គណៈកម្មាធិការ​រៀបចំ​ស៊ី​ហ្គេម​២០២៣ ពិភាក្សា​ និង​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព​គណៈកម្មការ​ពិធី​បើក​-​ពិធី​បិទ និង​ការ​ត្រៀម​រៀបចំ​ការ​រត់​ភ្លើង​គប់​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

កីឡា

គណៈកម្មាធិការ​រៀបចំ​ស៊ី​ហ្គេម​២០២៣ ពិភាក្សា​ និង​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព​គណៈកម្មការ​ពិធី​បើក​-​ពិធី​បិទ និង​ការ​ត្រៀម​រៀបចំ​ការ​រត់​ភ្លើង​គប់​

Published

on

លោក វ៉ា​ត់ ចំរើន មានប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​. ប​.​អ (CAMSOC) កាលពី​ម្សិលមិញ​ បាន​ពិភាក្សា​ និង​ត្រួតពិនិត្យ ​លើ​វឌ្ឍនភាព​គណៈកម្មការ​ពិធី​បើក​-​ពិធី​បិទ ស៊ី​ហ្គេម ២០២៣ និង​ការ​ត្រៀម​រៀបចំ​ការ​រត់​ភ្លើង​គប់។​

ពាក់ព័ន្ធ​នឹង​កិច្ចពិភាក្សា​អំពី​បញ្ហា​ខាង​លើ​នេះ អគ្គលេខាធិការ វ៉ា​ត់ ចំរើន បញ្ជាក់​ថា សម្រាប់​ពី​ការ​រៀប​ចំ​ពិធី​បើក​-​បិទ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ យើង​មាន​គណៈកម្មការ​ជំនាញ​របស់​ខ្លួន ដោយ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​អ្នកជំនាញ ដែលមាន​ព្រឹទ្ធាចារ្យ រដ្ឋលេខាធិការ ដែល​ជា​ក្រុមការងារ​ពិសេស​ជួយ​ជ្រោមជ្រែង​រៀបចំ​ពិធី​បើក​បិទ​នេះ ដោយ​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្ប​ធម៌​បាន​គាំទ្រ និង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការរៀប​ចំនេះ​។​

លោក វ៉ា​ត់ ចំរើន បាន​បន្តថា ការរៀបចំ​ជា​កម្លាំង​នេះ​មាន​លទ្ធផល​ល្អ ហើយ​ការបញ្ជាក់​បន្ថែម​របស់​លោក​បណ្ឌិត ថោង ខុន ដែលជា​ប្រធាន​អង្គប្រជុំ បានដាក់​ចេ ញ​ឲ្យ​ដំណើរការ​នាពេលខាងមុខ​ឆាប់​ៗ​នេះ ដោយ​ឲ្យធ្វើការ​ឲ្យ​បាន​រួចរាល់ នៅក្នុង​កិច្ចសហការ​ប្រឹក្សា​យោបល់​ពី​ភាគី​ចិន​ជាមួយ​ខាង​ជំនាញ​វប្បធម៌​កម្ពុជា​។

លោក​អគ្គលេខាធិការ​បន្ថែម​ថា ព្រឹទ្ធាចារ្យ​វប្បធម៌ ​ជា​អ្នក​រៀបចំ និង​បង្ហាញ​នូវ​របៀបរបប​ នៃ​អរិយ​ធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន និង​រំលេច​ចេញ​មក​ដល់​នយោបាយ​ឈ្នះៗ ដែល​ជា​សម័យ​រុងរឿង​សម័យ​តេ​ជោ​របស់​យើង​។

ពិធី​បើក​បិទ​នេះ គឺ​យើង​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​ទទួលខុសត្រូវ ការ​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដោយ​ លោក ថោង ខុន បាន​សង្កត់ធ្ងន់​ឲ្យ​យើង​កំណត់​ឲ្យ​ហើយ​ថា​តើ​យើង​ត្រូវ​ប្រមែ​ល​ប្រមូល​ធនធានមនុស្ស​មកពី​ស្ថាប័ន​ណាខ្លះ ដើម្បី​ត្រៀម​ឲ្យ​ពិធី​បើក​-​បិទ​នេះ​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ដូច្នេះ​ពិធី​បើក​-​បិទ​នេះ​ត្រូវការ​ទាំង​អ្នកជំនាញ ត្រូវកា​ធនធានមនុស្ស​សម្រាប់​ការហ្វឹកហាត់​ត្រៀម​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ​រហូតដល់​ឆ្នាំ​២០២៣​តែម្តង​។​

សម្រាប់​សមាសភាព​ចូលរួម​សម្តែង​ក្នុង​ពិធី​បើក​-​បិទ​នេះ គឺ​មាន​ខាង​កង​យោធពលខេមរភូមិន្ទ ដែល​ចំ​បាច់​ត្រូវមាន​ចំនួន​ដ៏​ច្រើន រួមទាំង​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នកជំនាញ ព្រមទាំង​ត្រូវ ការ​សមាសភាព​ធនធាន​មួយចំនួនទៀត​ពី​ក្នុងចំណោម​យុវជន ដែលជា​សិស្ស​និស្សិត​របស់​យើង​។

ការ​បង្ហាញ​នៅក្នុង​ពិធី​បើក​បិទ​នេះ គឺ​យើង​ត្រូវ​សង្កត់ធ្ងន់​ទៅលើ​ការបង្ហាញ​ពី​មូលដ្ឋានគ្រឹះ ភាព​អស្ចារ្យ​នៃ​អរិយធម៌ វប្បធម៌​របស់​យើង ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​រៀបចំ​នូវ​ភាព​លម្អិត ដើម្បី​បង្ហាញ​ចេញ​នូវ​ភាព «​ឯក​» នៅក្នុង​វប្បធម៌​ខ្មែរ​។ «​នៅក្នុង​ពិធី​បើក​បិទ​នេះ យើង​បាន​រៀបចំ​ជា​គ្រោង​រួចរាល់​អស់ហើយៗ​មាន​ប្រក្រតីទិន​ពិធី​បើក​បិទ​រួច​ដែរ ហើយ​នៅថ្ងៃនេះ​យើង​បាន​ចុះហត្ថលេខា​លើ​ប្រក្រតីទិន​ការងារ​នៃ​ពិធី​បើក​បិទ ដែល​យើង​បានផ្តល់​ជូន​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដើម្បី​សម្រេច​ចុង​ក្រោយ ដែល​ប្រក្រតីទិន​នេះ​មាន​តាម​លំដាប់លំដោយ ប្រយោជន៍​ផ្តល់​ភាពងាយស្រួល ក្នុងការ​តាម​ដាន ត្រួតពិនិត្យ និង​វាយតម្លៃ​នូវ​វឌ្ឍនភាព​ការងារ​ជា​បន្តបន្ទាប់​»​។​ នេះ​បើតាម​បញ្ជាក់​ឲ្យ​ដឹងពី ​លោក​ វ៉ា​ត់ ចំរើន​។​

ចំពោះ​របៀបវារៈ​ទី​២ ដែល​ផ្តោត​សំខាន់​លើ​ការរត់​ភ្លើង​គប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នេះ លោក​ វ៉ា​ត់​ ចំរើន បញ្ជាក់ថា យើង​បានកំណត់​នូវ​ពេលវេលា​ច្បាស់លាស់​រួចរាល់​ហើយ​ដែរ ហើយ​នៅ​សប្ដាហ៍​ក្រោយៗ​ទៀត យើង​នឹង​លម្អិត​នូវ​កម្មវិធី​រត់​ភ្លើង​គប់​នេះ ដែល​ត្រូវ​ប្រារព្ធ​ពិធី​សុំ​ភ្លើងគប់​ពី​ព្រះ​អាទិទេព​រួច​ហើយ​ត្រូវ​រត់​នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ចេញទៅ​បណ្តា​ប្រទេស​ទាំង​១០​ផ្សេងទៀត ដែល​ជា​សមាជិក​អាស៊ីអាគ្នេយ៍ ហើយ​រត់​ចូលមក​កម្ពុជា​វិញ រហូតដល់​ពិធី​បើកផ្លូវ​ការ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម