ព័ត៌មានជាតិ
ស្ថានទូតអាមេរិក មូលនិធិអាស៊ី និងវិទ្យាស្ថានជាតិការទូត រួមគ្នាបើកសិក្ខាសាលា “ជំនាញកិច្ចការទូត”
ស្ថានទូតអាមេរិកនៅភ្នំពេញ មូលនិធិអាស៊ីប្រចាំកម្ពុជា និងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមសិក្ខាសាលារួមគ្នា ស្តីពីជំនាញកិច្ចការទូត ដើម្បីជំរុញការផ្លាស់ប្តូរមតិយោបល់ និងការអនុវត្តល្អៗ នៅក្នុងវិស័យគន្លឹះ ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលស្ថានទូតអាមេរិកនៅភ្នំពេញបានផ្ដល់ជូន កម្ពុជាថ្មី នៅល្ងាចនេះ។
អ្នកដឹកនាំមកពីអង្គការ ស្ថាប័នក្នុងវិស័យឯកជន ក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ស្ថាប័នទូត និងពហុភាគី បានចូលរួមជាមួយអ្នកការទូតកម្ពុជាវ័យក្មេងចំនួន ៣១នាក់ នៅក្នុងសិក្ខាសាលាប្រចាំសប្តាហ៍ដែលមានជាបន្តបន្ទាប់ចំនួន ៤លើក ដើម្បីផ្លាស់ប្តូរទស្សនៈលើនិន្នាការសំខាន់ៗ ដូចជាមធ្យោបាយសម្រាប់ធ្វើការទាក់ទងជាមួយសាធារណជនបរទេស ដោយប្រើមធ្យោបាយសេដ្ឋកិច្ចដើម្បីជំរុញផលប្រយោជន៍ជាតិ ពហុនិយម និងបន្ស៊ីគ្នានូវទិន្នន័យ និងព័ត៌មាន សម្រាប់អ្នកធ្វើគោលនយោបាយ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកការទូតកម្ពុជា នៅក្នុងវិទ្យាស្ថាន NIDIR ថា៖ “បញ្ហាប្រឈមនៅក្នុងសាកលលោកនាសម័យបច្ចុប្បន្នមិនដែលធ្លាប់មានទេពីមុនមក ហើយសហគមន៍អន្តរជាតិពឹងលើអ្នកការទូត «ជំនាន់ក្រោយ» ហើយ ក្នុងការរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ”។
លោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ “សិក្ខាសាលានេះនឹងធ្វើឱ្យមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាល្អ សម្រាប់អ្នកការទូតវ័យក្មេងកម្ពុជារបស់យើង ដើម្បីទទួលបានទស្សនៈថ្មីៗ លើប្រធានបទនានា ដែលខ្ញុំជឿជាក់ថា នឹងធ្វើឱ្យអ្នកការទូតវ័យក្មេងកម្ពុជារបស់យើងមានចំណេះ និងជំនាញ ដែលគេត្រូវការ ដើម្បីធ្វើឱ្យខ្លួនគេរីកចម្រើនទៅមុខនៅក្នុងពិភពលោកសព្វថ្ងៃ ដែលមានភាពស្មុគស្មាញ”។
លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “នេះជាឱកាសពិសេសមួយ សម្រាប់ធ្វើការចែករំលែកទស្សនៈនានា លើប្រធានបទដែលមានសារៈសំខាន់នាសព្វថ្ងៃនេះជាមួយអ្នកការទូតវ័យក្មេងកម្ពុជា និងជំរុញឱ្យមានការផ្លាស់ប្តូរគ្នា ដោយបើកចំហ និងដោយស្ថាបនា”។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម អាមេរិក-កម្ពុជា AmCam ២០២១ របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ពីការខិតខំធ្វើ សហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ទាក់ទងនឹងវិបុលភាព សន្តិភាព គោលការណ៍ និង ភាពជាដៃគូ។
វិទ្យាស្ថាន NIDIR ត្រូវបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ ២០១៦ ជាគំនិតផ្តួចផ្តើមរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមឆ័ត្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិទ្យាស្ថាននេះមានបំណងកសាងសមត្ថភាពជំនាញអាជីពរបស់អ្នកការទូតវ័យក្មេងអាជីពកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បីឱ្យពួកគេអាចបំពេញកិច្ចការទូតនៅក្នុងពិភពលោក ដែលកំពុងមានការពិបាកកាន់តែច្រើនឡើង និងជាពិសេស លើកកម្ពស់ការចូលរួម និងតួនាទីរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចការតំបន់។
មូលនិធិអាស៊ី គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិ មិនស្វែងរកកម្រៃចំណេញមួយ ដែលផ្តោតលើការលើកកម្ពស់ជីវិតរស់នៅ នៅទូទាំងតំបន់អាស៊ីដែលកំពុងមានការអភិវឌ្ឍ និងមានភាពរស់រវើក។ ដោយបានទទួលជំនាញដ៏ជ្រាលជ្រៅពីអ្នកនៅក្នុងស្រុក និងជាមួយនឹងបទពិសោធន៍រយៈពេល ៦ទសវត្សរ៍ ការងាររបស់ខ្លួននៅទូទាំងតំបន់ សំដៅឈានទៅសម្រេចគោលដៅរួមចំនួន៥ គឺពង្រឹងអភិបាលកិច្ច ផ្តល់លទ្ធភាពដល់ស្រ្តី ពង្រីកឱកាសសេដ្ឋកិច្ច បង្កើនភាពធន់នៃបរិស្ថាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់៕
អត្ថបទផ្ដល់ដោយស្ថានទូតអាមេរិកនៅភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ