Connect with us

សុខភាព

ហេតុអ្វីបាន​ជា ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ធ្វើ​ពិនិត្យ​អេកូច្រើនដង?

បានផុស

នៅ

​ការពិនិត្យ​អេកូ​ទារក​ក្នុង​ផ្ទៃ​មាន​សារៈសំខាន់​ណាស់ មិនអាច​ខ្វះ​បាន សម្រាប់​ការអនុវត្ត​ជាក់ស្តែង​នៅ​ផ្នែក​សម្ភព​។ គឺជា​ការផ្តល់​ភាព​សុក្រឹត និង​អត្ថប្រយោជន៍​ជាច្រើន ក្នុងករណី​មានការ​ចូលរួម​ពី​លោក​-​លោកស្រី​ជា​មាតា បិតា​។ ខាងក្រោម​នេះ​ជាការ​ណែនាំ​នូវ​ចំណុច​ទាំងឡាយ​ដែល​លោក​-​លោកស្រី​គួរ​ចងចាំ នៅពេល​ពិនិត្យ​អេកូ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ការពិនិត្យ​ដើម្បី​រក​អាយុ​គភ៌ និង​កាលបរិច្ឆេទ​គ្រប់​ខែ​៖

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ ចាំបាច់​គួរ​ពិនិត្យ​នៅពេល​គភ៌​មាន​អាយុ​ពី ១១ ទៅ​១៤​សប្ដាហ៍ គឺជា​ការពិនិត្យ​ដែល​ផ្តល់​ភាព​សុ​ក្រិត​ជាងគេ ហើយ​ស្ត្រី​ត្រូវ​ចងចាំ​នូវ​កាលបរិច្ឆេទ​គ្រប់​ខែ​នោះ​រហូត​ដល់ពេល​សម្រាល​កូន​។​

២) ការពិនិត្យ​កាយសម្បទា​របស់​ទារក​ក្នុង​ផ្ទៃ​៖

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​គួរ​ធ្វើការ​ពិនិត្យ​នៅ​សប្តាហ៍​ទី​២២ ដល់ ២៤ គឺជា​ពេលវេលា​សមស្រប ដែល​អាចឲ្យ​យើង​ពិនិត្យ បាន​ងាយស្រួល ព្រោះ​សរីរាង្គ​ទារក​ធំ​ល្មម និង​បរិដ្ឋាន​ជុំវិញ​ទារក​មាន​សភាព​ស្រឡះ​ល្អ​។ ការពិនិត្យ​មុន ឬ​ក្រោយ ពេលនេះ​មាន​លក្ខណៈ​ពិបាក និង​មិន​សព្វ​ជ្រុងជ្រោយ​។ ៨០%​នៃ​ជំងឺ​របស់​ទារក​ក្នុង​ផ្ទៃ ត្រូវបាន​ពិនិត្យឃើញ ដោយសារ​ការធ្វើ​អេកូ​សាស្ត្រ​។​

៣) ការពិនិត្យ​សម្រាប់​វាយ​តម្លៃ​ការ​សម្រាល​៖

​ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​នៅ​ចន្លោះ​ពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះ​អាច​ឲ្យ​យើង​ដឹង​អំពី​ទម្រង់ ទំហំ ទម្ងន់​របស់​ទារក ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​លទ្ធភាព​នៃ​ការ​សម្រាលកូន​។​

៤) ការណែនាំ​ផ្សេងៗ​ទៀត​៖

– ការពិនិត្យ​អេកូ​ផ្ទៃពោះ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ម្តាយ និង​ទារក​ឡើយ​។​

– ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​យ៉ាងតិច​៣​ដង ក្នុងអំឡុងពេល​ពី​មាន​ផ្ទៃពោះ​រហូតដល់​គ្រប់​ខែ ក្នុងករណី​ការវិវត្តន៍​របស់ ផ្ទៃពោះ​ធម្មតា​។ គ្រប់ការ​ពិនិត្យ​អេកូ​ត្រូវមាន​ការណែនាំ​ជាមុន​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​ការពិនិត្យ​ច្រើនដង ឥតប្រយោជន៍​ខាត​ពេលវេលា​និង​ថវិកា​។ ករណី​ផ្ទុយ​ពីនេះ ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​បន្ថែមទៀត តាម​ការតាមដាន​រប​ស់​គ្រូពេទ្យ​ជំនាញ ទៅតាម​ករណី​ដែល​បាន​ជួបប្រទះ​។​

– គ្រប់ការ​ពិនិត្យ​អេកូ​ផ្ទៃពោះ​មិនចាំបាច់​ពិសា​ទឹកជា​មុន ដើម្បី​ឲ្យ​មាន​ទឹកនោម​ក្នុង​ប្លោកនោម​ទេ​។ លើកលែងតែ​ក្នុង​ករណី​ការពិនិត្យ​អេកូ​ផ្ទៃពោះ​ក្នុង​ខែ​ដំបូង ការពិនិត្យ​ទីតាំង​សុក និង​វាស់​ប្រវែង​របស់​មាត់ស្បូន​។​

“​រាល់ពេល​មក​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​រោគ​ស្ត្រី និង​សម្ភព និង​មក​ទទួល​ពិនិត្យ​អេកូ​សាស្ត្រ​ទារក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​លោក​-​លោកស្រី ជម្រាប​គ្រប់​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​នៃ​មាតា និង​បម្រែបម្រួល​នៃ​ទារក​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធីសាស្ត្រក្នុងការតាមដាន និងព្យាបាលដុំពកសាច់ក្នុងថង់ទឹកប្រមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម