អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ សភាពការណ៍នេះ ពេលនេះ ម៉ោងនេះ!
ដំណឹងអំពីវត្តមាន COVID-១៩ ក្នុងចំណោមឥស្សរជននយោបាយកម្ពុជា បានឈានទៅរកសភាពកាន់តែ«អាក្រក់ទៅ ៗ»នៅព្រឹកនេះ ដោយសារការចែកចាយសំឡេងលើតេឡេក្រាម និងបណ្តាញដទៃក្រៅផ្លូវការ ជារឿងដែលញាំងឱ្យដំណើរការនានា ត្រូវបន្ថែមទម្ងន់ ចង់មិនចង់អាចវាយប្រហារសារជាថ្មីដល់ ផ្នែកសេដ្ឋកិច្ច និងសង្គម។
ទោះបីថា រដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានពង្រឹងវិធាន ស្តីពីការដាក់គម្លាតសង្គម ហើយបិទទ្វារមណ្ឌលកម្សាន្ត សាលារៀន ទីប្រឈមនានាបណ្តោះអាសន្ន ក៏ស្ថានការណ៍អាចនឹងលង់ជ្រៅទៅៗថែមទៀត ប្រសិនពាក្យចចាមអារាមក្រៅផ្លូវការ នៅតែត្រូវបានបន្តផ្សព្វផ្សាយចេញដោយខ្វះការទទួលខុសត្រូវ។
រារាំងការឃោសនាដែលសង្កត់សង្កិនសភាពការណ៍
បន្ទាប់ពីទទួលបានជោគជ័យក្នុងបេសកកម្មបំបាត់ការផ្ទុះឡើងនៅកម្ពុជា ក្នុងរវាងពីខែមិនាមកដល់ខែតុលា ប្រជាជាតិជាច្រើន បានសំឡឹងមើលប្រទេសកម្ពុជា ជាគំរូនៃវិធីដោះស្រាយយ៉ាងល្អជាមួយ COVID-១៩ ។ រដ្ឋាភិបាលបានជំរុញឡើងវិញ ក្នុងអន្តរកាលដោះស្រាយជាមួយវិបត្តិឱនភាពសេដ្ឋកិច្ចសាកល ភាពគ្មានការងារធ្វើ និងប្រាក់បំណុលធនាគារ ក្រោមជំនឿទុកចិត្តពីសាធារណៈមតិ ប៉ុន្តែការវិវត្តចុងក្រោយនេះ កំពុងបង្កើតជាវិញ្ញាសារថ្មី។
ខ្ញុំសាយពេជ្រ មានមនោសញ្ចតនា ក្តុកក្តួល ពេលបានឃើញឥស្សរជននយោបាយកម្ពុជាប្រឈមនឹងការសង្ស័យអំពីរោគឆ្លង ព្រមជាមួយប្រមុខរដ្ឋាភិបាលដែលជាបង្គោលគ្រឹះជាតិ កំពុងធ្វើចត្តាឡីស័កគួរឱ្យសោកស្តាយ ហើយពេលវេលានៃកម្មវិធីជាច្រើនរបស់លោកត្រូវលុបចោល។
អ្វីដែលបង្កើនទម្ងន់ឱ្យស្ថានភាពទូទៅនៅកម្ពុជាកាន់តែប៉ះពាល់ គឺការប្រើប្រាស់សារឆ្លើយឆ្លងរវាងអ្នកនយោបាយ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងសុខាភិបាលទាំងមិនទាន់ផ្លូវការ មកចែកចាយយ៉ាងទូលំទូលាយ តាមរយៈបណ្តាញនានា រឹងរឹតជាបច្ច័យឱ្យជនខិលខូច អាចឆ្លៀតឱកាសកេងចំណេញ បង្កើតជាព័ត៌មានបំភ្លៃ បង្កើនភាពភាន់ច្រឡំថែមឡើងក្នុងចំណោមសាធារណៈមតិ។
មន្ត្រីសាធារណៈ អ្នកពាក់ព័ន្ធនានាគួរតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ មុនពេលហ៊ានធ្វើឱ្យបែកធ្លាយ ឬបញ្ជូនបន្តនូវប្រសាសន៍ កិច្ចពិភាក្សា ផ្តល់ព័ត៌មានបថម ឬសារចាត់តាំងណាមួយពីថ្នាក់ដឹកនាំ ដែលអាចបង្កើតជាមតិភ័យច្របល់ ក្នុងចំណោមមហាជន។
ទស្សនៈអវិជ្ជមានណាមួយ អំពីការឆ្លើយតបរបស់រដ្ឋាភិបាលផ្តោតលើការធ្វើតេស្ត និងការតាមដាន ឬការធ្វេសមិនធ្វើចត្តាឡីស័កនៃមនុស្សពាក់ព័ន្ធ ដែលអាចក្លាយជាឆ្អឹងខ្នងនៃការឆ្លើយតបពិតចំពោះជំងឺរាតត្បាតគ្រានេះ គួរទុកថាជាចេតនាបំភ័យ និងបង្កឱ្យមានភាពចឡាចល។
គួរមានសុទិដ្ឋិនិយមនិងមានភាពភ្លឺស្វាងក្នុងការជ្រោងសភាពការណ៍
ការធ្វើតេស្ត៍ដែលអាចរកបាន នឹងជួយអោយដឹងថា តើអ្នកណាខ្លះដែលកំពុងមានជំងឺនេះ ហើយឈានទៅដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព ទើបជាព័ត៌មានគប្បីយើងនាំគ្នាធ្វើ។ នោះជាការលើកទឹកចិត្ត ជំរុញអ្នកដែលប្រហែលជាត្រូវបានប៉ះពាល់នឹងអ្នកឆ្លង ឱ្យកុំុំគេចវ៉េស មកស្ម័គ្រផ្តាច់ខ្លួនពួកគេ ឬស្វែងរកការព្យាបាលបញ្ឈប់ការរាលដាលឆ្លងទាន់ពេលវេលា។
ដោយសារតែវិធានការទាំងនេះមានប្រសិទ្ធភាព យើងគួរទាត់ចោលការជជែកមិនចាំបាច់នានា ហើយផ្តោតលើការផ្តល់ព័ត៌មានវិជ្ជមានទាំងនោះវិញ។
ក្នុងការអភិវឌ្ឍន៍ការឆ្លើយតបទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនមានបទពិសោធន៍២របៀបខុសគ្នាគឺ ទីមួយ«ការគ្រប់គ្រងតឹងរឹង» ដោយការបិទប្រទេសទាំងស្រុង ឯក្រុមទី ២ គឺក្រុម« រស់នៅជាមួយមេរោគគឺតតាំងការពារវា» វិធីសាស្រ្តនេះពឹងផ្អែកលើការផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួន ដូចជាអនាម័យការពាក់ម៉ាស និងការស្នាក់នៅក្នុងផ្ទះ ឬរឹតបន្តឹងគម្លាតសង្គម។
ជាជាងចច្រប់ជាមួយការចុចផ្ញើសារបន្តឥតន័យ ដែលបានត្រឹមនាំមកនូវការបំភ័យ ដែលនេះមិនត្រឹមក្លាយជាបញ្ហាសុខភាពសាធារណៈទេ តែក៏អាចបណ្តាលឱ្យក្លាយជាបញ្ហានយោបាយ ដោយសារពួកឱកាសនិយម។ ចូរពង្រឹងស្មារតី បង្កើនទំនុកចិត្តមកលើរដ្ឋាភិបាល មានឆន្ទៈសហការ ទទួលខុសត្រូវ ការពារខ្លួន គ្រួសារ និងសហគមន៍ខ្លួន បញ្ជូនបន្តតែព័ត៌មានដែលមានប្រយោជន៍ចំពោះសង្គមនិងសេដ្ឋកិច្ច ទើបជាការចូលរួមជួយពិតៗ។
ភាពភ័យព្រួយដោយឥទ្ធិពលព័ត៌មានក្លែងក្លាយ សន្សឹមៗបានក្លាយជានយោបាយ ហើយមានបញ្ហាដល់ការជឿទុកចិត្តលើរដ្ឋាភិបាល ព្រមទាំងអាចផ្លាស់ប្តូរពីវិបត្តិសុខភាពសង្គមទៅជាឥរិយាបថនយោបាយបាន ឧហរណ៍ ផ្នែកមួយនៃអសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយនឹងការឆ្លងរាលដាលកូវីដ បានក្លាយជាវិបត្តិនយោបាយជ្រាលជ្រៅ។
បង្កើនចំណេះដឹងទូទៅអំពីCOVID-១៩ជាអ្វីដែលអទិភាពឆ្លើយតបនឹងសភាពការណ៍
ចំណេះដឹងថ្មីៗឆ្លុះបញ្ចាំងពីរបៀបដែលជំងឺនេះរាលដាល គឺជាអ្វីដែលគួរនាំគ្នានិយាយ ។ យើងដឹងថា ជំងឺនេះនឹងរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈការទំនាក់ទំនងនៅបណ្តាកន្លែងដែលមានខ្យល់ចេញចូលមិនសូវល្អគ្រប់គ្រាន់ ការប្រមូលផ្តុំធំ ៗហើយ ការពាក់របាំងមុខនិងការលាងដៃប្រហែលជាមិនទាន់គ្រប់គ្រាន់ដើម្បីការពារសកម្មភាពពពាក់ពពូនទេ មន្រ្តីសុខភាពសាធារណៈគួរពិចារណាកាត់បន្ថយចំនួនមនុស្សផ្តុំ។
ក្រៅពីនោះ ដោយសារកូវីដមានគ្រោះថ្នាក់បំផុតចំពោះមនុស្សអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ ពលរដ្ឋ និងមន្ត្រីសុខាភិបាលសាធារណៈគួរតែផ្តោតលើការការពារមនុស្សចាស់ និងប្រជាជនងាយរងគ្រោះដទៃទៀត។
សូមជនរួមជាតិចងចាំថា ការប្រើប្រាស់ធនធានចំណះដែលយើងកំពុងមានយ៉ាងឆាប់រហ័សចូលរួមក្នុងការទប់ទល់ការបញ្ជូនព័ត៌មានមិនពិត ជាមធ្យោបាយកាត់បន្ថយផលប៉ះពាល់ រួមជាមួយការបង្កើនដៃជួួយបញ្ជូនព័ត៌មានត្រឹមត្រូវ ជាសកម្មភាពភាពជ្រោង អភិបាលកិច្ចល្អ មិនមែន“ វប្បធម៌” បំភ័យបំភិត។
កុំភ្លេចថា កូវីដជាជំងឺព្យាបាលបាន ហើយកម្ពុជាបានជោគជ័យលើការព្យបាលនេះរួចមកហើយ!
សាយ ពេជ្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់