មេរៀនរកស៊ី ៣ចំណុច ពីថៅកែwalmart – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អាជីព

មេរៀនរកស៊ី ៣ចំណុច ពីថៅកែwalmart

Published

on

នាដើមទសវត្សឆ្នាំ ១៩៦០ លោក Sam Walton បានបង្កើតឃ្លាំងលក់រាយទំនិញគ្រប់ប្រភេទលើកដំបូងមួយ នៅក្នុងទីក្រុង Bentonville រដ្ឋអាកានសាស សហរដ្ឋអាមេរិក។

លុះមកដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៦២ ឃ្លាំងលក់រាយទំនិញចម្រុះឈ្មោះ Walmart បានបើកដំណើរការជាផ្លូវការនិងទទួលការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិក ព្រមទាំងក្លាយជាយីហោដ៏ល្បីល្បាញ និងធំបំផុតដោយមានទីតាំងលក់រហូតដល់ជាង ១០,០០០ កន្លែងទូទាំងសកលលោក។

តើ Sam Walton ប្រកាន់គោលការណ៍ធ្វើជំនួញដូចម្ដេច ទើបអាចជំរុញឱ្យលោកសម្រេចបានជោគជ័យដ៏ធំធេងក្នុងនាមជាថ្នាក់ដឹកនាំ Walmart?

១. រៀនពីតម្លៃនៃលុយ

ខណៈម្ចាស់ក្រុមហ៊ុនជាច្រើនសម្រេចចិត្តលក់ក្រុមហ៊ុនរបស់ខ្លួន ដើម្បីប្តូរយកប្រាក់មកភ្លក់រសជាតិនៃបទពិសោធន៍ធ្វើជាអ្នកមាន មិនយូរប៉ុន្មានពួកគេត្រូវធ្លាក់ខ្លួនជាបន្តបន្ទាប់។ ចំពោះ Sam Walton វិញលោកមិនចូលចិត្តជីវិតបែបហ៊ឺហាដូចមនុស្សទូទៅឡើយ ប៉ុន្តែលោកចូលចិត្តជីវិតដែលមានតុល្យភាពលើការចាយវាយសមហេតុផល។ Walton ជឿថា ការផ្តល់តម្លៃដល់អតិថិជន គឺជាការជួយសន្សំប្រាក់ ដែលក្រោយមកវាបានក្លាយជាបាវចនាសំខាន់របស់ Walmart មួយគឺ “Save Money, Live Better” ឬមានន័យថា “សន្សំប្រាក់ ជីវិតនឹងប្រសើរឡើង” ។

២. រៀនពីកំហុស

ក្រោយពីប្រឹងប្រែងដ៏ខ្លាំងក្លារយៈពេល ៥ ឆ្នាំ ចុងក្រោយលោក Walton បានវ៉ាដាច់ក្រុមហ៊ុនគូប្រជែងដែលរកស៊ីក្នុងវិស័យតែមួយ និងបានធ្វើឱ្យ Walmart ក្លាយជាឃ្លាំងលក់រាយសម្ភារៈចម្រុះធំបំផុតក្នុងតំបន់។

លោក Walton ស្ទើរតែបាត់បង់អ្វីៗគ្រប់យ៉ាងដោយសារកំហុសលើកិច្ចសន្យាជួលទីតាំង ដោយហេតុតែមិនមានកុងត្រាជួលត្រឹមត្រូវ ម្ចាស់ដីដែល Walton កំពុងជួល បានដំឡើងថ្លៃឈ្នួលភ្លាមៗ និងចង់ឱ្យលោកផ្ទេរយីហោ Walmart ដែលកំពុងល្បីល្បាញទៅកូនប្រុសរបស់ម្ចាស់ដីថែមទៀត។

រឿងនេះបានបណ្ដាលឱ្យ Sam Walton បដិសេធឈប់ជួលកន្លែងនោះឈរជើងតទៅទៀត បើទោះបីជាថ្លៃឈ្នួលកម្រិតណាក៏ដោយ។ ក្រោយមក Walton បានដឹងថា នេះជាកំហុសដ៏ធ្ងន់របស់ខ្លួន និងបានចំណាយពេលច្រើនជាងមុនទ្វេដងស្វែងរកទីតាំងជួលថ្មី ហើយដើម្បីការពារបញ្ហាកុងត្រាជួលទីតាំងកើតឡើងដដែលម្ដងទៀត។

៣. រៀនគ្រប់យ៉ាងពីជំនួញ

Sam Walton បានចំណាយពេលភាគច្រើននៃថ្ងៃចុងសប្ដាហ៍របស់ខ្លួនទៅលេងផ្ទះបុគ្គលិកផ្នែកគ្រប់គ្រងរបស់ Walmart ដើម្បីស្វែងយល់ពីការធ្វើជំនួញ និងជជែកគ្នាអំពីអាជីវកម្មលក់រាយ។ ជួនកាលលោកចំណាយពេលអាហារថ្ងៃត្រង់ទៅអង្គុយនៅហាងទំនិញដែលជាគូប្រជែងដើម្បីសិក្សាពីប្រតិបត្តិការរបស់ពួកគេទៀតផង។ Walton បានឱ្យដំបូន្មានថា “អ្នកគួរតែព្យាយាមរៀនរឿងរ៉ាវគ្រប់បែបយ៉ាងដែលអ្នកអាចរៀនបានអំពីជំនួញ” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ មនុស្ស​ប្រើល្បិចនៅកន្លែងធ្វើការ មិនមែន​ព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម