កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាស​លា​អ្នកគាំទ្រ​ក្លឹប Perak FA នៅ​ម៉ាឡេស៊ី ក្រោយ​ចប់​រដូវ​កាល​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាស​លា​អ្នកគាំទ្រ​ក្លឹប Perak FA នៅ​ម៉ាឡេស៊ី ក្រោយ​ចប់​រដូវ​កាល​

Published

on

​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ជា​កីឡាករ​របស់​កម្ពុជា តែ​ម្នាក់​គត់​ ដែល​មាន​ឈ្មោះ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​ លា​អ្នកគាំទ្រ​ខ្លួន ក្រោយ​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម Perak FA ក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី Malaysia Super League ក្នុង​ឆ្នាំ​២០២០​។​

«​ជម្រាបលា​គ្រួសារ Perak ! សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំងអស់ ក្រុមការងារ​គ្រូ​បង្វឹក​និង​អ្នកគាំទ្រ​ ដែល​បាន​ជួយ​ខ្ញុំ​គ្រប់យ៉ាង​។ សង្ឃឹមថា​គ្រប់គ្នា​នឹង​ជួប​តែ​សំណាងល្អ​ និង​ជោគជ័យ​ នៅ​ថ្ងៃ​ខាងមុខ​»​។​ នេះ​ជា​សំណេរ​របស់​កីឡាករ ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លឹប​បាល់ទាត់ Perak FA ក្រោយ​រូបគេ​បាន​ចប់​កិច្ចសន្យា​ត្រឹម​១​រដូវ​កាល​ជាមួយ​ក្លឹប ខណៈ​ខ្លួន​ជា​កីឡាករ​កូតា​អាស៊ាន​របស់​ក្លឹប​មួយ​នេះ​ ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី​។​

​កីឡាករ​សមាជិក ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជារូប​នេះ ​បាន​បន្ត​សំណេរ​ជុំវិញ​អនាគត​របស់​ខ្លួន​ថា​៖«2020 ជា​ឆ្នាំ​មួយ​ ដែល​មិន​ងាយស្រួល​ឡើយ​។ សង្ឃឹមថា​អ្វីៗ​នឹង​ប្រសើរ​ឡើង​ឆាប់ៗ​។ អរគុណ​ទាំង​គ្រប់គ្នា​ ដែល​បាន​ផ្ញើ​សារ​និង​គាំទ្រ​។ ខ្ញុំ​កំពុងតែ​សម្លឹង​មើល​ទំព័រ​ថ្មី​ នៃ​អាជីព​បាល់ទាត់​របស់ខ្ញុំ​។ ខ្ញុំ​នឹង​ប្រាប់​ដល់​គ្រប់គ្នា​ឆាប់ៗ​។ សូម​ថែរក្សា​ខ្លួន​»​។​

​ពេញ​១​រដូវ​កាល​ឆ្នាំ​២០២០ ជាមួយ​ក្រុម Perak FA កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ជួយ​ក្រុម​របស់​ខ្លួន ឈ្នះ​ជើងឯក​ពាន​បើក​រដូវ​កាល Unity Shield និង​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ ក្នុងចំណោម​ក្រុម​ទាំង​១២​ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី ខណៈ​រូបគេ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ក្នុងនាម​ជា​ខ្សែបម្រើ​។ ចំណែក​ពានរង្វាន់ 2020 Malaysia Cup និង​ពានរង្វាន់​2020 Malaysia FA Cup ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី សម្រេច​រំសាយ​ចោល​វិញ​ ដោយសារ​បញ្ហា​កូ​វីដ​១៩​។​

​សូមបញ្ជាក់​ថា ​កីឡាករ​បាល់ទាត់ ធា​រី ចន្ថា​ប៊ី​ន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ឆ្ពោះ​មក​កម្ពុជា ដោយ​ចុះ​កិច្ចសន្យា​ជា​ក្លឹប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែ​តុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្ត ភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែ​តុលា ឆ្នាំ​២០១៧​។​

​នៅ​ដើម​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លឹប​អគ្គិសនី​កម្ពុជា​។ នៅ​ឆ្នាំ​២០១៨ និង​២០១៩ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម Terengganu FA នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ខណៈ​ដើម​រដូវ​កាល​ឆ្នាំ​២០២០ សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា រូបនេះ ​ចូលរួម​ជាមួយ​ក្រុម Sukhothai នៅ​លី​គ​កំពូល​ថៃ មុន​បន្ត​ទៅដល់​ក្រុម Perak FA របស់​ម៉ាឡេស៊ី​នេះ​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ស្វែងយល់​ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន Naotake Hanyu ដែល​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ តែង​តាំង​ជាទី​ប្រឹក្សា​របស់​ក្លឹប​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម