លោក​ជា ចាន់តូ ណែនាំ​ដល់​ព្រះសង្ឃ​និង​ពលរដ្ឋ ​ត្រូវ​រួមគ្នា​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​បានល្អ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

លោក​ជា ចាន់តូ ណែនាំ​ដល់​ព្រះសង្ឃ​និង​ពលរដ្ឋ ​ត្រូវ​រួមគ្នា​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​បានល្អ

Published

on

ភ្នំពេញ ​៖ ​លោក​ជា​ ចាន់តូ បាន​ណែនាំ​ដល់​ព្រះ​ស​ង្ឃ​ និង ​ប្រជាពលរដ្ឋ ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ ក្នុងស្រុក​ស្ទោង​ ខេត្តកំពង់ធំ ​ត្រូវ​រួមគ្នា​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​បាន​ល្អ​ ដើម្បី​ការពារ​សមិទ្ធផល​ដែល​ជា​កេរ្តិ៍ដំណែល​បុរាណ​ និង ​រាល់​សមិទ្ធ​ផល​ ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ​ឲ្យ​គង់វង្ស​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ស្គាល់​និង​បានរស់នៅ​ប្រកបដោយ​ភាពសុខសាន្ត។

ការ​អំពាវនាវ​របស់​លោក ជា ចាន់តូ ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​នេះ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​និង​សហការី​ចុះ​សាកសួរ​សុខទុក្ខ​ព្រះ​ស​ង្ឃ​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ ដែល​ជា​ឃុំ​មួយ​ស្ថិតនៅ​កណ្ដាល​បឹង​ទន្លេសាប​ក្នុងស្រុក​ស្ទោង​។

លោក​ជា ចាន់តូ បាន​បន្ត​ទៀត​ថា ​«​គ្មានអ្វី​មានតម្លៃ​ជាង​សុខសន្តិភាព​នោះ​ទេ​។​ ដូចនេះ​បើសិន​យើង​ការពារ​សន្តិភាព​បាន​យើង​អាច​រក្សា​ការពារ​ទ្រព្យសម្បត្តិ​និង​រាល់​សមិទ្ធផល​ដែល​យើង​មានបាន​គង់វង្ស​និង​ឲ្យ​យើង​កាន់តែ​មានលទ្ធភាព​និង​មានឱកាស​បន្ត​កសាង​និង​អភិវឌ្ឍន៍​សមិទ្ធ​ថ្មីៗ​បន្ថែមទៀត​ក្នុងនោះ​រួមទាំង​វិស័យ​ពុទ្ធចក្រ​ផងដែរ​»​។

លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ​«​ជាក់ស្ដែង​ដូច​ព្រះវិហារ​ថ្មី​វត្ត​ពៅ​វ៉ើ​យ​ដ៏​ស្កឹមស្កៃ​ដែល​អណ្តែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ​ជា​សក្ខីភាព​ស្រាប់​។​តើ​យើង​បាន​នឹកស្មានថា ​តំបន់​ដាច់ស្រយាល​មួយ​នេះ ​ទទួល​បាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ទេ ​ទាំងនេះ​មិន​បាន​មក​ដោយសារ​គុណបុណ្យ​សន្តិភាព​និង​កា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ការចូលរួម​ពី​មហា​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទើប​យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​»​។

ជាមួយគ្នា​នេះ​ដែរ​ លោក ជា ចាន់តូ បាន​សំណូមពរ​ដល់​ព្រះសង្ឃ​សូម​បន្ត​យក​ព្រះទ័យ​និង​យកចិត្តទុកដាក់​ថែរក្សា​ព្រះ​សុខភាព​និង​សុខភាព​ឲ្យ​បាន​ល្អ​ព្រោះ​សុខភាព​មានតម្លៃ​ណាស់ ពិសេស​នៅ​កំឡុង​ពេល​ដែល​ជំងឺ​កូ​វីដ​១៩​មិនទាន់​រលាយ​ពី​ផែនដី​យើង​នៅឡើយ​នោះ​។ ​ដូចនេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ក្នុង​នោះ​រួមទាំង​ឥទ្ធិពល​នៃ​ជំនន់​ទឹក​ភ្ញៀវ​កន្លងទៅ​ថ្មីៗ​នេះ​ អាច​មាន​ជំងឺ​ផ្សេងៗ​ដែរ​ផង​។

នៅក្នុង​ឱកាស​នោះ​លោក ជា ចាន់តូ បាន​ប្រគេន​ទយ្យ​វត្ថុ​ដល់​ព្រះសង្ឃ​វត្ត​ពៅ​វ៉ើ​យ​រួមមាន​បច្ច័យ​អង្ករ​២​បាវ​,​ទឹក​សុទ្ធ​១០​កេស​,​មី​១០​កេស​,​កូ​កា​១០​កេស​,​ទឹក​ផ្លែឈើ​១០​កេស ស្ករស ១​បាវ​,​ទឹកដោះគោ​១ កេស​ធំ​,​ទឹកស៊ីអ៊ីវ ២០​ដប​និង​ទឹកត្រី ២០​ដប​។​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ម្នាក់ៗ​ទទួលបាន​សារុង​និង​ថវិកា​ផងដែរ​៕
ដោយ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម