Connect with us

កូវីដ-១៩

បាត់ដំណឹងកូនក្រមុំ​ជិត១ ខែ ចុងក្រោយ​​ទើបដឹងថាស្លាប់ដោយ​​សារ​កូវីដ

បានផុស

នៅ

លោក ភិន ទិត្យ ​ត្រូវ​ជាឪពុក​របស់កូនស្រី ភិន សុដាលីន អាយុ​១៧ឆ្នាំ បាន​បាត់​ដំណឹងកូនស្រីរបស់ខ្លួន​ជិត១ខែ ទើបដឹងថាស្លាប់ដោយសារកូវីដ១៩ ។កូន​ស្រី​លោ​ក​ត្រូវបាន​​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ព្រះកេតុមាលា ក្រោយពី​រក​ឃើញថារូបនាងមាន​វិជ្ជ​មាន​កូវីដ១៩។

លោក ភិន ទិត្យ បាន​ប្រាប់​ថា លោក​ទទួល​បាន​ដំណឹង​ពី​គ្រូពេទ្យ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា កូន​ស្រី​របស់​លោក បាន​ស្លាប់​បាត់​ទៅហើយ ក្រោយ​មួយថ្ងៃ​ដែល​លោក​បានពឹងពាក់សាច់ញាតិឱ្យ​បង្ហោះ​សារ​ស្វែង​រក​កូន​ស្រី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភិន ទិត្យ បាន​ប្រាប់​ថា រូបលោក​បាន​បាត់​ដំណឹង​កូន​ស្រី​ជិត​មួយខែ​ និង​បាន​ដើរស្វែង​រក​ជា​ច្រើន​មន្ទីរពេទ្យ តែ​គ្មាន​ដំណឹង ទើប​ឱ្យ​សាច់ញាតិ​បង្ហោះ​ហ្វេស​ប៊ុក​ស្វែងរក។ ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ហោះ នៅ​ថ្ងៃ​ទី ២៣ ម្សិលមិញ មាន​ពេទ្យ​ទូរស័ព្ទ​ប្រាប់​​ថា​កូន​ស្រី​របស់​លោក​បាន​ស្លាប់​ហើយ​ គឺ​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា​ ខណៈ​គ្រូពេទ្យ​មិន​បានទាក់​ទង​ទៅ​រូប​លោក​សោះ។

កូនស្រីរបស់លោកឈ្មោះ ភិន សុដាលីន អាយុ១៧ឆ្នាំ ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​រតនគិរី មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ដោយសារ​តែ​មាន​ជំងឺ​ច្រើន​មុខ ដូច​ជា​រលាក​ស្រោម​ខួរ និង​បញ្ហា​តម្រងនោម ដោយ​រូបលោក​ និង​ភរិយា​ជាអ្នកមើលកំដរកូនស្រី។

តាម​ការរៀប​រាប់​របស់លោក ភិន ទិត្យ ថ្ងៃ​ចុងក្រោយ​ដែលលោក​បានឃើញ​មុខកូនស្រី គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ពេលនោះ កូន​ស្រី​របស់​លោក​ និង​ប្រពន្ធ ត្រូវ​បាន​ឡានពេទ្យ​ដឹក​ចេញ​ពី​មន្ទីរពេទ្យ ព្រះកេតុមាលា បន្ទាប់​ពី​រក​ឃើញ​ថា កូនស្រី​របស់​លោក​វិជ្ជមានជំងឺកូវីដ១៩ ឆ្លងពី​អ្នក​កើត​កូវីដម្នាក់ទៀត អំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​នៅ​បន្ទប់សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខាង​លើ។

លោក​ប្រាប់​ថា​ពេល​នោះ​សមាជិក​គ្រួសារ​របស់​លោក​នៅ​ក្នុង​ឡាន​ទាំង​៣នាក់​ ហើយ​កូន​ស្រី​របស់​លោក​​បាន​និយាយ​ជាមួយ​រូប​លោក​ធម្មតា​ថា យក​នាង​ទៅ​ណា​ លោក​ប្រាប់​ទៅ​ព្យាបាល​កន្លែង​ផ្សេង។

​ថ្ងៃ​នោះ ឡាន​ពេទ្យ​បាន​ដាក់កូន​ស្រី​របស់​លោក​ចុះ​នៅ​មណ្ឌលសម្រាកព្យាបាល​កូវីដ១៩ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំណែករូបលោក និង​ភរិយា​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡីស័ក​នៅមណ្ឌល​ចត្តាឡីស័ក​ព្រែក​ព្នៅ។ លោក គ្រាន់​តែ​ឆ្ងល់ថា​បើកូន​លោក​ស្លាប់​ហេតុអ្វីពេទ្យមិនទាក់ទងប្រាប់លោក​ជា​ឪពុក រហូតទាល់តែរូបលោក និងប្រពន្ធបញ្ចប់ចត្តាឡីស័ក ចេញក្រៅមករកកូន។​​

សេចក្តីជូនដំណឹងរបស់ក្រសួង​សុខាភិបាល គិត​ចាប់ពីថ្ងៃទី ២៦ ខែ​មេសា ពុំមានប្រវត្តិ ឬការ​រាយ​ការណ៍​​​អំពី​អ្នកជំងឺ​អាយុ​១៧​ឆ្នាំ​ទទួលមរណភាព​ដោយ​កូ​វី​ដ​-១៩ នោះទេ ពោលគឺមាន​តែអ្នកស្លាប់ចាប់ពីអាយុ ៣០ ឆ្នាំឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម