Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចុះស្រាវជ្រាវករណីចោរគាស់ផ្ទះតំណាងចែកចាយ DW យកទូដែកមានប្រាក់ជាង៥០ម៉ឺនដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកស្រាវជ្រាវជុំវិញករណីចោរគាស់ផ្ទះមករា មុំ ដែលជាតំណាងចែកចាយធំក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេសថៃ និងកូរ៉េ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការចុះស្រាវជ្រាវករណីនេះ បន្ទាប់ពីជនរងគ្រោះឈ្មោះ ហេង មករា ភេទស្រី អាយុ៣២ឆ្នាំ ដែលគេស្គាល់ថា មករា មុំ  ជាតំណាងចែកចាយធំក្រុមហ៊ុន DW សាខាបឹងសាឡាង បានឡាយបង្ហោះវីដេអូ ពីមន្ទីរពេទ្យ ខណៈនាងព្យាបាលជំងឺកូវីដ-១៩ ដោយបានយំសោក រៀបរាប់ថា ផ្ទះរបស់ខ្លួនត្រូវបានក្រុមចោរគាស់ទូដែកយកប្រាក់ប្រមាណជាង៥០ម៉ឺន ពេល ដែលគាត់បានចាក់សោផ្ទះត្រឹមត្រូវទៅព្យាបាលនៅមជ្ឈមណ្ឌម៉ូឌែន២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មន្ត្រីនគរបាលបានឱ្យដឹងថា ផ្ទះដែលអះអាងថាចោរគាស់នោះ លេខ៣៥B ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានសមាជិកចំនួន៧នាក់ មានវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលទាំងអស់ដោយចាកសោផ្ទះទុកចោល។ ចំពោះករណីនេះគេពុំដឹងថា ក្រុមចោរគាស់ផ្ទះមានគ្នាប៉ុន្មាននាក់ឡើយ ហើយ ធ្វើសកម្មភាពតាំងពីពេលណានោះដែរ។

តាមសមត្ថកិច្ចមូលដ្ឋានស៊ើបសួរប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍ចោរគាស់ផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋហាត់ប្រាណបានឆ្លងកាត់ និងប្រទះឃើញផ្ទះនោះចំហទ្វារ តែមិនមាននរណាម្នាក់ចាប់អារម្មណ៍។ លុះនៅវេលាម៉ោងប្រមាណ១រសៀល ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះ បើកទ្វារចូលទៅក្នុងមួយសន្ទុះក្រោយមក មានម៉ូតូកង់៣មួយគ្រឿងបានមកដឹកទំនិញ សង្ស័យថាមកដឹកទូរដែកចេញ តែពុំមាននណាចាប់អារម្មណ៍ ដោយអ្នកជិតខាងស្មានតែម្ចាស់ឱ្យគេមកដឹកទំនិញដូចសព្វដង។

យោងតាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឡាយបង្ហោះវីដេអូលើបណ្តាញសង្គមបានឱ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានចោរចូលគាស់យកទូដែកទង្ងន់១០០គីឡូក្រាមទៅបាត់ ដោយយកប្រាក់ គ្រឿងអលង្ការពេជ្រ កូនជ្រូក សរុបអស់ជាង៥០ម៉ឺនដុល្លារ និងប្លង់ផ្ទះ៣កន្លែង ប្លង់ដី៥កន្លែងយកទៅទាំងអស់។

សូមបញ្ជាក់ផងដែរថា នគរបាលបានចុះទៅត្រួតពិនិត្យផ្ទះកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញជនសង្ស័យគាស់ផ្ទះនេះ។ ចំណែកកាមេរ៉ាសុវត្តិភាពត្រូវបានជនសង្ស័យដោះយកដុំទៅបាត់ទាំងអស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម