ព័ត៌មានជាតិ
ប្រធានក្រុមព្រះសុរិយា រំលឹកគ្រាមួយ ពេលឃើញផ្ទាល់ភ្នែក លោកតាអាយ៉ៃជើងចាស់ កាលពី ១៥ ឆ្នាំមុន
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានសម្តែងការសោកស្តាយ ក្រោយឮដំណឹងមរណភាពរបស់វីរសិល្បៈករចម្រៀងអាយ៉ៃជើងចាស់របស់ប្រទេសកម្ពុជានៅព្រឹកមិញនេះ។
លោកយាង វណ្ឌី ដែលតែងតែស្រាវជ្រាវពីមរតកសិល្បៈចាស់ៗបន្សល់ទុកមុននិងក្រោយសម័យសង្គ្រាម បានរំលឹកពេល ដែលលោកទៅទស្សនាចម្រៀងអាយ៉ៃរបស់លោកតាម៉ក់ កាណេន ហៅលោកតាសាឡាត់ ជាសិល្បៈករដ៏មានឥទ្ធិពល សម្រាប់វិស័យសិល្បៈអាយ៉ៃរបស់ខ្មែរ។
ប្រធានក្រុមស្រាវជ្រាវវ័យក្មេងផ្នែកសិល្បៈខ្មែររូបនេះប្រាប់ថា កាលនោះអំឡុងឆ្នាំ២០០៨ នាឱកាសបុណ្យឯករាជ្យជាតិនៅមុខវាលមេរុ មានការសម្ដែងសិល្បៈកម្សាន្តពេលនោះលោកបានឃើញផ្ទាល់ភ្នែកជាលើកដំបូងលោកព្រឹទ្ធាចារ្យសាឡាត់ បានឡើងឆាកច្រៀងអាយ៉ៃ ប្រកបដោយទេពកោសល្យសិល្បៈរស់រវើក ដែលធ្វើបរិយាកាសជុំវិញសើចសប្បាយបន្ធូរអស់ទុក្ខកង្វល់។
“គ្រាន់តែគាត់ឡើងឆាកភ្លាម អ្នកទស្សនាសើចតែម្តង ដោយសារគេដឹងថាគាត់ជាអ្នកអាយ៉ៃមានភាពកំប្លុកកំប្លែង ហើយគាត់ពិតជាបុគ្គលដ៏អស្ចារ្យកម្ររកបាន”។
ក្រោយមកជាលើកទីពីរ លោកបានឃើញលោកតាម្តងទៀតនៅលើឆាកក្នុងអំឡុងឆ្នាំ២០១៨ ក្នុងរោងមហោស្រពចតុមុខ ដែលស្ថានភាពសុខភាពលោកតាពេលនោះហាក់មិនសូវល្អប៉ុន្មាននោះទេ ហើយឡើងសម្ដែងមានភាពទ្រុឌទ្រោមមិនមាំទាំដូចមុន។
លោកបន្តថា លោកព្រឹទ្ធាចារ្យជាបុគ្គលអស្ចារ្យក្នុងវិស័យសិល្បៈអាយ៉ៃ ហើយអាចចាត់ទុកជាមរតកជាតិកម្ររកបានសម្រាប់ចម្រៀងអាយ៉ៃ ដោយសារបច្ចុប្បន្នសិល្បៈមួយនេះស្ទើរតែពិបាករកអ្នកបន្តវេនណាស់។
បើតាមប្រធានក្រុមដែលធ្វើការពាក់ព័ន្ធផ្នែកសិល្បៈជាង ១០ ឆ្នាំ វិរសិល្បៈករដែលមានស្នាដៃចំពោះជាតិ គួរតែមានការលើកស្ទួយទាំងជីវភាព និងការផ្តល់ការតម្លៃដើម្បីស័ក្ដិសមទៅប្រឹងប្រែងបង្កើតបានស្នាដៃសម្រាប់ជាតិ។
លោក ម៉ក់ កាណេន ដែលមានឈ្មោះក្នុងសិល្បៈថា នាយសាឡាត់ គឺជាសិល្បករអាយៃ តាំងពីសម័យសង្គមរាស្ត្រនិយម។ បើតាមការបញ្ជាក់របស់ភរិយារបស់លោកព្រឹទ្ធាចារ្យអ្នកស្រី នូ សុភី បានបញ្ជាក់ថា លោកតា ម៉ក់ កាណេន មានជំងឺតម្រងនោម និងជំងឺសួត ប្រហែល២០ឆ្នាំមកហើយ ទើបឈឺធ្ងន់ប្រហែលជាងមួយខែចុងក្រោយនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសាររំលែកទុក្ខដល់លោកតាសាឡាត់ វីរសិល្បករផ្នែកចម្រៀងអាយ៉ៃ ដែលបានទទួលមរណភាពនៅវេលាម៉ោង៨ ព្រឹក ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ មរណភាពលោក ជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ធ្លាប់បានលើកស្ទួយវិស័យ វប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។
គួរបញ្ជាក់ថា សពលោកតាម៉ក់ កាណេន កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយនឹងត្រូវបូជានៅថ្ងៃស្អែកនៅវត្តអង្គតាម៉ិញ។
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់