លី​គ​កំពូល​កម្ពុជា​៖​ គ្រូ​បង្វឹក​ភ្នំពេញ​ក្រោ​ន ប្រកាស​ចាក​ចេញពី​ក្រុម​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

លី​គ​កំពូល​កម្ពុជា​៖​ គ្រូ​បង្វឹក​ភ្នំពេញ​ក្រោ​ន ប្រកាស​ចាក​ចេញពី​ក្រុម​

Published

on

​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្លឹប​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដើម​សប្ដាហ៍​នេះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក ពី​លា​កូន​ក្រុម​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្លឹប ក្រោយ​ចាប់ដៃ​ធ្វើការ​រួមគ្នា​អស់​២​រដូវ​កាល​មកនេះ​។​

​គ្រូ​បង្វឹក ​ដែល​កាន់​អាជ្ញាប័ណ្ណ AFC A License រូប​នេះ​បាន​បញ្ជាក់​ខ្លឹមសារ​ថា​៖«​ជា​ដំបូង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧកញ៉ា​ប្រធាន​ក្លឹប ថ្នាក់ដឹកនាំ​ក្លឹប ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​ខ្ញុំ​ធ្វើជា​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​នា​ពេល​វេលា​ជិត​២​ឆ្នាំ​មកនេះ​។ ការងារ​នេះ​ វា​ពិតជា​មានន័យ​ខ្លាំង ណាស់ ​ក្នុង​អាជីព​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​ដូចគ្នា​ ដែល​ខ្ញុំ​បាន​ក្លាយ​ជា​ចំណែក​មួយ​របស់​ប្រវត្តិសាស្ត្រ​ក្លឹប​ ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ​។ ជាថ្មី​ម្តង​ទៀត​ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ​របស់ខ្ញុំ ក្រុម​បុគ្គលិក​ក្លឹប ប្អូនៗ​កីឡាករ​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ការងារ​ជាមួយ​ ខ្ញុំ​ដោយ​យកចិត្តទុកដាក់​នា​ពេល​កន្លង​មក​នេះ​»​។​

​លោក​បាន​ដាស់​អារម្មណ៍​កីឡាករ​ក្រោយ​ចាកចេញ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​ប្អូនៗ​កីឡាករ​នឹង​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ឡូហ្គោ​សី​ង្ហ​នៅ​លើ​ទ្រូង​របស់​ប្អូនៗ ហើយ​យើង​នៅតែ​បន្ត​រាប់អាន​គ្នា និង​ខ្ញុំ​អាចជួយ​ប្អូនៗ​បាន​បើសិនជា​ប្អូនៗ​ត្រូវការ​»​។ ជា​មួយ​គ្នា​នេះដែរ​ លោក ស៊ុំ វណ្ណា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា​៖«​ចំពោះ​អ្នកគាំទ្រ​ក្លឹប​ គឺ​អ្នក​ទាំង​អស់​គ្នា​ ពិតជា​មានន័យ​ធំធេង​ណាស់ ខ្ញុំ​សោកស្តាយ​ ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ជូន​អ្នក​ទាំង​អស់​គ្នា សង្ឃឹមថា​អ្នក​ទាំង​អស់​គ្នា​បន្ត​ការ​រាប់អាន​ខ្ញុំ និង​នៅតែ​បន្ត​គាំទ្រ​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ចំពោះ​ក្លឹប​ដែល​អ្នក​ស្រលាញ់​នេះ​។​ ក្លឹប​ភ្នំពេញ​ក្រោ​ន មិន​អាច​ខ្វះ​អ្នក​ទាំង​អស់​គ្នា​បានទេ The RED!»​។​

​លោក ស៊ុំ វណ្ណា កាន់​បរិញ្ញាបត្រ​អប់រំ​កាយ និង កីឡា ពី​ប្រទេស​គុយបា កាលពី​ឆ្នាំ​២០០៩​។ លោក​ធ្លាប់​ធ្វើជា​គ្រូ​ជំនួយ​ក្លឹប​បៀ​ល​ប្រាយ ពី​ឆ្នាំ​២០១៣-២០១៥ មុន​បន្តទៅ​កាន់​តំណែង​ជា​គ្រូ​ធំ​ក្លឹប​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) កាល​ពី​រដូវ​កាល​២០១៥-២០១៦ ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​ជាមួយគ្នា​ ផងដែរ​។ ​លោក​បាន​ចុះ​កិច្ចសន្យា​ជា​ផ្លូវ​ការដឹកនាំ​ក្រុម​វេ​ស្ទើ​ន កាលពីដើម​រដូវ​កាល ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០១៨​រូប​នៅ​ទំនេរ និង​នៅ​ឆ្នាំ​២០១៩ លោក​បាន​ធ្វើជា​គ្រូ​ជំនួយ Leonardo Vitorino ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាលនោះ​។ ក្រោយ​លោក Leonardo Vitorino ចែក​ផ្លូវ​ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រឹម​សប្ដាហ៍​ទី​៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ លោក ស៊ុំ វណ្ណា ត្រូវ​បាន​ក្លឹប​ភ្នំពេញ​ក្រោ​ន តែងតាំង​ជា​គ្រូ​បង្វឹក​ស្តីទី ហើយ​រហូតដល់​រដូវ​កាល​ឆ្នាំ​២០២០ ទើប​ក្លឹប​ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល​ផ្លូវការ​។​

​ឆ្នាំ​២០១៩ លោក ស៊ុំ វណ្ណា បាន​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៦ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២៦​លើក ឈ្នះ​បាន​១៥​លើក ហើយ​ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​។ ចំណែក​ក្នុង​ពាន​សម្តេច​តេ​ជោ វិញ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ តែ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់​សេចក្តី ៥​ទល់​៤​។ នៅ​ឆ្នាំ​២០២០​នេះ ​លោក​បាន​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៣​ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​១៧​លើក​ឈ្នះ​៩​លើក ស្មើ​គ្នា​៦​លើក​និង​ចាញ់​តែ​២​លើក​មាន​៣៣​ពិន្ទុ ​ក្នុង​ដៃ​។ នៅ​ក្នុង​ពាន​សម្តេច​តេ​ជោ ភ្នំពេញ​ក្រោ​ន ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ទៀត​តែ​ចាញ់​ណាហ្គា​វើ​ល ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់​សេចក្តី​៣​ទល់​១ និង​បន្ត​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង ៤​ទល់​២ នៅ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាស​លា​អ្នកគាំទ្រ​ក្លឹប Perak FA នៅ​ម៉ាឡេស៊ី ក្រោយ​ចប់​រដូវ​កាល​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម