ព័ត៌មានជាតិ
ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart
ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្ត្រីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការជ្រើសតាំងនេះ បានផ្តល់ឱកាសមួយ ដែលជួយឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំសាសនាអ៉ីស្លាមនៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជយលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩៣មក ជាពេលដែលលោកបានចូលជាសមាជិកវិហារអ៉ីស្លាមក្នុងភូមិរបស់លោក លោកតែងចូលចិត្តជួយដល់ប្រជាពលរដ្ឋជាទូទៅតាមដែលលោកអ្នកធ្វើទៅបាន។ ក្នុងឆ្នាំ២០០០ នៅពេលដែលលោក អ៊ែល ម៉ាត់ ត្រូវបានតែងតាំងជាអ៉ីមាំម៉ាស្ជិត លោកក៏បានប្រើតួនាទីថ្មីរបស់លោក ដើម្បីជួយដល់ជនក្រីក្រខ្វះខាត ក្មេងកំព្រា និងមនុស្សស្ទើរគ្រប់គ្នាក្នុងសហគមន៍របស់គាត់ ដោយទទួលបានថវិកាពីសមាគមប្រភពល្អកម្ពុជា សមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា និងសប្បុរសជននានា។
លោក អ៊ែល ម៉ាត់ បានមានប្រសាសន៍ថា “ខ្ញុំចូលមកបម្រើការនៅក្នុងភូមិគឺមានចិត្តមួយអាណិតដល់ស្រីមេម៉ាយ និងក្មេងកំព្រា ហើយខ្ញុំក៏ទាក់ទងទៅសមាគមឱ្យគេជួយចិញ្ចឹម ជួយឧបត្ថម្ភផ្សេងៗ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-20_14-44-18-2-1024x768.jpg)
ក្នុងនាមជាខ្មែរអ៉ីស្លាមម្នាក់ ការជួយដល់គេឯងនេះក៏ជាផ្នែកសំខាន់មួយផងដែរទាំងនៅក្នុងសាសនា និងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ផងដែរ។ ទាំងនេះហើយជាមូលហេតុដែលលោក កូប ហាសាន់ បានជ្រើសតាំងលោក អ៊ែល ម៉ាត់ ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក កូប ហាសាន់ បានថ្លែងថា “ខ្ញុំជ្រើសរើសយកគាត់ គឺដោយសារគាត់ធ្វើការអត់ចង់បានអ្វីទាំងអស់សូម្បីតែប្រាក់ខែក៏គ្មានដែរ។ ខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន ខ្ញុំជាយុវជនខ្ញុំខ្មាសគាត់មែនទែនព្រោះខ្ញុំធ្វើអត់បានដូចគាត់។ មិនមែនថាយើងចង់អំនួតប្រាប់គេថាយើងជាមនុស្សល្អ ១០០% នោះទេ គ្រាន់តែយើងចង់ឲ្យអ្នកដទៃគេខំប្រឹងធ្វើល្អដែរ”។
លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និងស្វាមីរបស់លោកយាយឈ្មោះ ស្មាន ហ៊ីម អាយុ ៧៥ ដែលស្ថិតក្នុងវ័យជរាមិនអាចដើរបាន គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះនៅក្នុងសហគមន៍របស់គាត់ដែលលោក អ៊ែល ម៉ាត់ បានជួយ។ លោកយាយបានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើននៅភូមិ ដោយគាត់ផ្តោតអាទិភាពលើអ្នកក្រ កុមារកំព្រា ស្ត្រីមេម៉ាយ និងមនុស្សចាស់ជរា ហើយលោកយាយទទួលបានជំនួយជាស្បៀងអាហារ និងថវិកាខ្លះពីគាត់ផងដែរ។ លោកយាយមានប្រសាសន៍ថា “គាត់មិនដែលគិតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទេ។ គាត់ជួយបងប្អូនក្នុងភូមិ។ និយាយរួមទៅគាត់ជួយទាំងអស់គ្នាក្នុងភូមិហ្នឹង មិនមែនតែខ្ញុំទេ។ ឱ្យតែគាត់មើលទៅឃើញថា មានអ្នកជួបការលំបាកអី គាត់ជួយហើយ ជាពិសេសកូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រអ៊ីចឹងគាត់ជួយទាំងថវិកា ជួយទាំងកង់។ គាត់ទទួលបានជំនួយមក គាត់ចេះតែជួយអ៊ីចឹងទៅ ម្តងគេម្តងយើង”។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-20_14-44-20-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-20_14-44-21-768x1024.jpg)
សម្រាប់លោក អ៊ែល ម៉ាត់ វិញ គាត់នឹងបន្តជួយមនុស្ស បើទោះជាលោកទទួលបាន ឬមិនទទួលបានពានរង្វាន់នេះក្ដី ព្រោះលោកបានជួយមនុស្សតាំងពីពេលលោកនៅក្មេងមកម្ល៉េះ។អ្នករកប្រាក់ឧបត្ថម្ភប្រជាជនក្នុងសហគមន៍ខ្មែរអ៉ីស្លាមរូបនេះបានថ្លែងថា “និយាយរួមទៅ មិនចង់ថាមានឈ្មោះមានអីទេ ប៉ុន្តែវាជាកាតព្វកិច្ចមួយថាយើងជួយកសាងហ្នឹងឱ្យអ្នកជំនាន់ក្រោយទៀតឱ្យចេះជួយក៏សាងគ្នាបន្តៗទៅទៀតគោលបំណងរបស់ខ្ញុំអ៊ីចឹង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជយលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។ ដើម្បីចូលមើលវីដេអូអំពីលោក អ៊ែល ម៉ាត សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5ALdm6JtUo/។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?