ព័ត៌មានជាតិ
ក្រសួងសាធារណការ បញ្ជាទិញឧបករណ៍តេស្តរហ័សជិត ១ ម៉ឺនសម្រាប់ធ្វើតេស្តដល់មន្ត្រីរាជការ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ប្រមាណ ៧ ពាន់ Kits សម្រាប់ប្រើប្រាស់តាមអង្គភាពក្រោមឱវាទក្រសួង និង ការដ្ឋានចាំបាច់មួយចំនួន។
ថ្លែងក្នុងកម្មវិធីបណ្ដុះបណ្ដាលពីរបៀបធ្វើតេស្តរហ័ស (Rapid Test) ជូនដល់មន្ត្រីរាជការជាជនបង្គោលទាំង ២៥ រាជធានី-ខេត្ត លោក កែន រដ្ឋា អគ្គនាយក នៃអគ្គនាយករដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យដឹងថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការស្វែងរកប្រភពចម្លង និង អាចមានលទ្ធភាពកាត់ផ្ដាច់ឫសគល់មេរោគកូវីដ-១៩ នេះ ប្រកបដោយប្រសិទ្ធភាព ក្រសួង បានបញ្ជាទិញឧបករណ៍ធ្វើតេស្តរហ័ស(Rapid Test) ប្រមាណ ៧ ពាន់ Kits សម្រាប់ប្រើប្រាស់តាមអង្គភាពក្រោមឱវាទក្រសួង និង ការដ្ឋានចាំបាច់មួយចំនួន។
លោកបន្តថា ក្រសួង បានធ្វើតេស្តរហ័សជូនបុគ្គលិកមន្ត្រីរាជការ មន្ត្រីបច្ចេកទេសតាមការដ្ឋាន និងអ្នកបើកបរ នៅពេលចុះបំពេញបេសកកម្មតាមការដ្ឋាន និង មុនចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួចមកហើយ។
បន្ថែមពីនេះ ក្រសួង ក៏បានបញ្ជាទិញ និង បម្រុងទុកឱសថចិន (LIANHUA QINGWEN JIAONANG) មួយចំនួន សម្រាប់ផ្តល់ជូនដល់បុគ្គលិកមន្ត្រីរាជការណាដែលមានហានិភ័យឆ្លង ឬបានឆ្លងជំងឺកូវីដ-១៩ ប្រើប្រាស់ផងដែរ។
លោកបានបញ្ជាក់ថា បញ្ហាជំងឺកូវីដ-១៩ នេះ មិនមែនជាបញ្ហារបស់ កម្ពុជា តែឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមជាសកលរបស់ប្រជាជននៅក្នុងពិភពលោកទាំងមូល។ នាពេលបច្ចុប្បន្ន ជំងឺកូវីដ ក្នុងកម្ពុជាយើង ក៏នៅតែបន្តរីករាលដាល និង រកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ជាពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលបានផ្ទុះឡើង និង មិនទាន់អាចបិទបញ្ចប់ ហើយអត្រាអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃ នៅតែបន្តរកឃើញក្នុងកម្រិតខ្ពស់ ដែលនេះជាកង្វល់ និង ក្តីបារម្ភមួយសម្រាប់យើងទាំងអស់គ្នា ហើយតម្រូវឲ្យយើងគ្រប់គ្នាត្រូវចូលរួម ដើម្បីកាត់បន្ថយការឆ្លង និង អាចបិទបញ្ចប់ការរីករាលដាលជាស្ថាពរផងដែរ។
លោក បានលើកឡើងទៀតថា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលអាចផ្គត់ផ្គង់ដោយខ្លួនឯងក្នុងការទិញឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) និង អាចផ្គត់ផ្គង់ទៅអង្គភាពក្រោមឱវាទផ្សេងទៀតផងដែរ។
ក្រសួង បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលរបៀបធ្វើតេស្តរហ័ស (Rapid Test) លើកទី ១ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ ដល់ជនបង្គោលជាមន្ត្រីរាជការតាមបណ្តាអគ្គនាយកដ្ឋាន និង អង្គភាពថ្នាក់ជាតិចំនួន ៣៥ នាក់ ហើយវគ្គបណ្ដុះបណ្ដាលលើកទី ២ នេះ មានសិក្ខាកាមជាមន្ត្រីរាជការ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត ចូលរួមសរុបប្រមាណ ៧០ នាក់ សរុបទាំងពីរលើក បាន ១០៥ នាក់។
លោកអគ្គនាយក បានបញ្ជាក់ថា គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងន័យចែករំលែក និង លើកកម្ពស់ចំណេះដឹងឲ្យបានទូលំទូលាយអំពីមូលដ្ឋានគ្រឹះ នៃការការពារខ្លួន ការត្រួតពិនិត្យ និង ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងរបៀប នៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ស្របតាមអនុសាសន៍ណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ជាការចូលរួមចំណែកជាមួយ ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការចម្លងតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្នុងពេលបំពេញការងារ ឬ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពផ្សេងៗ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ