ព័ត៌មានជាតិ
អតីតអនុប្រធានតំបន់មជ្ឈិមនៅកំពង់ចាម អោ អាន បានទទួលមរណភាពហើយ
អតីតអនុប្រធានតំបន់មជ្ឈិម នៅកំពង់ចាម នាសម័យខ្មែរក្រហម លោក អោ អាន និងជាអតីតជនសង្ស័យក្នុងសំណុំរឿង០០៤វគ្គ២ បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។
បើតាមលោក នេត្រ ភក្ត្រា សំណុំរឿង ០០៤វគ្គ២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង០០៤ វគ្គ២ ទៅក្នុងបណ្ណសាររួចហើយដែរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿងប្រឆាំង អោ អាន នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ។ បន្ទាប់ពីមាន “បណ្តឹងសាទុក្ខជាបន្ទាន់ប្រឆាំង នឹងការរំលត់ជាធរមាននៃសំណុំរឿង០០៤ វគ្គ២ របស់អង្គជំនុំជម្រះសាលាដំបូង” របស់សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បានដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។ អង្គជំនុំជម្រះតុលាការកំពូល បានពិចារណាឃើញថា “បើទោះបី ជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹង ចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល ” នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ “ក៏ពុំមានការ ឯកភាពគ្នាឡើយ បន្ទាប់ពីរយៈពេលដប់បីឆ្នាំនៃកិច្ច ស៊ើប សួរ ដែលថា អោ អាន ស្ថិត ក្នុង យុត្តាធិការ របស់ [អ.វ.ត.ក]ឬយ៉ាងណា”។ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចថា “ក្នុងករណី ដែលពុំមានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និង អាចអនុវត្តបាននោះ ដូចនេះរឿងក្តីប្រឆាំងនឹង អោ អាន ត្រូវបញ្ចប់នៅចំពោះមុខ អ.វ.ត.ក”។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង០០៤ វគ្គ២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូលបានចេញសេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម បានចោទប្រកាន់ អោ អាន ពាក់ព័ន្ធនឹងអង្គហេតុមួយចំនួនដូចជា ការបោសសម្អាតនៅភូមិភាគកណ្តាល មន្ទីរសន្តិសុខវត្តអូរត្រកួន មន្ទីរសន្តិសុខវត្តបាធាយ មន្ទីរសន្តិសុខមិត្តសុប (គរ) ការដ្ឋានធ្វើពលកម្ម ដោយបង្ខំនៅទំនប់អន្លង់ជ្រៃ អំពើប្រល័យពូជសាសន៍នៅខេត្តកំពង់ចាម និង ការរៀបការដោយបង្ខំក្នុងស្រុកកំពង់សៀម និង ស្រុកព្រៃឈរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន