Connect with us

អាជីព

បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី

បានផុស

នៅ

ជឿថា គ្រប់ក្រុមហ៊ុនពិតជាមិនចង់បញ្ឈប់បុគ្គលិកណាម្នាក់នោះទេ ព្រោះការជ្រើសរើសអ្នកថ្មីជំនួសត្រូវការពេលវេលាច្រើន និងមានហានិភ័យដល់ផ្នែកផ្សេងទៀតផងដែរ។ រាល់ការបញ្ឈប់បុគ្គលិក អាចនឹង​បង្កផលប៉ះពាល់ទាំងសងខាង បើម្ចាស់អាជីវកម្ម ពុំមានវិធីសាស្ត្រដើម្បីចចារទេនោះ។

ខាងក្រោមជាគន្លឹះទាំង ៨ ដើម្បីបញ្ឈប់ដោយសន្តិវិធី៖

១. និយាយប្រាប់ត្រង់

កុំអូសបន្លាយពេលវេលា ហើយគួរប្រាប់ត្រង់ៗទៅបុគ្គលិកថា គេខុសចំណុចណាដោយមិនចាំបាច់ខ្លាចចិត្តឡើយ។

២. មានហេតុផលច្បាស់លាស់

នៅពេលសម្រេចបញ្ឈប់បុគ្គលិកណាម្នាក់ អ្នកត្រូវតែមានការពន្យល់ហេតុផលច្បាស់លាស់ និងគួរជជែកវែកញែកឲ្យបានច្រើន ព្រោះវាជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ទាំងសងខាង។

៣. សួរបុគ្គលិកមុននឹងផ្ដល់ការរិះគន់

អ្នកគួរតែសួរបុគ្គលិកថា តើគេចង់បានការរិះគន់ដើម្បីស្ថាបនាពីអ្នកដែរឬទេ? មានបុគ្គលិកខ្លះអាចនឹងខឹងនៅពេលដែលអ្នកនិយាយពីចំណុចអវិជ្ជមានរបស់គេ ប៉ុន្ដែបុគ្គលិកខ្លះពិតជាអ្នកចង់កែលម្អខ្លួន។ ដូចនេះគេអាចសប្បាយចិត្តនៅពេលប្រាប់ពីចំណុចខ្វះខាត ដើម្បីអភិវឌ្ឍគេឲ្យល្អជាងមុននៅពេលធ្វើការជាមួយក្រុមហ៊ុនដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. នរណាជ្រើសរើសបុគ្គលិក អ្នកនោះជាអ្នកបញ្ឈប់

ក្នុងជំនួញខ្លះមានអ្នកគ្រប់គ្រងផ្នែកផ្សេងៗ ឬអាចថាមានម្ចាស់លើសពីម្នាក់ឡើងទៅ។  ហេតុនេះនៅពេលបញ្ឈប់បុគ្គលិក នរណាដែលជាអ្នកជួលបុគ្គលិកនោះនៅពេលដំបូង អ្នកនោះគួរតែជាអ្នកនិយាយអំពីការបញ្ឈប់ទៅកាន់បុគ្គលិក ដោយមិនព្យាយាមគេចវេសឬឲ្យដៃគូរផ្សេងនិយាយជំនួសឡើយ។

៥. កុំប្រើមនោសញ្ចេតនា

នៅពេលចង់បញ្ឈប់នរណាម្នាក់ អ្នកប្រហែលជាមានអារម្មណ៍អាណិតគេ គិតពីការលំបាករបស់គេនៅពេលអស់ការងារ និងចង់ទុកពេលឲ្យគេបន្ដិចទៀត។ ប៉ុន្ដែទម្រាំដល់កម្រិតនេះ អ្នកប្រហែលជាបានប្រាប់គេឲ្យមើលចំណុចខ្វះខាតជាច្រើនលើកច្រើនសារមកហើយ។ ដូច្នេះ អ្នកគួរតែបញ្ឈប់គេដោយកុំប្រើមនោសញ្ចេតនាខ្លាំងពេក  ព្រោះខុសគឺខុស។

៦. យកគោលការណ៍ផ្ទៃក្នុងមកប្រើ

ទម្រាំដល់ចំណុចដែលត្រូវបញ្ឈប់បុគ្គលិកម្នាក់ វាមិនមែនជារឿងដែលធ្វើឡើងភា្លមៗតាមអារម្មណ៍នោះទេ ព្រោះបុគ្គលិកនោះអាចខុសបទបញ្ជារផ្ទៃក្នុងណាមួយជាច្រើនលើកមកហើយ។ ដូច្នេះ វាក៏មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ការបញ្ឈប់នេះដែរ ហើយបើគេកើតទុក្ខមិនសុខចិត្ត អ្នកអាចឲ្យគេអានគោលការណ៍ក្រុមហ៊ុនឡើងវិញ ថាខ្លួនគេខុសត្រង់ចំណុចណាមួយ នោះគេនឹងបានអស់ចិត្តដោយខ្លួនឯង។

៧. កំណត់រយៈពេលសាកល្បងការងារ

អាជីវកម្មគួរតែមានរយៈពេលនៃការសាកល្បងការងារ ដោយបញ្ជាក់ឲ្យបានច្បាស់ពីការចង់បានរបស់អ្នកក្នុងសកម្មភាពការងាររបស់បុគ្គលិកម្នាក់ៗ។ នៅពេលចប់ការសាកល្បងការងារ ដែលជាទូទៅមានរយៈពេលបីខែ បើបុគ្គលិមកមិនអាចបំពេញតាមលក្ខខណ្ឌ អ្នកអាចបញ្ឈប់គេទៅតាមច្បាប់។

៨. បង្ហាញការយកចិត្តទុកដាក់ទៅកាន់បុគ្គលិក

ទោះបីជាបុគ្គលិកត្រូវបានបញ្ឈប់ក៏ដោយ អ្នកគួរតែប្រាប់គេថា អ្នកដឹងពីអារម្មណ៍របស់គេ ហើយប្រាប់ទៀតថា ប្រសិនបើមានជម្រើសផ្សេងក៏អ្នកផ្ដល់ឱកាសដែរ តែនេះជាជម្រើសចុងក្រោយហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ គ្រប់គ្រង​ការងារនៅ​ពេល​ដែល​ក្រុមហ៊ុន​មិន​មាន​មនុស្ស​ធ្វើការគ្រប់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម