Connect with us

នយោបាយ

លោក ញឹក ប៊ុនឆៃ​ ៖ ការរួបរួម​គ្នា​រវាង​ហ៊្វុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ​មិនបាន ដោយសារតែ​បុគ្គល ហេង ហាក់​លីម​

បានផុស

នៅ

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​២៨ ខែមិថុនា នេះ​ថា ការចរចា​រវាង​ក្រុមការងារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មកដល់ពេលនេះ​បាន​ចំណាយ​អស់​រយៈពេល​មួយឆ្នាំ​ហើយ ដើម្បី​រួបរួម​គ្នា​ជា​គណបក្ស​តែមួយ ហើយក៏​មានការ​ឯកភាព​គ្នា​លើ​ចំណុច​ជាច្រើន​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​មិនអាច​រួបរួម​គ្នា​បាន គឺ​ដោយសារតែ​បុគ្គល ហេង ហាក់​លីម ដែល​ជា​អ្នកបម្រើ​ផ្ទាល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច្នេះ​លោក​ទុក​ពេល​ឲ្យ​២​ស​ប្តា​ហ៍​ទៀត ប្រសិនបើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​មិនបាន​ទេ លោក​មិនអាច​ចាំ​បានទេ ពីព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់ កាន់តែ​កៀក​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញឹក ប៊ុនឆៃ រៀបរាប់​ថា ដំណើរការ នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​នេះ ដំណាក់កាល​ទីមួយ បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​លោក​បាន​ជួប​ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ព្រះរាជដំណាក់​វាល​ស្បូវ ហើយ​ការ​ជួប​នេះ គឺជា​ការ​ជួប​ដោយ​ចៃដន្យ ហើយ​នៅ​ពេល​ឮ​សំឡេង​របស់​លោក សម្ដេចក្រុមព្រះ​ក៏បាន​ចេញ​មក​ជួប ហើយ​សម្ដេចក្រុមព្រះ​បាន​ស្នើ​សុំ​ឲ្យ​លោក ញឹក ប៊ុនឆៃ ធ្វើការ​រួមគ្នា​រវាង​គ​ណ​បក្ស​ទាំងពីរ​នេះ​ឡើងវិញ ហើយ​លោក​ក៏បាន​ឯកភាព ហើយ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ សម្ដេចក្រុមព្រះ​ក៏បាន​ចេញ​លិខិត​ជា​ផ្លូវការ ស្តីពី​ការ​បង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ ហើយ​ក្រោយមក​ក្រុមការងារ​គណបក្ស​ទាំងពីរ ក៏បាន​ចាប់ផ្ដើម​ធ្វើការ​ចរចា។

លោក​បន្ត​ថា ការ​ចាប់ផ្តើម​ដំណើរការ​ទីមួយ​នេះ រហូតដល់​ខែតុលា​ឆ្នាំ​២០២០ មិន​ទទួល​បាន​ជោគជ័យ​ទេ ដោយសារតែ​ក្រុមការងារ​គណបក្ស​ទាំងពីរ​មិនមាន​ការចាត់តាំង​ជា​លាយលក្ខណ៍អក្សរ ហើយ​លទ្ធផល នៃ​ការចរចា​គ្នា ក៏​គ្មាន​ការកត់ត្រា​ជា​លាយលក្ខណ៍អក្សរ​ផងដែរ ទើប​ធ្វើ​ឲ្យ​ការចរចា​នេះ​បរាជ័យ​។​

​ដោយឡែក​ការចរចា​ដំណាក់កាល​ទី​ពីរ បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចាត់តាំង​ក្រុមការងារ​ចរចា ដែលមាន​លោក អ៊ុំ សុម​ន្ថា ជា​ប្រធាន ហើយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចាត់តាំង​លោក ហេង ចាន់ថា ជា​ប្រធាន​។ បើតាម​លោក ញឹក ប៊ុនឆៃ ក្រុមការងារ​គណបក្ស​ទាំងពីរ​នេះ​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជាច្រើនលើក​ច្រើន​សារ ហើយ​ក៏បាន​ឯកភាពគ្នា​ជាច្រើន​ចំណុច​ផង​ដែរ ប៉ុន្តែ​កាល​អ្វីដែល​មិនអាច​ទៅមុខ​បាន មិនអាច​រួបរួមគ្នា​រវាង​គណបក្ស​ទាំង​ពីរបាន នាំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ គឺ​បង្កឡើង​ដោយ​ឈ្មោះ ហេង ហាក់​លីម ដែលជា​អ្នកបម្រើ​ផ្ទាល់​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់ ដែល​គ្មាន​តួនាទី​អ្វី នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើយ ប៉ុន្តែ​គេ​បាន​ដើរតួនាទី​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជំនួស​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ​។​

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា នៅ​មើលឃើញ​ពី​ស្ថានភាព​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន មិនមែន​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ គឺ​ដឹកនាំ​ដោយ​ឈ្មោះ ហេង ហាក់​លីម នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏បាន​សម្រេច ផ្ញើ​លិខិត​ទៅកាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​ផ្អាក​ការចរចា​គ្នា​តទៅទៀត ហើយ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទាំងអស់ ចុះទៅ​មូលដ្ឋាន និង​ជួសជុល​ស្លាក​គណបក្ស​ឡើងវិញ​ទូទាំង​ប្រទេស ដោយ​លោក​អះអាងថា មិនអាច​អូស​បន្លាយ​ពេលវេលា​ត​ទៀត​បានទេ សម្រាប់​ការចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នា​ពេល​ខាងមុខ​។​

​លោក ញឹក ប៊ុនឆៃ អះអាងថា ក្នុងករណី ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច មានបំណង​ធ្វើការ​ចរចា​ឡើងវិញ ដើម្បី​បង្រួបបង្រួម​គណបក្ស​ទាំងពីរ គឺ​សុំឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដោះស្រាយ​បញ្ចប់​បញ្ហា​ផ្ទៃក្នុង ដោយ​បញ្ឈប់​ឲ្យ​បុគ្គល​ឈ្មោះ ហេង ហាក់​លីម ដែល​គ្មាន​តួនាទី​ក្នុង​គណបក្ស​មក​ជ្រៀតជ្រែក និង​ចាត់ចែង​កិច្ចការ​គណបក្ស​ជា​បន្ត​ទៀត ហើយ​កំណត់​រយៈពេល​ពីរ​សប្តាហ៍​ក្នុងការ​ចរចា​បញ្ចប់​ប​ញ្ហា ដែល​នៅ​សេសសល់​បន្តិចបន្តួច រួចហើយ​ឈានទៅ​ធ្វើ​សមាជ​ប​ញ្ចូល​គ្នា​តែម្តង​។ ជាមួយគ្នា​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​រក្សា​អ្វីៗ ដែល​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា​រួច​នាពេល​កន្លងមក​ឱ្យនៅ​ដដែល ដូចជា ពិធីសារ គោលនយោបាយ​អាទិភាព​១៣ ចំណុច លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​ជាដើម​។​

​ទាក់ទង​បញ្ហា​ខាងលើ​នេះ​កម្ពុជា​ថ្មី នៅ​មិនអាច​សុំ​ការ​បញ្ជាក់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ ដោយ​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​។​

​សូមបញ្ជាក់ថា ការ​រួបរួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ បាន​បរាជ័យ​ចំនួន​៣​លើក​រួចមក​ហើយ ហើយ​ការចរចា​នាពេលនេះ គឺជា​លើក​ទី​៤។ បើ​តាម​លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា ការ​បរាជ័យ​នៅក្នុង​ការរួបរួម​គ្នារ​វាង​គណបក្ស​ទាំងពីរ​នាពេល​កន្លងមក គឺ​ដោយសារតែ​ការបែងចែក​កូតា ទាំង​រចនាសម្ព័ន្ធ​ថ្នាក់​ជាតិ និង​មូលដ្ឋាន ប៉ុន្តែ​សម្រាប់​ការចរចា ដើម្បី​រួបរួមគ្នា​នៅ​ពេល​នេះ មិនបាន​បែងចែក​កូតា​ទេ មានន័យថា មិន​យក​រូបមន្ត​នោះ​មក​ធ្វើ​ទៀត​ទេ​។​

​លោក ញឹក ប៊ុនឆៃ សម្តែង​ក្តី​សង្ឃឹមថា នៅពេល​រួមគ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​។ សម្រាប់​ការចរចា​រួបរួម​គ្នា​លើក​នេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា គណបក្ស​ទាំងពីរ​ត្រូវ​ជួយ​ខ្លួនឯង​សិន ទើប​ទេវតា​ជួយ​ជា​ក្រោយ បើ​ជួយ​ខ្លួនឯង​មិនបាន​ទេ ទេវតា​មិនអាច​ជួយ​បានទេ៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម