កូវីដ-១៩
គ្រូពេទ្យ ៩០ក្រុម ប្រើពេលមួយខែ សម្រុកចាក់វ៉ាក់សាំងពលរដ្ឋតំបន់ក្រហមឲ្យបាន ៤០ ម៉ឺននាក់
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញនេះ ក្រសួងការពារជាតិបានរៀបចំគ្រូពេទ្យចំនួន៩០ក្រុម ហើយតាមគម្រោងនឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង។
ការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើង ខណៈអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលដ្ឋនៅតំបន់ក្រហម ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងពលលេខ៧០ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងបន្តថា ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌទាំង៤ ក្រសួងការពារជាតិបានរៀបចំក្រុមចាក់ចំនួន៩០ក្រុម ហើយក្នុងមួយក្រុមៗមានគ្នាយ៉ាងតិចចំនួន៥នាក់។ ក្រៅពីក្រុមអ្នកចាក់ ក៏មានក្រុមផ្សេងៗទៀតដូចជា ក្រុមរៀបចំសណ្ដាប់ធ្នាប់ និងក្រុមថតរូបជាដើម ដើម្បីរៀបចំឯកសារសម្រាប់ការចាក់លើកទី២។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រជាពលរដ្ឋនៅតំបន់ក្រហម មានប្រមាណជាង៨០ម៉ឺននាក់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក៏បានចាក់វ៉ាក់សាំងរួចហើយ។ តាមការសន្និដ្ឋានមានប្រហែល៤៥ ម៉ឺននាក់ ដែលត្រូវចាក់ ហើយក្នុងចំនួននេះ ក៏បានត្រៀមវ៉ាក់សាំងរួចរាល់ហើយដែរ ហើយល្បឿននៃការចាក់យ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ តែនៅពេលចាប់ផ្ដើមដំណើរការបានមួយថ្ងៃ ឬពីរថ្ងៃអាចដឹងហើយ។
សម្តេចពិជ័យសេនាបញ្ជាក់ដែរថា តាមគម្រោងយុទ្ធនាការនេះ នឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា នឹងបញ្ចប់ដូសទី០១ ហើយថ្ងៃបន្ទាប់ទៀត គឺត្រូវចាក់ដូសទី២ តែគម្រោងនេះ អាចខុសគ្នាបន្តិចបន្តួច។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញនេះ ជាតំបន់ដែលមានឆ្លងខ្លាំង ហើយការឆ្លងខ្លាំង គឺស្ថិតនៅក្នុងតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់ក្រហម ដែលមានអ្នកឆ្លងជាបន្តបន្ទាប់ ដូច្នេះតាមចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យយកវ៉ាក់សាំងទៅចាក់ស្រោចនៅតំបន់ក្រហមនេះតែម្តង ដើម្បីឲ្យវ៉ាក់សាំងនេះចូលទៅក្នុងរាងកាយរបស់មនុស្សនៅតំបន់ក្រហមនេះឲ្យបានច្រើន ដើម្បីទប់ទល់ចំពោះការរីករាលដាលនៅតំបន់នោះ។
ទាក់ទងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ បើតាមរបាយការណ៏នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឱ្យដឹងថា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងតំបន់ក្រហមឱ្យស្របតាមដែនការកំណត់នោះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន២៧០នាក់។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចំពោះប្រតិបត្តិការនេះ មានកងឯកភាពចូលរួមចំនួន ១៣ ក្នុងនោះរួមមាន៖ កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក, យោធពភូមិភាគពិសេស, បញ្ជាការដ្ឋានកងទ័ពអាកាស, ការិយាល័យសុខាភិបាល កងទ័ពអាកាស, ទីចាត់ការសុខាភិបាល, បញ្ជាការដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានបញ្ជូនសារ, និងសាលា, កងទ័ពជើងទឹក, កងទ័ពអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រភេទ និងនាយកដ្ឋានសុខាភិបាល។
នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ចំនួនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងទៅ មានចំនួន ៣៤៨,៦១៧នាក់ និងកម្មករនិយោជិតចំនួន៤៥៦,៤១៦នាក់ សរុប៨០៥,០៣៣នាក់ ក្នុងនោះមានប្រជាពលរដ្ឋចំនួនប្រហាក់ប្រហែល២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចស្មើនឹង២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ដែរថា ចំនួនប្រជាពលរដ្ឋ ដែលត្រូវចាក់ក្នុងយុទ្ធនាការនេះមានប្រហាក់ប្រហែលចំនួន៤៧១,៥៧៣នាក់ ស្មើនឹងបរិមាណវ៉ាក់សាំង ដែលត្រូវចាក់ទាំងពីរដួស មានចំនួន ៩៤៣,១៤៦ដូស ហើយវ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេសចំនួន៩០០,០០០ដូស ក្នុងនោះ ស៊ីណាវ៉ាក់ (SINOVAC) ចំនួន៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់