ព័ត៌មានជាតិ
នៅតែចងចាំជានិច្ច ខ្សែភាពយន្តពីររឿងស្នាដៃចុងក្រោយលោកម៉ៅ អាយុទ្ធ
ក្នុងវ័យ ៧៧ឆ្នាំ លោកម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជាផលិតករភាពយន្តនិងជាកវីនិពន្ធជើងចាស់ លោកបានបន្សល់ទុកស្នាដៃជាច្រើនពេញមួយជីវិត។ ខ្សែភាពយន្តដែលជាស្នាដៃរបស់លោកចុងក្រោយ គឺរឿង «នេសាទក្រពើ» អំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦។
ត្រូវគេស្គាល់ជាផលិតករខ្សែភាពយន្តជើងចាស់និងជាអ្នកនិពន្ធដ៏មានទេពកោសល្យ លោក ម៉ៅ អាយុទ្ធ បានចំណាយពេលពេញមួយជីវិតបង្កើតស្នាដៃជាច្រើន ទាំងខ្សែភាពយន្តនិងអក្សរសិល្ប៍។ បើតាមលោក វេង សុភ័ក្ត្រ បានចងក្រងឯកសារស្រាវជ្រាវពីជីវប្រវត្តិ ក៏ដូចជាស្នាដៃជាច្រើនក្នុងរយៈពេលជាង៥០ ឆ្នាំ របស់លោកម៉ៅ អាយុទ្ធ ដែលបន្សល់ទុកមកដល់ជំនាន់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/6079184412d9b_1618548780_medium.jpg)
ជីវប្រវត្តិសង្ខេបត្រួសៗ
– ឯកឧត្ដម ម៉ៅ អាយុទ្ធ កើតនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៤៤ នៅភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកជាកូនទោលក្នុងគ្រួសារ។
– ឪពុកឈ្មោះម៉ែន ធឿង ជាមន្ត្រីឃុំ។ ម្ដាយឈ្មោះ តៃ ស៊ឺង មុខរបរជាអ្នកលក់ដូរ (លោកទាំងពីរបានទទួលអនិច្ចកម្មបាត់ទៅហើយ)
– ចូលរៀនសាលាបឋមសិក្សានៅស្រុកកំណើតក្នុងវ័យប្រមាណ១០ ឆ្នាំឬ១១ ឆ្នាំ លោកក៏ត្រូវបានជីដូននិងឪពុកមា នាំមករស់នៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សានៅសាលាបឋមសិក្សាចាក់អង្រែ និងបានរស់នៅក្នុងបន្ទុកបីបាច់ថែរក្សានៃជីដូននិងឪពុកមា ពៅ ស៊ីផូ។
– រៀនថ្នាក់មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសម្បទានៅឯក្រសួងឃោសនាការជាតិ ការដុះដាលនៃចិត្តគំនិតស្រឡាញ់សិល្បៈក៏បានកើតមានឡើង។ សូមបញ្ជាក់ដែរថាឪពុកមា ពៅ ស៊ីផូ ជាតន្ត្រីករមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនិងជាអ្នកនិពន្ធទំនុកចម្រៀងឱ្យអធិរាជសំឡេងមាសគឺលោក ស៊ីន ស៊ីសាមុត ទៀតផង។
– ឯកឧត្តម ម៉ៅ អាយុទ្ធ បានចាប់ផ្ដើមកាន់ដងប៉ាកា ក្នុងនាមជាអ្នកចម្លងអត្ថបទនិងអក្សរឲ្យលោក ពៅ ស៊ីផូ ហើយនោះគឺជាចំណុចចាប់ផ្ដើមដំបូងដែលនាំឱ្យលោកដើរតាមគន្លងសិល្បៈរហូតមកដល់សព្វថ្ងៃនេះ។ លោកក្រេបជញ្ជក់បាននូវចំណេះដឹងដែលទាក់ទងទៅនឹងការនិពន្ធ ការដឹកនាំ រៀបចំឆាកឬក៏កាន់កាប់កម្មវិធីសិល្បៈនៃកម្មវិធីផ្សាយទូរទស្សន៍និងជាអ្នកផលិតភាពយន្តព្រមទាំងនិពន្ធបទចម្រៀងសម្រាប់អធិរាជសំឡេង មាស ស៊ីន ស៊ីសាមុត អ្នកស្រីហួយ មាស និងអ្នកចម្រៀងរួមជំនាន់ដទៃទៀតប្រហែលជា ១០ ឆ្នាំ ១៩៦០ដល់ ១៩៧០។
– នៅឆ្នាំ ១៩៦៣ ដល់ ១៩៦៥ ទទួលការបណ្ដុះបណ្ដាលសម្បទាវិជ្ជាជីវៈនិពន្ធអត្ថបទភាពយន្តនៅក្នុងមជ្ឈមណ្ឌលបណ្ដុះជំនាញឯកទេសក្រោមការឧបត្ថម្ភរបស់ក្រសួងព័ត៌មាននិងឃោសនាការ។ ក្រោយបញ្ចប់ការសិក្សាលោកបានចាប់ផ្ដើមចូលបម្រើជាប្រធានអ្នកដឹកនាំឆាកនៅទូរទស្សន៍ជាតិ។
– ឆ្នាំ១៩៧០ ក្លាយជានាយកកម្មវិធីទូរទស្សន៍ជាតិ ស្របជាមួយគ្នានេះដែរលោកក៏ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បំពាក់មេដាយមុន្នីសារភ័ណ្ឌដែលជារង្វាន់សម្រាប់ការងារដ៏សកម្មក្នុងភារកិច្ចបម្រើប្រទេសជាតិ។ លោកបន្តភារកិច្ចរហូតសម័យសាធារណរដ្ឋខ្មែរ។
– នៅឆ្នាំ ១៩៧២ លោកបានរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ ចាត់បញ្ចូលឱ្យទៅធ្វើកម្មសិក្សានៅប្រទេសបារាំងរយៈពេល ៩ ខែលើមុខជំនាញទូរទស្សន៍ហើយនៅពេលដែលត្រឡប់មកពីសិក្សាវិញគាត់ត្រូវបានឡើងតំណែងឋានៈជានាយកខាងកម្មវិធីផ្សាយនៃទូរទស្សន៍សាធារណៈ រដ្ឋខ្មែរ។ នៅក្នុងសម័យសាធារណរដ្ឋខ្មែរនោះ ឯកឧត្ដម ម៉ៅ អាយុទ្ធ បានផលិតភាពយន្តពណ៌ធម្មជាតិទំហំ ១៦ mm ជាលើកដំបូងក្នុងជីវិតរបស់គាត់ហើយលោកក៏បានចូលរួមសម្ដែងជាតួបន្ទាប់ពីតួអង្គ គង់ សំអឿន ផងដែរ។
– ឆ្នាំ ១៩៧៩ លោកបានក្លាយជាអនុប្រធាននាយកដ្ឋានភាពយន្តនៅក្រសួងវប្បធម៌។
– ក្រោយឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលផ្ដល់តំណែងជាអគ្គនាយករងវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា។
– នៅឆ្នាំ ១៩៩២ ឆ្នាំ ១៩៩៣ លោកបានទទួលតំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជានិងចាប់ពីខែមេសាឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន លោកជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/60791840b676a_1618548780_medium.jpg)
អំពីស្នាដៃនិពន្ធល្ខោននិយាយនិងភាពយន្ត
– ល្ខោននិយាយរឿង “ស្រមោលអពមង្គល” ឬ “អពមង្គល” និពន្ធឆ្នាំ ១៩៧១ ឬ ១៩៧២
– រឿង “បិទភ្នែកហែកទ្រូង” ឆ្នាំ ១៩៧៣ សម័យសាធារណរដ្ឋខ្មែរក្នុងផលិតកម្មបូព៌ា
– រឿង “ចិត្តចងចាំ” ថតនៅអំឡុងឆ្នាំ ១៩៨៨-៨៩ របស់នាយកដ្ឋានភាពយន្ត
– រឿង “ចុងស្រល់” ឆ្នាំ ១៩៩០
– រឿង “ឆ្អឹងអណ្ដែត”ថតនៅអំឡុងឆ្នាំ ១៩៩១ របស់នាយកដ្ឋានភាពយន្ត
– រឿង “ក្លិនដែលរសាយ” ឆ្នាំ ១៩៩១
– រឿង “អណ្ដាតដុះឆ្អឹង” លោកជាអ្នកដឹកនាំនិងសម្របសម្រួលក្នុងផលិត។
– រឿង “សំឡេងជួង” ឆ្នាំ ១៩៩២ ពុំដឹងកាលបរិច្ឆេទ
– រឿង “ជើងមេឃដាច់ស្រយាល ឆ្នាំ ១៩៩២
– រឿង “សម្ដីចុងក្រោយ ឆ្នាំ ១៩៩២
– រឿង “នេសាទក្រពើ”ទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាទី២ ឆ្នាំ ២០០៥
– រឿង “កិលេស” ឆ្នាំ ២០១០
– រឿង “ហ្លួងព្រះស្ដេចកន” ថតរយៈពេលពីឆ្នាំ ២០១៥ ដល់ ២០១៧
![](https://www.kampucheathmey.com/wp-content/uploads/2021/04/mao-ahyuth12_medium.jpg)
ស្នាដៃចម្រៀងនិងកំណាព្យ
– សំឡេងសាដៀវ ទទួលបានជ័យលាភីតែងនិពន្ធក្របខ័ណ្ឌអាស៊ានឆ្នាំ ២០០៦
– បទ “វាលស្រែវាលស្រូវ” “ស្ទឹងសម្ងាត់” របស់ផលិតកម្មអង្គរវត្ត
– បទ “កំណែនស្នេហ៍” ក្នុងរឿង “ភ្នំភ្លើងស្នេហា” ច្រៀងដោយអ្នកស្រី ហួយ មាស
– កំណាព្យនិយាយពី “លុយ” ដកស្រង់ពីរឿង “ស្រមោលអពមង្គល” រួមនឹងចម្រៀង-កំណាព្យជាច្រើនបទទៀត។
លោក ម៉ៅ អាយុទ្ធ បានទទួលមរណៈភាពក្នុងជន្មាយុ ៧៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយសារជំងឺកូវីដ១៩ នាយប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១នេះ។ លោកត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត