ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនយក្សកូរ៉េ LS Electric សហការជាមួយនឹងក្រុមហ៊ុន Onion ផលិតម៉ូតូកង់បី ប្រើអគ្គិសនីដំបូងបង្អស់នៅកម្ពុជា
ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាល និងរោងចក្រផលិតរបស់ក្រុមហ៊ុន LS Electric កន្លងមកប៉ុន្មានសប្តាហ៍មុននេះ បានស្នើជំរុញក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយ ក្រុមហ៊ុន Onion ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើប្រាស់អគ្គិសនី ដំបូងបំផុតនៅកម្ពុជា។
កន្លងមក ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក គឹ ២២ មេសា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូល និង ២៥ ឧសភា នៅរោងចក្រផលិតរបស់ ក្រុមហ៊ុន LS Electric នាទីក្រុង Cheongju ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសេដ្ឋកិច្ច និង ស្វែងយល់ដំណើរការផលិតគ្រឿងអេឡិចត្រូនិក នៃរោងចក្រវ័យឆ្លាត (Smart factory) ដែលអាចជំរុញល្បឿនចង្វាក់ផលិតកម្ម និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ឡុង ឌីម៉ង់ បានយកឱកាសនោះ ដោយជំរុញក្រុមហ៊ុន LS Electric នេះ សហការជាមួយក្រុមហ៊ុន Onion ជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើប្រាស់អគ្គិសនីដំបូងបំផុតនៅកម្ពុជា ដែលកន្លងមកស្ថានទូតបានសម្របសម្រួលជាមួយស្ថាប័ននានានៅកម្ពុជា ដើម្បីបានសហការវិនិយោគលើផ្នែកបច្ចេកវិទ្យា និងការផលិតម៉ូតូកង់បី បែបឆ្លាតវ័យនៅកម្ពុជា។ ជាលទ្ធផលក្រុមហ៊ុន LS នឹងយកមកសំណើនេះទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការសហការជាមួយស្ថានទូត ដើម្បីបាននាំយកបច្ចេកវិទ្យាផលិតដ៏ទំនើបនេះទៅបំពាក់នៅរោងចក្រផលិតនានា នៅកម្ពុជានាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន LS Electric ជាក្រុមហ៊ុនធំលំដាប់ពិភពលោក មានរោងចក្រចំនួន៨ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍចំនួន៤ ដៃគូ Subsidiaries ចំនួន ១៣ និងមានសាខាចែកចាយចំនួន ១៦ នៅទូទាំងពិភពលោក។ ផលិតផលសំខាន់ៗ របស់ LS Electric មានឧបករណ៍បំបែកសៀគ្វី និងកុងតាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ ២.៦លានគ្រឿងឯណោះ។ ឧបករណ៍ទាំងនេះអាចប្រើប្រាស់បានសម្រាប់ជាមុខងារប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជាឧបករណ៍ដទៃទៀតដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម។
លោកប្រធានក្រុមហ៊ុន Koo Ja-kyun ក្នុងដំណើរទស្សនកិច្ចនោះដែរ បានលើកឡើងថា ទាំងចំណេះដឹង និងបទពិសោធដ៏សម្បូរបែបផ្នែកបច្ចេកវិទ្យា និងការវិនិយោគរបស់ LS Electric នៅលើពិភពលោក អាចបង្កើតភាពជាដៃគូជាមួយប្រទេសអាស៊ាន ដើម្បីបង្កើតតម្លៃថ្មី និងឱកាសប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មដ៏សំបូរបែប ជាពិសេសអាចសហការលើការផលិត Semiconductor, Automotive, Elevator, Rubber & Plastics, Water Management, Pharmaceutical, Machine Tools and BMC ជាដើម។
លោកប្រធានក្រុមហ៊ុន LS Electric ក៏បាននាំបណ្តាទូតអាស៊ានទៅពិនិត្យមើលទីតាំងផ្នែក G-sector ដែលជាផ្នែកសំខាន់នៃខ្សែផលិតកម្មវ័យឆ្លាតរបស់រោងចក្រ។ ទីតាំងផ្នែក G sector នេះមាននូវខ្សែផលិតកម្មវ័យឆ្លាតដែលមានការធ្វើស្វ័យប្រវត្តិកម្មទាំងស្រុង ក្នុងការតម្លើងសម្ភារៈអេឡិកត្រូនិកនានា រួមទាំងការធ្វើតេស្ត និងវេចខ្ចប់ផងដែរ ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ ២០ប៊ីលានវ៉ុន (១៨លានដុល្លារ) ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។
បើតាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន ក្រោយពីរោងចក្រនេះ ត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្ម ត្រូវបានកាត់បន្ថយដល់ពាក់កណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់ ៦០% រីឯការប្រើប្រាស់ថាមពលបានថយចុះ ៦០% ហើយអត្រាផលិតផល ដែលមានការខូចខាតក្នុងដំណើរការផលិតកាត់បន្ថយមកនៅត្រឹមតែ ៧ ឯកតាប៉ុណ្ណោះក្នុង១លានឯកតាផលិត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់