កម្ពុជា​ គ្រោង​នឹង​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ ទៅ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

កម្ពុជា​ គ្រោង​នឹង​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ ទៅ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​

Published

on

កម្ពុជា ​គ្រោង​នឹង​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ទៅ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ដល់​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ និង​ស្នាក់នៅ​ប្រទេស​ថៃ​នាពេលខាងមុខ។

ក្នុងនោះ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ការ​គាំពារ​ផ្នែក​ផ្លូវច្បាប់​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដូច​ពលករ​ដទៃ​ទៀត​ដែរ​។​

​គម្រោង​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ទៅ​ថៃ​នេះ​ ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ​ បាន​ត្រៀម​សម្រប​សម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ខ្លួន ​ដើម្បី​ទទួល​មន្ត្រី​បច្ចេកទេស​ នៃ​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ។ ​បន្ថែម​ពី​នោះ ដើម្បី​ជួយ​បង្កើន​ល្បឿន​ក្នុង​ការ​ផ្ដល់​សុពលភាព​ឯកសារ​ និង​គ្រប់គ្រង​ទិន្នន័យ​ពលករ​ សម្រាប់​ទទួល​បាន​ការ​គាំពារ​ និង​អត្ថប្រយោជន៍​សន្តិសុខ​សង្គម​នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កាលពី​រាត្រី​ថ្ងៃទី​០៥​វិច្ឆិកា ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក ស៊ូ​រ៉ា​ឆៃ ឆៃ ត្រាក់​គុល​ថង អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក​បណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ចំពោះ​ការងារ​នេះ​ ភាគី​កម្ពុជា​ នឹង​ស្នើសុំ​គោល​ការណ៍​រដ្ឋាភិបាល​ ដើម្បី​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ នៃ​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ​រួមមាន​ ៖ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ​ និង​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​បន្ត​សុពលភាព​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​តាមរយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ និង​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ក្នុង​ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​។​

​លោក​បណ្ឌិត អ៊ិត សំហេង​ ដែល​​ជា​ប្រធាន​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​​កំពុងស្នាក់នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ផងដែរ​នោះ បាន​បន្ត​ថា ក្នុង​ជំនួប​នោះ​ ភាគី​ទាំង​ពីរបាន​ឯកភាព​គ្នា​បន្ត​កិច្ចសន្យាការងារ​រយៈពេល​ពីរ​ឆ្នាំ​ថែមទៀត​ចំពោះ​ពលករ​ដែល​បាន​បញ្ជូន​តាមរយៈ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា ​ហើយ​ត្រូវ​បញ្ចប់​កិច្ចសន្យាការងារ​រយៈពេល​៤​ឆ្នាំ​ ចាប់ពី​ថ្ងៃទី​០១​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​រហូតដល់​ការ​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ-​១៩ ​អាច​គ្រប់គ្រង​បាន​ ដោយ​ពុំ​ចាំបាច់​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។​ ប៉ុន្តែ​បន្ទាប់ពី​បញ្ចប់​កិច្ចសន្យាការងារ​បន្ត​រយៈពេល​ពីរ​ឆ្នាំ​ហើយ​ពលករ​ទាំងនោះ ​នឹងត្រូវ​ត្រឡប់មក​កម្ពុជា​វិញ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​បន្ត​កិច្ចសន្យា​ទៀត​ទេ​។​

​លោក​រដ្ឋមន្ត្រី ​បាន​បន្ថែម​ទៀត​ថា​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​បញ្ជូន​ និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​តាម​រដូវ​កាល​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។​ ជា​មួយ​នោះ ដោយ​ភាគី​ទាំងពីរ​រៀបចំ​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​របស់​ខ្លួន​ ដើម្បី​បើក​ច្រក​ព្រំដែន​សម្រាប់​បញ្ជូន ​និង​ទទួល​ពលករ​កម្ពុជា ​ហើយ​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល ​នៃ​ប្រទេស​ទាំងពីរ​។​

​លើសពីនេះ​ទៀត​ ភាគី​ទាំង​ពីរ បាន​ពិភាក្សាគ្នា​ទៅលើ​បច្ចេកទេស ​និង​នីតិវិធី ​នៃ​ការ​ជ្រើសរើស​ និង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តាមរយៈ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​ក្នុង​កំឡុង​ពេល​ការ​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩​ ​អនុលោម​តាម​វិធាន​សុខាភិបាល​ប្រទេស​ទាំងពីរ​ និង​បាន​សន្យា​រួមគ្នា​បង្ការ​ និង​ទប់ស្កាត់​ភាពមិនប្រក្រតី​ នៃ​ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​ និង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​ដែន​ទៅធ្វើ​ការខុសច្បាប់​ផងដែរ​។​

​សូម​រំលឹកថា​ កាលពី​ថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៧​ កន្លងទៅនេះ​ រាជរដ្ឋាភិបាល​កម្ពុជា ​បា​ន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ចំនួន​៣៦០​នាក់​ ចែកជា​៣​ក្រុម​ ទៅកាន់​ប្រទេស​ថៃ​ ដើម្បី​ចុះទៅ​ធ្វើលិខិត​បញ្ជាក់​អត្តសញ្ញាណ​ជូន​ដល់​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ ខណៈ​បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​កំពុង​ធ្វើការ​ និង​ស្នាក់​ប្រទេស​ថៃ​ប្រមាណ​ជាង​១​លាន​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម