ទូច ​រាជសីហ៍ ​និង​ មា​ជ សុខ​រ៉ា ជួប​គ្នា​កក្រើក​សង្វៀន​គូ​បូ​តា​បាយ័ន​ ថ្ងៃ​សុក្រ​នេះ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

ទូច ​រាជសីហ៍ ​និង​ មា​ជ សុខ​រ៉ា ជួប​គ្នា​កក្រើក​សង្វៀន​គូ​បូ​តា​បាយ័ន​ ថ្ងៃ​សុក្រ​នេះ​

Published

on

ទូច​ រាជសីហ៍ ​អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា និង មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​នាគរាជ​ចតុមុខ ត្រូវ​គណៈកម្មការ​ផ្គូផ្គង​កីឡាប្រដាល់​ប្រចាំ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​ផ្គូផ្គង​ឲ្យ​ជួប​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​ នា​យប់​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​​តុលា​ ឆ្នាំ​២០២០​ខាងមុខនេះ។​

មា​ជ សុខ​រ៉ា មិន​ធ្លាប់​ប្រកួត​ជាមួយ​ទូច រាជសីហ៍ ទេ​កន្លងមក។ គេ​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​យូរ​ក្រែល​ហើយ។ មា​ជ សុខ​រ៉ា ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​២ ទម្ងន់​៦៧​គីឡូក្រាម បន្ទាប់​ពី​បាន​ផ្ដួល​យកឈ្នះ​Keng Kat អ្នក​ប្រដាល់​ថៃ ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ចុងឆ្នាំ​២០​១៨ គេ​វាយ​មិន​ញញើត​រាជសីហ៍​នោះ​ឡើយ បើទោះបីជា​ខ្លួន​ធ្លាប់​បាន​ឃើញ ​និង​ដឹង​ពី​ប្រវត្តិ​របស់​រាជ​សីហ៍​ ក្តី។​

ចំណែក ទូច រាជសីហ៍ គេ​ក៏​បាត់​មុខ​ពី​សង្វៀន​យូរ​ឆ្នាំ មុន​ មា​ជ សុខ​រ៉ា​ ទៅទៀត។ រាជសីហ៍ ​គេ​មិន​ជា​ខ្លាំង​នោះ​ទេ ប៉ុន្តែ​មាន​អំនួត​ដោយ​អាង​លើ​កម្លាំងបាយ​របស់​គេ។ រាល់​ការប្រកួត​របស់ ​រាជសីហ៍ មិន​សូវ​ដែល​ទទួល​បាន​ជ័យជំនះ​នោះ​ឡើយ។ ​តែ​គេ​ទទួល​ស្គាល់​ថា រាជសីហ៍ ​វាយ​មិន​ឈឺ​នោះ​ទេ ។

គេ​វាយ​គ្មាន​ស្នៀត​គុន​អ្វី​ច្បាស់លាស់​នោះ​ទេ គឺ​គ្រាន់តែ​​វាយ​អាង​កម្លាំង​ខ្លាំង ម្ល៉ោះ​ហើយ ​គេ​សម្រុក​ចូល​វាយ​ទៅលើ​គូប្រកួត​មិន​បណ្តាក់​ដៃ​ឡើយ តែ​នៅ​ចុង​ទឹក ​ក៏​រាង​យ៉ាប់​ដែរ។ ប៉ុន្តែ​មួយរយៈ​បាត់​ខ្លួន​នេះ មិនដឹងថា ​ទូច​ រាជសីហ៍ ​ទទួល​បានការ​ហ្វឹកហាត់ ​ឬមួយ​ក៏​អត់​នោះ​ឡើយ។ តែ​យ៉ាងណា​គេ​ដឹង​ថា ទូច រាជសីហ៍ ​ជា​សិស្ស​ច្បង​ធំ​ជួយ​បង្ហាត់​សិស្ស​នៅក្នុង​ក្លិប​ផងដែរ ដូច្នេះ​កម្លាំងកាយ​សម្បទា​របស់​គេ ប្រហែលជា​មិន​ប្រែប្រួល​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងណា​គេ​ក៏មាន​វ័យ​ច្រើន​ហើយ​ដែរ។

អ្នក​ផ្គូផ្គង​ប្រដាល់​ពិបាក​រក​ដៃគូ​ឲ្យ​ប្រកួត​ជាមួយ​ ទូច​ រាជសីហ៍​ ណាស់ ដោយសារ​ពុំមាន​អ្នកណា​មាន​ទម្ងន់​ស្មើ​គេ​នោះ ហើយ​ប្រកួត​លើក​នេះ​បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា ទូច ​រាជសីហ៍ ប្រហែល​ជា​អាច​នឹង​លើស​ទម្ងន់​លើ ​មា​ជ សុខ​រ៉ា តិចតួច​ដោយសារ​ សុខ​រ៉ា​ ក៏​ឡើង​ទម្ងន់​ច្រើន​ដែរ បន្ទាប់ពី​ផ្អាក​ការប្រកួត​មួយ​រយៈ​មក​នោះ។

ប្រកួត​គ្នា​លើក​នេះ គឺ​ប្រភេទ​ទម្ងន់​៧៥​គ​.​ក្រ ហើយ​បើតាម​ការដឹង​ សុខ​រ៉ា​ មាន​ទម្ងន់​មិន​ដល់​ រាជ​សីហ៍​ ទេ តែដោយសារ​គេ​(​ទូច ​រាជសីហ៍​) មិន​ជា​អ្នក​ប្រដាល់​ខ្លាំង ទើប​គូប្រកួត​របស់​គេ​(​មា​ជ​សុខ​រ៉ា​)​មិនសូវ​ជា​ខ្លាច ហើយ​ហ៊ាន​ជួប ​ទូច​ រាជសីហ៍​ នោះ។ ចាំមើល តើ​ពីរ​នាក់​នេះ​ជួបគ្នា​នរណា​ឈ្នះ​?​។​

សយ សុខ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ជើង​ថ្មី ស៊ឹម សីហា អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។ ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

ឆូ​ន បួន អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស នឹង​ជួប​ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង។ អ្នក​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។​ ចំណែក ជុន សាវ៉ា​ន់ ក្លិប​កងពល​ដឹកជញ្ជូន​លេខ​៩៩ ត្រូវ​ជួប​ប្រកួត​ជាមួយ ​ឯម សីហា ក្លិប​ថ្ម​គោល​ពោធិ​សែន​ជ័យ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើ​យ​ ឃន សុ​ម៉ាលី ក្លិប​គុហារ​ព្រហ្ម​ជ័យ ជួប​ប្រកួត​ជា​មួយ​ ពេជ្រ សុវណ្ណ​ថា ជើង​ថ្មី​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕
អត្ថបទ ៖ វិ​សិទ្ធ​

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម