ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបក្សនយោបាយទាំងអស់ ក្នុងពិភពលោកគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ
ការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងសុន្ទរកថា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងក្រោមប្រធានបទ “ការបំពេញការងារ ដើម្បីសុភមង្គលបជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” ដែលកិច្ចប្រជុំនេះ ធ្វើឡើងតាមតាមប្រព័ន្ធវីដេអូ នាវេលាម៉ោងជិត១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ដោយសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន នៅក្នុងឱកាសដ៏មហោឡារិកនៃខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងការសម្រេចបានដោយជោគជ័យនូវគោលដៅ១០០ឆ្នាំ លើកទី១ ក្នុងការកសាងសង្គម-សេដ្ឋកិច្ច ប្រកបដោយវិបុលភាពលើគ្រប់វិស័យសម្រាប់ប្រជាជន និងប្រទេសចិន។
ជាមួយគ្នានោះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ស៊ី ជីន ពីង ដែលបានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកនេះ។ លោកថា កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ជាអនក ក្នុងការបង្កើនភាពជិតស្និទ្ធ សាមគ្គីភាព និងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនានា នៅលើពិភពលោក ក្នុងអំឡុងពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញជូនពិភពលោកនូវភាពជោគជ័យជាទីមោទនៈរបស់ប្រជាជនចិន ក្នុងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជំរុញ កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៃសង្គម-សេដ្ឋកិច្ច ជាពិសេសលើវិស័យបច្ចេកវិទ្យាទំនើប និងការប្រែក្លាយប្រទេសចិនទៅជាមហាអំណាច នៃពិភពលោក។ ការរក្សាបាននូវស្ថិរភាពនយោបាយ និងការចាត់ទុកសុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗ របស់គណបក្សកុម្មុយនីស្តចិន គឺជាគំរូដ៏ល្អមួយ ដែលគណបក្សនយោបាយដទៃទៀតនៅលើពិភពលោក គប្បីរៀនសូត្រ ។
ជាមួយគ្នានោះ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសចាប់ពីចំណុចសូន្យ សម្តេចពិតជាអាចយល់បានយ៉ាងច្បាស់អំពីការតស៊ូ ការលះបង់ និងការខិតខំពុះពារដ៏លំបាករបស់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន។ សម្តេចបន្តថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាតឹកតាងប្រវត្តិសាស្ត្រមួយ ដែលបង្ហាញឲ្យយើងទាំងអស់គ្នា បានឃើញច្បាស់ថា នរណាជាមិត្តល្អពិតប្រាកដ ដែលជួយគ្នាក្នុងគ្រាលំបាក។ នៅក្នុងបរិបទនេះ ប្រទេសទាំងអស់លើពិភពលោកគួរណាស់តែរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។
ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន ចូលរួមចែករំលែកនូវទស្សនៈមួយចំនួនអំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖
ទីមួយ៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការគ្រោងខ្ពស់សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និង ឯករាជ្យជាតិនីមួយៗ។ ក្នុងន័យនេះ គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការដណ្ដើមអំណាចឱ្យខាងតែបាន តាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាល់នេះ គណៈបក្សនយោបាយគួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូច ជាក្នុងប្រទេសនីមួយៗ ។
ទីពីរ៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យ បានជោគជ័យ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ “វ៉ាក់សាំងពហុភាគី និយម” ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់។
ក្នុងន័យនេះ សម្តេចបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាង ក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្តល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យ ស្លោកថា “មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន” ។
ទីបី៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើប ឡើងវិញនៃសង្គម-សេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន។ ប្រការនេះ នឹងទាមទារឱ្យមានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និង វិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ “គំនិតផ្តួច ផ្ដើមខ្សែក្រវាត់ និងផ្លូវ” ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្តាប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្តួចផ្តើមនេះ នៅក្នុងបរិបទ នៃការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល