ក្រុម​វិសាខា ឡើង​ទៅ​ប៉ះ​ណាហ្គា​វើ​ល ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ២០២០ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

ក្រុម​វិសាខា ឡើង​ទៅ​ប៉ះ​ណាហ្គា​វើ​ល ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ២០២០

Published

on

ក្រុមបាល់ទាត់​វិសាខា បាន​កក់​កៅអី​ឡើង​ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៤​ឆ្នាំ​២០២០ (Hun Sen Cup 2020) ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​ខេត្តព្រៃវែង ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២២ ខែតុលា ឆ្នាំ​២០២០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទាត់​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៩​ទល់​៨​ក្រោយ​ប្រកួត​ស្មើគ្នា​១​ទល់​១ នៅ​ម៉ោង​ប្រកួត​៩០​នាទី​ពេញ​។

ការប្រកួត​ដែល​ចាប់ផ្តើម​នៅ​ម៉ោង​៦​ល្ងាច​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​អាជ្ញាកណ្តាល ស្រី សុ​វណ្ណា​រ៉េត កីឡាករ វុ​ធ តុលា បា​នរក​គ្រាប់​ឱ្យ​ក្រុម​ខេត្តព្រៃវែង នាំមុខ​មុន នៅ​នាទី​ទី​១៦ ហើយ​នៅ​នាទី​៣៧ កីឡាករ កែវ សុខ​ផេង បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​។ ក្រោយ​ស្មើគ្នា​នេះ តម្រូវ​ឲ្យ​ក្រុម​ទាំង​២​ទាត់​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​១១​ម៉ែត្រ ហើយ​ជា​លទ្ធផល​ក្រុម​វិសាខា យកឈ្នះ​លើ​ក្រុម​ខេត្តព្រៃវែង ៩​ទល់​៨​។

មុន​រកបាន​កៅអី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ក្រុម​វិសាខា បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ទាំង​២​ជើង​ដោយ​លទ្ធផល ១៣​ទល់​១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​បន្ត​យកឈ្នះ​លើ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ស្មើគ្នា​៤​ទល់​។ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​ក្រុម​វិសាខា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ខណៈ​ឆ្នាំ​២០១៨ ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ២​ទល់​១ នៅ​វគ្គ​១​ក្រុម​ចុងក្រោយ ហើយ​ឆ្នាំ​២០១៩ ចាញ់​គីរីវង់​សុខ​សែន​ជ័យ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ដូច្នេះ​វិសាខា ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ដណ្តើម​ជើងឯក ខណៈ​ក្រុម​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ខេត្តព្រៃវែង ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន ដើម្បី​ដណ្តើម​កៅអី​ចំណាត់ថ្នាក់​លេខ​៣​។

ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ឆ្នាំ​២០២០ ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) រៀប​ចំបែង​ចែកជា​២​កម្រិត ដោយ​ក្នុងនោះ​មានការ​ប្រកួត​ជើងឯក​ថ្នាក់​ខេត្ត និង​មួយ​កម្រិត​ទៀត​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​។ ជើងឯក​ថ្នាក់​ខេត្ត​មាន​ក្រុម​ចំនួន​១៧​ក្រុម​ចូលរួម ដោយ​ក្នុងនោះ​មាន​បែង​ចែកជា​៥​ពូ​ល​ផ្សេងគ្នា​។ ជា​លទ្ធផល​ជើងឯក​បាន​ទៅ​ក្រុម​ខេត្តព្រៃវែង ក្រោយ​ឈ្នះ​លើ​ក្រុម​ត្បូងឃ្មុំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​១​ទល់​០​។ ចំណែក​ជើងឯក​ថ្នាក់ជាតិ​វិញ បាន​ជ្រើស​យក​ក្រុម​ដែលមាន​ឈ្មោះ​ឡើង​លេង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​ទាំង​៤​ក្រុម​មាន​សិទ្ធិ​ស្វ័យប្រវត្តិ​ឡើងមក​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជាមួយ​ក្រុម​ទាំង​១២​ផ្សេងទៀត​ក្នុង​លី​គ​កំពូល​កម្ពុជា ដោយ​ប្រើ​រូបមន្ត​ចាប់ឆ្នោត​រើស​គូប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​តែម្តង​។

សូមបញ្ជាក់ថា ​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើតឡើងបាន​១៤​ឆ្នាំ​មកហើយ ស្រប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើងឯក​បាន​៣​លើក ណាហ្គា​វើ​ល ឈ្នះ​បាន​៣​លើក ភ្នំពេញ​ក្រោ​ន​ឈ្នះ​បាន​២​លើក ណាហ្គា​វើ​ល​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​,​បឹងកេត​,​ខេមរា​កីឡា និង​បៀល​ប្រាយយូណាយធីត ឈ្នះ​ម្នាក់​១លើក៕
ដោយ ៖ ម៉េង ហួរ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម