សុខភាព
បញ្ហាខ្វះគ្រាប់ឈាមក្រហម អំឡុងពេលមានផ្ទៃពោះ!
ភាពស្លេកស្លាំងជាស្ថានភាពដែលមនុស្សយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹកនាំអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងមានហានិភ័យខ្ពស់ជាងអ្នកដទៃ ក្នុងការខ្វះគ្រាប់ឈាមក្រហមដោយសារមូលហេតុកង្វះជាតិដែកជាចម្បង។ ការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យស្ត្រីនិងទារកក្នុងផ្ទៃខ្សោយនិងហត់អស់កម្លាំងជាងធម្មតា។
ក) តើអ្វីដែលបណ្តាលឱ្យខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹកជញ្ជូនអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេដង ដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។
ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។ ក្រៅពីកង្វះជាតិដែក ជំងឺខ្វះគ្រាប់ឈាមក្រហម ក៏មានមួលហេតុផ្សេងៗដទៃទៀតដែរ ដូចជា ជំងឺអេម៉ូក្លូប៊ីន ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវឲ្យអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាម ដើម្បីរករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។
ខ) ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម៖
ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។
គ) កត្តាប្រឈម៖
ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:
– ស្ត្រីដែលមានកូនច្រើនហើយញឹក
– ស្ត្រីដែលមានផ្ទៃពោះ ដែលមានទារកច្រើនជាងមួយ(កួនភ្លោះ)
– ស្ត្រីដែលក្អួតញឹកញាប់ដោយសារចាញ់កូន
– ស្ត្រីដែលពិសាជាតិដែកមិនបានគ្រប់គ្រាន់
– ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។
ឃ) រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហម៖
ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកម្រិតមធ្យមឬធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងស្ដែងចេញដួចជា:
– អស់កម្លាំងខ្លាំងនិងទន់ខ្សោយ
– ស្បែកស ស្លេកជាងធម្មតា
– មានការញ័រទ្រូង ញ័របេះដូង
– ហត់ ដង្ហើមខ្លីៗ
– វិលមុខ ឬឈឺក្បាលជាដើម
* ចំណាំ៖ ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញានៃការមានផ្ទៃពោះទូទៅដែរ។ ទោះមាន ឬមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាមក្នុងពេលពិនិត្យសុខភាពមុនសម្រាល។
ង) វិធីការពារ និងព្យាបាល៖
វិធីការពារបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ជាធម្មតាគឺការផ្តល់ថ្នាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះ ដែលមានផ្ទុកជាតិដែកបរិមាណគ្រប់គ្រាន់។ ការទទួលទានពួកវីតាមីននិងជាតិដែក អាចជួយការពារនិងព្យាបាលភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការជាតិដែក២៧ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារូបត្ថម្ភល្អអាចការពារភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។
អាហារសំបូរជាតិដែករួមមាន:
-សាច់ក្រហមគ្មានខ្លាញ់
-សាច់មាន់
-សាច់ត្រី
-គ្រាប់ធញ្ញជាតិ
-សណ្តែកនិងបន្លែ។
ដើម្បីបង្កើនការស្រូបយកជាតិដែកពីប្រភពសាច់ រុក្ខជាតិនិងថ្នាំគ្រាប់ គួរពិសាជាមួយអាហារដែលមានវីតាមីនសេខ្ពស់ ដែលមានដូចជាទឹកក្រូចច្របាច់ ទឹកប៉េងប៉ោះឬ strawberries។ ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់ជាតិដែកជាមួយនឹងទឹកក្រូច គួរជៀសវាងការប្រើពពួកជាតិកាល់ស្យូមក្នុងពេលព្រមគ្នាតែមួយ។ ទោះបីជាសារធាតុចិញ្ចឹមកាល់ស្យូមមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិកាល់ស្យូមអាចបន្ថយការស្រូបយកជាតិដែក។
*បញ្ជាក់៖ ប្រសិនបើអ្នកមានផ្ទៃពោះកំពុងប្រើពួកថ្នាំវីតាមីន និងជាតិដែកគ្រប់គ្រាន់ នៅតែមានភាពស្លេកស្លាំងនោះ ការធ្វើតេស្តវេជ្ជសាស្ត្រដើម្បីកំណត់ពីមូលហេតុនៃកង្វះគ្រាប់ឈាមក្រហមផ្សេងទៀត គឺជាការចាំបាច់។ ក្នុងករណីនេះ ការមកពិគ្រោះជាបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរោគស្ត្រី និងសម្ភព រួមនឹងវេជ្ជបណ្ឌិតជំនាញគ្រាប់ឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ជាជម្រើសល្អបំផុត។
«ការពារស្ត្រីមានផ្ទៃពោះពីបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺដើម្បីសុខភាពមាតានិងទារក និងសម្រាប់សុភមង្គលគ្រួសារទាំងមូល!»៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៥ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក