​មន្ត្រី​ជាន់ខ្ពស់​គ​.​ជ​.​ប នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​តុលា ជាមួយ​តំណាង​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​បាន​លើក​ឡើង​ថា ការ​ជជែក​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ មានការ​តឹង​សរសៃ​ក ហើយ​តំណាង​គណបក្ស LDP បាន​លើក ឡើង​ពី​ការ​រឹតត្បិត​សិទ្ធិ​ក្នុង​ការ ចូលរួម​សង្កេតការណ៍​របស់​គាត់ ចំណែក​មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប ក៏បាន​លើកឡើង​អំពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​មិន​អាច​ប្រមូល​ទិន្នន័យ​លំអិត​របស់​ប្រជាពលរដ្ឋ ដែល​បង្ក​ទៅជា​រឿង​ចារកម្ម​បាត់​សុវត្ថិភាព​របស់​បុគ្គល​ជាដើម តើ​អាច​មាន​ការ​ដាក់​ពិន័យ​ដែរ​ឬ​ទេ ? លោក ហង្ស ពុទ្ធា បាន​អះអាង​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ដែល​អនុវត្ត​ច្បាប់ ធ្វើតាម​នីតិវិធី​នៃ​ការបោះឆ្នោត ដូច្នេះ​ការរារាំង ឬ​ការ​រំខាន​ណាមួយ​ដល់​ការិយាល័យ​បោះឆ្នោត​ជាបឋម គឺ​មាន​ការណែនាំ ហើយ​កន្លងមក​ក៏​មាន​ការណែនាំ អំពី​យន្តការ​សំខាន់ៗ​ដូចជា ការ​ជជែក​គ្នា​ជា​លក្ខណៈ​ប្រចាំ ដូចជា​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជាដើម ហើយ​ប្រសិនបើ​សម័យ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ មិន​ពេញចិត្ត ឬ​មិន​អស់ចិត្ត​នៅ​អ្វី​ដែល​បាន​លើក​ឡើង គឺ​អាច​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ តាមរយៈ​រដ្ឋបាល ដើម្បី​ឲ្យ គ​.​ជ​.​ប ឆ្លើយតប​វិញ ហើយ​បើ​មិន​អាច​ទទួល​យក​បាន​ទៀត​ គឺ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​អាច​ធ្វើជា​ពាក្យបណ្ដឹង​។ លោក​បន្ត​ថា មាន​ពេល​ខ្លះ​ខាង​ស្ថាប័ន​បាន​ចោទប្រកាន់​ខាង​នេះ​ខុស ឬ​ខាង​នោះ​ខុស តែ​ដើមចោទ​មិន​ប្រាកដ​ថា​ត្រូវ ហើយ​ចុងចោទ ក៏​មិន​ប្រាកដ​ថា​ខុស​ដែរ ដូច្នេះ​ខាង​ស្ថាប័ន​កុំ​ទាន់​អះអាង​ថា ខ្លួនឯង​ត្រូវ​។​

​បើ​តាម​លោក ហង្ស ពុទ្ធា “​គ​.​ជ​.​ប មិន​ធ្វើជា​ដើមបណ្ដឹង​ទេ ប៉ុន្តែ​បើ​ប្រសិន​បើ​មាន​ស្ថាប័ន​ណាមួយ​ប្តឹង គ​.​ជ​.​ប នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់ នេះ​ជា​ទិដ្ឋភាព​ទី​មួយ ហើយ​ទិដ្ឋភាព​ទី​ពីរ​ទៀត ដោយសារ​ស្ថាប័ន​ដែល​មក​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នេះ អាច​ថា​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ឬ​ក្រសួង​ណាមួយ គាត់​មាន​តម្កល់​លក្ខន្តិកៈ​របស់​ខ្លួន គាត់​មាន​ច្បាប់​ដោយឡែក​ដូចជា​ច្បាប់​គណបក្ស​នយោបាយ​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ថា​ភិបាល អញ្ចឹង​បើ​គាត់​ធ្វើ​សកម្មភាព​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​ដែនដី ក៏​មាន​តួនាទី​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ ហើយ​ករណី​ទី​៣ ក្រៅពី​អាជ្ញាធរ​ដែនដី គាត់​នៅ​មាន​ក្រសួង​សាមី ដែល​ចុះបញ្ជី​ឲ្យ​គណបក្ស ឬ​អង្គការ​សង្គម​ស៊ីវិល​របស់​គាត់ ដូច្នេះ​ស្ថាប័ន​នេះ ក៏​តាមដាន​មើល​ផង​ដែរ​”​។

​ប្រសិនបើ​គណបក្ស​នយោបាយ​នោះ​នៅតែ​បន្ត​រំខាន លោក​ហង្ស ពុទ្ធា បាន​អះអាង​ថា “​គ​.​ជ​.​ប នឹង​ធ្វើ​លិខិត​ព្រមាន ដល់​ស្ថាប័ន​នោះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត ឬ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ប្រសិនបើ​សកម្មភាព​នោះ​នៅតែ​បន្ត នឹង​ចាត់​វិធាន ការ​ទៅតាម​ច្បាប់​ជា​ធរមាន​។ នៅ​ក្នុង​មាត្រា​១៤២ គ​.​ជ​.​ប និង​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ដល់​ស្ថាប័ន ដល់​ដំណើរការ​ចុះឈ្មោះ និង​ការ​ទទួល ខុសត្រូវ​របស់ គ​.​ជ​.​ប ខ្លួនឯង ដូច្នេះ​ការ​បង្កើត​គោលការណ៍​ណាមួយ ដោយ​គណបក្ស ឬ​ដោយ​សមាគម​អង្គ​ការ​មិន មែន​រដ្ឋាភិបាល ដោយ​បង្ខំ​ឲ្យ គ​.​ជ​.​ប អនុវត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​គិត​ឃើញ គឺ​មិន​អាច​ទៅ​រួច​ទេ​”​។

​គួរ​រំលឹក​ថា ការ​លើក​ឡើង ឬ​ការព្រមាន​របស់​មន្ត្រី​ជាន់​ខ្ពស់ គ​.​ជ​.​ប នៅ​ពេល​នេះ​មិនបាន​បញ្ជាក់​ចំ​ឈ្មោះ​គណបក្ស​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រជុំ​កាល​ព្រឹក​ថ្ងៃទី​០៩ ខែ​តុលា អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ជជែក​គ្នា​តឹង​សរសៃ​ក​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប
​ទាក់ទង​ទៅ​នឹង​ការ​កត់ត្រា​ព័ត៌មាន​លំអិត​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដូចជា​ថ្ងៃខែ​ឆ្នាំ​កំណើត ព្រមទាំង​លេខ​ឯកសារ ដែល​បម្រើ​ឲ្យ​ការ​ចុះ​បោះឆ្នោត និង​ការ​ថត​យក​ឯក​សារ​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាពិសេស​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជាដើម ដែល​អះអាង​ថា ត្រូវ​បាន​អាជ្ញាធរ​បាន​ចេញ​ដោយ​រំលោភច្បាប់ ហើយ​បើ​ទោះ​បី​ជា​មានការ​ពន្យល់​ពី​មន្ត្រី​ជាន់​ខ្ពស់ គ​.​ជ​.​ប ក៏ដោយ តំណាង​គណបក្ស​រូប​នោះ​នៅតែ​បន្ត​ជជែក​តវ៉ា​នៅ​ក្នុង​អង្គប្រជុំ​ដដែល​។​

​ទាក់ទង​ទៅ​នឹង​ការ​ជជែក​តឹង​សរសៃ​ក​ នៅ​ក្នុង​អង្គប្រជុំ​នេះ លោកស្រី លឹម គឹម​លី អគ្គនាយិកា​របស់​អង្គការ​សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម​បាន​ថ្លែង​ថា បញ្ហា​ការ​ជជែក​គ្នា​នៅ​ក្នុង​វេទិកា​នេះ វា​មិន​ត្រូវ​យក​វេទិកា រំខាន​ដល់​ការ​ជជែក​ពិភាក្សា​គ្នា​នោះ​ទេ​។ ពីព្រោះ​គ​.​ជ​.​ប បាន​ពន្យល់​ក្បោះក្បាយ​ណាស់ ហើយ​គណបក្ស​នយោបាយ​មកដល់ពេលនេះ​មាន​វ័យ​ចំណាស់​ហើយ​គួរតែ​យល់​អំពី​ការងារ​របស់​គ​.​ជ​.​ប​។

​បើ​តាម​លោកស្រី លឹម គឹម​លី ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ពេល​នេះ គ​.​ជ​.​ប បានរៀបចំ​ត្រឹមត្រូវ​ហើយ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​រង់ចាំ​ចុះឈ្មោះ​បោះឆ្នោត ក៏​រៀបចំ​បានល្អ ដោយមាន​ពេលខ្លះ ពួកគាត់​រង់ចាំ​លើស​ម៉ោង​កំណត់​ទៀត​ផង​៕
អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម