Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​សប្បាយរីករាយ ​ខ​ណៈដំណើរ​ការចាក់​វ៉ាក់សាំង នៅ​ក្រុង​ប៉ោយប៉ែត​ បានចាប់ផ្តើម​​នៅ​ថ្ងៃទី​១​នេះ​

បានផុស

នៅ

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​១៩ នា​ថ្ងៃទី​១ ​ខែកក្កដា ​ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ បើក​ដំណើរការ​ចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ​និង​កម្មករ​កម្មការិនី ប្រមាណ​៦០០០០​នាក់ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ​មាន​ទីតាំង​ក៏ដូចជា​គោលដៅ ដែល​រដ្ឋបាលខេត្ត បានរៀបចំ​មាន ៩​គោលដៅ រួមមាន​៖១.​ស្ថានីយ​រថភ្លើង ២​ក្រុម, ២.​មណ្ឌល​សំចត ២​ក្រុម, ៣.​វត្ត​ផ្សារកណ្តាល ២ ក្រុម​, ៤.​វត្ត​រស្មី​ទួល​ពង្រ ២ ក្រុម, ៥.​សាលារៀន​បឋមសិក្សា​ស្រះ​ត្រាច និមិត្ត​២ ក្រុម, ៦.​វត្ត​និមិត្ត​សុធី​រាម​កូនដំរី ១ ក្រុម​, ៧.​វត្ត​ត្រាច ២ ក្រុម, ៨.​សាលាបឋមសិក្សា​អូរ​ឬ​ស្សី ២ ក្រុម​៩.​ទល់មុខ​សាលាក្រុង ១ ក្រុម។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី​ទាំងអស់​ថា វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​យើង​នាពេលនេះ គឺជា​ការផ្តល់ជូន​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបាន​គ្រប់ៗ​គ្នា ដូច្នេះហើយ​បងប្អូន​ត្រូវគោរព​ដឹងគុណ​ចំពោះ​សម្តេច​។ ក្នុងនាម​រដ្ឋបាលខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ។​

​ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​បានដាក់​ចេញ​នូវ​ផែនការ​លម្អិត ដោយ​ចាត់​ក្រុមគ្រូពេទ្យ កម្លាំង​និង​ក្រុមការងារ​យុវជន ដើម្បី​ចាត់ចែង​ទទួល​រៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី ឱ្យមាន​សណ្តាប់ធ្នាប់ ស្របតាម​វិធានការណ៍ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ព្រមទាំង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អាចជួយ​ពន្លឿន ដល់​ការចាក់​វ៉ាក់សាំង​បាន​កាន់តែ​លឿន និង​បាន​ជ្រាបចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ បាន​ឆាប់រហ័ស​។

ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ ដែល​រង​ការបិទ​ខ្ទប់​និង​ភ័យខ្លាច​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​កន្លងមកហើយ​តែងតែ​រងចាំ​ការចាក់​វ៉ាក់សាំង​ឥឡូវ​មានចិត្ត​រីករាយ​ជាខ្លាំង​នៅ​កំពុង​បានមក​អង្គុយចាំ​លេខ​រៀង​ចាក់​វ៉ាក់​សាំង​៕

អត្ថបទ៖ អពៅ​

សូមចុចអាន៖ គ្រប់​ច្រក​ព្រំដែន ត្រូវ​មាន​ប្រដាប់​ធ្វើ​តេស្ត​រហ័ស ក្រសួង​សុខាភិបាល ត្រូវ​ផ្គត់ផ្គង់កុំ​​ឲ្យ​ខ្វះខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម