សម្ដេច​ ស ខេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​ធំៗ​​៣ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

សម្ដេច​ ស ខេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​ធំៗ​​៣

Published

on

​បញ្ហា​ធំៗ​ចំនួន​៣​ រួមមាន បញ្ហា​ជំងឺ​កូ​វីដ​-១៩ បញ្ហា​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង និងអំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន។

ការ​លើក​ឡើង​នេះ​ បានធ្វើឡើងនៅ​ក្នុង​​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​​ប្រជាពលរដ្ឋ​ចំនួន ១០.២១០​គ្រួសារ​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​។

សម្តេច​ ស ខេង បាន​លើកឡើងថា មកដល់ពេលនេះ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ជិត​៣០០​នាក់​ហើយ ក៏ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ស្លាប់​នោះ​ទេ ដោយ​ភាគច្រើន​សុទ្ធសឹងតែ​អ្នកជំងឺ​នាំ​មកពី​ក្រៅ​ប្រទេស ហើយ​បាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ទោះបីយ៉ាងណា ក៏ដោយ​យើង​ត្រូវតែ​ការពារ កុំ​ធ្វេសប្រហែស​ដោយ​ត្រូវ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រោះ​ប្រសិន​បើកាលណា​កើតមាន​ជំងឺ​នេះ​ហើយ នឹង​មាន​ការ​ឆ្លង​រាលដាល​ជា​បន្តបន្ទាប់​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​វិញ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​មានប្រសាសន៍ថា កាលពីមុន​បញ្ហា​គ្រឿងញៀន​នេះ កើតមាន​ភាគច្រើន​តែ​នៅ​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន​វា​បាន​រីក​រាលដាល​ដល់​តាម​តំបន់​ជនបទ​មួយចំនួន ហើយ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​ជិត​២​តោន​។ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​គ្រឿងញៀន សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ដែល​បំផ្លាញ​អ​នាគ​ត​របស់​ពួកគេ។

​សម្តេច​ក៏បាន​បញ្ជាក់​ថា ចំពោះ​ការដោះស្រាយ​បញ្ហា​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ខ្ពស់​ពី​ក្រុម​គ្រួសារ ក្នុង​ការ​គ្រប់គ្រង និង​អប់រំ​សមាជិកគ្រួសារ​របស់ខ្លួន ដោយ​មិនត្រូវ​ពឹងផ្អែក​តែ​លើ​នគរបាល និង​សមត្ថកិច្ច​នោះឡើយ​។​

​ជាមួយគ្នានេះ​ សម្តេច​ក្រឡាហោម ក៏បាន​លើកឡើង​ពាក់ព័ន្ធ​បញ្ហា​ចរាចរណ៍ ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​សង្គ្រាម​ទៅទៀត ដូច្នេះ​យើង​មិន​ត្រូវ​មើលស្រាល​នោះ​ទេ​ ចំពោះ​បញ្ហា​នេះ ជាពិសេស​អ្នក​បើក​គោយន្ត​ ដែល​មាន​ហានិភ័យ​ខ្ពស់ ព្រោះតែ​ចង្កូត​មាន​លក្ខណៈ​វែងពិបាក ​ក្នុង​ការ​គ្រប់គ្រង​និង​បើកបរ​៕

អត្ថបទ៖ កោះ​កែវ​

​សូមចុចអាន៖ សម្ដេច​ក្រឡាហោម​ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ប្រជាកសិករ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម