ព័ត៌មានជាតិ
សម្ព័ន្ធភាពរវាងគណបក្ស៣ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ
សម្ព័ន្ធភាពមួយ ដែលទៅរួមគ្នាបង្កើតឡើង ដោយគណបក្សចំនួន៣ មិនមានអាសនៈនៅក្នុងរដ្ឋសភា ដែលមានឈ្មោះថា “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ខាងមុខ នៅក្នុងសន្និសីទសារព័ត៌មានមួយ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មុននេះបន្តិច។

បើតាមសេចក្តីជូនដំណឹង សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅសណ្ឋាគារ Himawari នារាជធានីភ្នំពេញ ចាប់ផ្ដើមពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង១១ព្រឹក។ គោលបំណង នៃសន្និសីទនេះ គឺដើម្បីបង្ហាញពីគោលបំណងរបស់សម្ព័ន្ធភាព ដែលបង្កើតឡើងដោយគណបក្សចំនួន៣ គឺគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ។
ទាក់ទងទៅនឹងការធ្វើសម្ព័ន្ធភាពរវាងគណបក្សទាំង៣នេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា គម្រោងនេះ គ្រាន់តែជាការធ្វើសម្ព័ន្ធភាពប៉ុណ្ណោះ មិនមែនជាការច្របាច់បញ្ចូលគ្នា ឬរួមគ្នា ដើម្បីបង្កើតជាគណបក្សតែមួយនោះទេ។ លោកថា មកដល់ពេលនេះ មានគណបក្សចំនួន៣ហើយ បានព្រមព្រៀងធ្វើសម្ព័ន្ធភាព ប៉ុន្តែក្នុងនោះ ក៏មានគណបក្សមួយចំនួនផ្សេងទៀត បានទំនាក់ទំនងចង់ចូលរួមសម្ព័ន្ធភាពនេះ ផងដែរ ប៉ុន្តែនៅពេលនេះ យើងកំពុងតែពិចារណា ពីព្រោះនៅពេលដែលយើងចងសម្ព័ន្ធភាពយើងមិនចង់ឲ្យមានការបែកខ្ញែកគ្នាទេ។
បើតាមលោក ញឹក ប៊ុនឆៃ មកដល់ពេលនេះ មានគណបក្សផ្សេងៗទៀត បានធ្វើការទំនាក់ទំនងមក ផងដែរ ដែលមានចំនួន៦គណបក្សហើយ ជាគណបក្សដែលនៅក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប៉ុន្តែយើងកំពុងធ្វើលក្ខន្តិកៈ និងគោលនយោបាយផ្សេងៗ ដើម្បីផ្ដល់ទៅឲ្យគណបក្សទាំងនោះ។ លោកថា បើគណបក្សណាយល់ឃើញថា អាចចូលរួមនៅក្នុងសម្ព័ន្ធភាពនេះបាន ក៏ចូលទៅ មិនមានការបង្ខិតបង្ខំទេ។ លោកក៏បានបន្តថា គោលបំណងនៃការបង្កើតសម្ព័ន្ធភាពគណបក្សនេះ គឺដើម្បីមានសំឡេងចូលរួមជាមួយរាជរដ្ឋាភិបាល ពីព្រោះយើងមិនមែនបក្សប្រឆាំងនោះទេ គឺធ្វើឡើងក្នុង នៃកិច្ចសហប្រតិបត្តិការជាមួយអារដ្ឋាភិបាល ដើម្បីឲ្យមានសន្តិភាព ស្ថេរភាព នៅក្នុងសង្គម ដូច្នេះយើងត្រូវការពេលវេលា ដើម្បីជជែកគ្នាម្ដងមួយៗ ដើម្បីឲ្យច្បាស់លាស់ជាមួយគ្នា បក្សណាទទួលបាន ក៏ទទួលយក ហើយបក្សណាមិនអាចទទួលបានយើងមិនបង្ខំដែរ។
ចំណែកលោក ម៉ម សូណង់ដូ បានថ្លែងកាលពីថ្មីៗនេះថា គោលបំណង នៃការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរនេះ គឺដើម្បីបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្ដិចត្រួយ ហើយគណបក្សទាំងបី នឹងធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ លោកបន្តថា ការសម្រេចចងជាសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺដើម្បីធ្វើការណែនាំទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យចេះសម្រេចចិត្តជ្រើសរើសមេដឹកនាំ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។
សូមបញ្ជាក់ថា “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)” ត្រូវបានរួមគ្នាបង្កើតឡើងដោយគណបក្សចំនួន៣ គឺទី១, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ទី២, គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន និងទី៣, គណបក្សខ្មែរតែមួយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធាន៕






អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតមេដឹកនាំប្រឆាំង៩រូប

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ