ព័ត៌មានជាតិ
មិនធម្មតា ពេលដឹងទម្ងន់ និងចំនួនជាងកសាងមហាបដិមាស្ពាន់ទាំង៣នៃខេត្តព្រះសីហនុ
រូបសំណាកស្ពាន់ធំៗចំនួន៣ ត្រូវបានកសាងឡើង តំណាងឱ្យខេត្តព្រះសីហនុ និងកំពុងដំឡើងនៅរង្វង់ភ្ជាប់មហាវិថីសំខាន់ៗដែលទើបស្ថាបនារួច។ រូបសំណាកទាំងនេះ មានកម្ពស់ ពី៩ម៉ែត្រ ដល់ ២១ម៉ែត្រ រំលេចរចនាបថនៃសិល្បៈទាក់ទងទៅនឹងវប្បធម៌ខ្មែរបុរាណ ដែលមានទម្ងន់សរុបជាង ៧០តោន និងប្រើកម្លាំងជាងកសាងរហូតជិត៥០នាក់។

បើតាម លោក សុខ ចំរើន ជាប្រធានសិប្បករសាងសងរូបមហារូបសំណាកស្ពាន់ទាំង៣ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះរូបសំណាករូប សីហរាជ មានទម្ងន់ ជាង៩តោន ចំណែករូបសំណាកព្រះសីវៈ និងព្រះនាងឧមាភគវតី មានទម្ងន់ជាង១៧តោន និងរូបសំណាក ព្រះថោងនាងនាគ មានទម្ងន់រហូតជាង ៤០តោន។
លោកបានឱ្យដឹងបន្ថែមថា ចំពោះការកសាងរូបសំណាកទាំង៣ធំៗនេះ ត្រូវប្រើកម្លាំងជាងមានសរុបជាង៤៥នាក់ ដែលមានរួមទាំងផ្នែកគ្រឹះ និងជាងចម្លាក់ស្ពាន់។
លោក បានបន្តទៀតថា ចំណោះការដំឡើងរូបសំណាកសីហរាជ និងរូបសំណាកព្រះសិវៈ និងព្រះនាងឧមាភគវតី តាមទីតាំងនីមួយៗ នឹងបញ្ចប់ក្នុងកំឡុងពេល១០នេះ។

ចំពោះការចំណាយក្នុងការសាងសង់រូបសំណាកទាំង៣ ត្រូវបានលោក លី រស្មី អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បច្ចេកទេសផ្លូវថ្នល់ ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងនឹងព័ត៌មាននៃការចំណាយលើបដិមាទាំងបី មិនទាន់អាចផ្សាយបានទេ ព្រោះគម្រោងនៅមិនទាន់ចប់នៅឡើយ ទើបមិនទាន់មានគោលការណ៍ពីក្រសួងឱ្យផ្សាយពីតម្លៃ ដោយត្រូវរង់ចាំសាងសង់រួចរាល់ទាំងស្រុងសិន។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា រូបសំណាកទាំង៣ស្ថិតនៅក្នុងគម្រោងនៅក្នុងផែនការនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ ពាក់ព័ន្ធការចំណាយផ្សេងៗគឺស្ថិតនៅក្នុងគម្រោងនោះ។ ចំណែការសម្ពោធរូបសំណាកក៏នឹងរៀបចំដាក់ដំណើរការរួមគ្នា ប៉ុន្តែពេលវេលាមិនទាន់បានកំណត់ជាក់លាក់នៅឡើយ ដោយសារកំពុងជួបវិបត្តិកូវីដ-១៩។

លោក ឃាង ភារម្យ បានបង្ហាញថា រូបសំណាកសីហរាជមុខបី ជានិមិត្តរូបនៃក្រុងព្រះសីហនុ សាងសង់ឡើងជាការគោរពដឹងគុណូបការៈចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ដោយដាក់នៅរង្វង់មូលចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ ៤ និងវិថីជោតញ្ញាណ តំណាងឱ្យសេចក្តីសុខ សុភមង្គល និងភាពសុខសាន្ត។
អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ មានប្រសាសន៍បន្ដថា ចំណែករូបសំណាក ព្រះសិវៈនិងព្រះនាងឧមាភគវតី ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រង្វង់មូលព្រះសិវៈ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។

លោក ឃាង ភារម្យ មានប្រសាសន៍បន្ថែមថា ចំពោះរូបសំណាកព្រះថោងនាងនាគបែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ដែលទ្រង់ធ្វើដំណើរយាងជួបព្រះមាតាបិតា នៅ ឋានភុជង្គនាគ ជានិមិត្តរូបនៃការកកើតទឹកដីខ្មែរ វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ រូបសំណាកព្រះថោងនាងនាគ ដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាមក្រុងព្រះសីហនុ។

គួរបញ្ជាក់ថា សីហរាជមុខបីរូបសំណាកនេះសាងសង់ពីលោហធាតុមានកម្ពស់ ៩ ម៉ែត្រ ចំណែកបដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី មានកម្ពស់ ៩ម៉ែត្រ និងរូបសំណាកព្រះថោងនាងនាគ មានកម្ពស់ ២១ ម៉ែត្រ៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពាក់ព័ន្ធ៖ មិននឹកស្មានថា មេជាងរូបសំណាកស្ពាន់ធំជាងគេនៅកម្ពុជា មានប្រវត្តិសិក្សាបែបនេះ!


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម