ព័ត៌មានជាតិ
ក្រសួង២ ច្រានចោលការផ្សាយរបស់សារព័ត៌មាន Asia Times
ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសច្រានចោលទាំង ស្រុង របស់សារព័ត៌មានអាស៊ានថាមស៍ (Asia Times) និងបានចាត់ទុកថា ជាព័ត៌មានប្រឌិត បំផ្លើសគ្មានការពិត។
បើតាមក្រសួងប្រៃសណីយ៍ និងក្រសួង សុខាភិបាល កាលពីថ្ងៃទី១០ ខែមិថុនា សារព័ត៌មានអាស៊ានថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពី ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្រោមចំណងជើងថា “ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid app data)” ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យនិងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិនបានជួបមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ តាម រយៈប្រព័ន្ធ QR Code ។
ទាក់ទងការលើកឡើងនេះ ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មាននេះ ដោយចាត់ទុកជាព័ត៌មានបំភ្លៃ បំផ្លើស ដែលបំពុលសង្គម និងមតិសាធារណៈ ព្រមទាំងញុះញង់ក្នុងគោលបំណងរារាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងទាំងពីរបានពន្យល់ថា ទី១. ប្រព័ន្ធ QRCode“ទប់ស្កាត់កូវីដ Stop Coiel” ត្រូវបានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីមាន “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ។ ប្រព័ន្ធនេះ មិនមែនត្រូវបានប្រើប្រាស់តែនៅកម្ពុជានោះទេ គឺមានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ក្នុងតំបន់ និងពិភពលោក ក្នុងពេលជំងឺនេះកំពុងរីករាលដាល។ ប្រព័ន្ធ QR Code នេះ កត់ត្រាលេខទូរសព្ទតែមួយគត់ ដោយមិនប្រមូលទិន្នន័យឯកជនផ្ទាល់ខ្លួន ឬគន្លងធ្វើដំណើររបស់អ្នកប្រើប្រាស់នោះទេ។ ការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធ QR Code នេះ មានគោលបំណងការពារសុខភាពប្រជាពលរដ្ឋ នៅពេលមានជំងឺរីករាលដាល ជាសកល ដូចមានចែងក្នុងមាត្រា៧២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) ព្រមទាំងច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនិង គ្រប់គ្រងប្រព័ន្ធ QR Code នេះ ដោយខ្លួនឯង ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ។ ជាក់ស្តែង ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការជាតិនិងអន្តរជាតិ និងម្ចាស់ទីតាំងនានា បានលើកទឹកចិត្តដល់ ប្រជាពលរដ្ឋ និងបុគ្គលិករបស់ខ្លួន ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការ ការពារសុវត្ថិភាពផ្ទាល់ខ្លួន សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ទី២. សារព័ត៌មាន Asia Times បានប្រឌិតថា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាន ជួបជាមួយមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល សូមបដិសេធថា រហូតមកដល់ពេលនេះ ក្រសួងទាំងពីរមិនធ្លាប់ជួប ឬទទួលសំណើសុំយកទិន្នន័យក្នុងប្រព័ន្ធ QR Code ពីសំណាក់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិននោះទេ។ នេះគឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិតទាំងស្រុង។
បើតាមក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ការផ្សព្វផ្សាយអត្ថបទព័ត៌មានប្រឌិតនេះ មានគោលបំណងប្រែក្លាយការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ឱ្យទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួន ដោយពុំគិតអំពីអាយុជីវិត និងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះ ក្រសួងទាំងពីរ បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មាន ប្រឌិតនេះ និងបានថ្កោលទោសដល់ជនមួយចំនួនដែលប្រឌិតព័ត៌មានមិនពិត ហើយបានអំពាវនាវដល់ ប្រជាពលរដ្ឋ កុំចែកចាយព័ត៌មានមិនពិតនេះ និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីកម្ពុជាឆាប់បានបញ្ចប់នូវ “ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ”៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក