ក្រសួងកំពុង​ពន្លឿន​ចេញ​បណ្ណ​ដល់​ជនពិការ​ទទួល​ការ​បញ្ចុះតម្លៃសិក្សា​ និង​ការ​ទំនិញនៅតាមទីផ្សារ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួងកំពុង​ពន្លឿន​ចេញ​បណ្ណ​ដល់​ជនពិការ​ទទួល​ការ​បញ្ចុះតម្លៃសិក្សា​ និង​ការ​ទំនិញនៅតាមទីផ្សារ

Published

on

ខេត្តបាត់ដំបង៖ ជនពិការគ្រប់រូបទូទាំងប្រទេសត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រៀមរៀបចំច្បាប់ដើម្បីអនុវត្តវិធានការចំពោះបុគ្គល ដែលប្រើពាក្យមិនសមរម្យជាការប្រមាថមើលងាយជនមានពិការភាពនិងបុគ្គលក្លែងបន្លំជាជនពិការ ក៏ត្រៀមទទួលទោសទណ្ឌផងដែរ។

ជាមួយ​គ្នា​នេះ ក្រសួង​កំពុង​ពន្លឿនលើ​ការផ្តល់ប័ណ្ណសម្គាល់ជនពិការដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃដូចជាតម្លៃការសិក្សា តម្លៃទំនិញនៅតាមទីផ្សារនានាជាដើម រួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានាសម្រាប់ជនមានពិការភាពថែមទៀតផង។

នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននឹងយុវនីតិសប្បទា លោក ឯម ច័ន្ទមករា ដែល​បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាមួយនៅក្នុងខេត្តបាត់ដំបងនាថ្ងៃទី៥ខែវិច្ឆកាឆ្នាំ២០២០នេះ។

អង្គសិក្ខាសាលាមួយ​នេះ ផ្តោតទៅលើការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩ និង ២០២៣ និងលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព។

លោកឯម ច័ន្ទមករា រដ្ឋលេខាធិការបានលើកឡើងទៀតថា កន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសាម៉ីត្រៀមបង្កើតសមាគមការពារសេចក្តីថ្លៃថ្នូរសម្រាប់បងប្អូនមានពិការភាព ពិសេសច្បាប់អនុវត្តវិធានការដាក់ទោសទណ្ឌចំពោះបុគ្គលណាដែលបានប្រមាថមើលងាយដល់ជនពិការឬបុគ្គលណាដែលមានចេតនាក្លែងបន្លំជាជនពិការក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗពីសាធារណ:ជននិងសង្គម។ ក្រសួងក៏បានសម្រេចពន្លឿនលើការផ្តល់ប័ណ្ណសម្គាល់ជនពិការដើម្បីមានការអនុគ្រោះបញ្ចុះតម្លៃដូចជាតម្លៃការសិក្សាតម្លៃទំនិញនៅតាមទីផ្សារនានាជាដើម រួមទាំងកិច្ចអន្តរាគមន៍ជាអាទិភាពលើការងារនានាសម្រាប់ជនមានពិការភាពថែមទៀតផង។

លោកយុន ឈុន្នី រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលើកឡើងផងដែរថា សារៈសំខាន់​សម្រាប់​ការ​បើកសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងការពារសិទ្ធិសេរីភាពផលប្រយោជន៍ទប់ស្កាត់ការកេងប្រវ័ញ្ចកាត់បន្ថយនិងលុបបំបាត់ការជិះជាន់ការរើសអើង ចំពោះជនមានពិការភាព និង​ធានាសិទ្ធិស្មើភាពគ្នារវាងជនមានពិការភាពនិងជនមិនមានពិការភាព ក៏ដូចជាការធានាសមភាពសម្រាប់ជនមានពិការភាពស្របតាមយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សៅ សារិទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម