Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា សុខ ហុង ផ្តល់សម្ភារៈវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ជូនមន្ទីរពេទ្យខេត្តកោះកុង

បានផុស

នៅ

លោកឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី ផ្តល់ជាអំណោយសម្ភារៈគ្រឿងវេជ្ជសាស្រ្តបម្រើដល់ការងារសង្រ្គោះបន្ទាន់ជំងឺកូវីដ១៩ ជូនមន្រ្តីមន្ទីរពេទ្យបង្អែកខេត្តកោះកុង ខណៈមានតម្រូវការចាំបាច់។

ការប្រគល់នូវគ្រឿងសម្ភារៈវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់នេះ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តជាអ្នកទទួលយកទុកចាត់ចែងប្រើប្រាស់ទៅតាមសភាពចាំបាច់ក្នុងបរិបទកូវីដ​១៩​កំពុងរីករាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងលោកឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី គឺលោក តាំង ឈុនស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដានេះថា សម្ភារៈពេទ្យដែលប្រគល់ជូនមន្ទីរពេទ្យខេត្តនៅពេលនេះ គឺក្នុងគោល​បំណងចម្បងគាំទ្រដល់ដំណើរការចូលរួមទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ ហើយក៏ជាវប្បធម៌រួមចំណែកក្នុងសង្គម សម្រាប់​លើកកម្ពស់សេវាសាធារណៈជាមួយរដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យជួរមុខ។

លោក តាំង ឈុនស្រេង បង្ហាញក្តីរំពឹងថា សកម្មភាពមនុស្សរបស់រូបលោក និងលោកឧកញ៉ា សុខ ហុង ព្រមទាំងក្រុមគ្រួសារ នឹងអាចឆ្លើយទៅនឹងតម្រូវការជួយសង្រ្គោះព្យាបាលអ្នកជំងឺបានទាន់ពេលវេលា ជាពិសេសកអ្នករងប៉ះពាល់ដោយសារជំងឺកូវីដ១៩តែម្តង។

អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត រួមមាន៖ម៉ាស៊ីនវាស់ចង្វាក់បេះដូង១គ្រឿងស្មើនឹង១៨០០ដុល្លារ ម៉ាស៊ីនបើតស្លេស២គ្រឿង ធុងអុកស៊ីសែន៤០លីត្រ១ឈុត ម៉ាស់ របាំងមុខ និងសម្លៀកបំពាក់ពេទ្យជាង២ពាន់ប្រអប់ និងឈុត។ រីឯលោក តាំង ឈុនស្រេង ផ្តល់ថវិកា៧០៦ដុល្លារ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តំណាងមន្ទីរពេទ្យខេត្ត ក៏ថ្លែងអំណអរគុណ និងគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា សុខ ហុង និងលោក តាំង ឈុនស្រេង ដែលមានទឹកចិត្តល្អប្រពៃលើការចូលរួមចំណែកចែករំលែកនូវធនធានផ្ទាល់ខ្លួនជួយសង្រ្គោះសុខភាពសាធារណជនទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។

លោកស្រីអភិបាលខេត្ត នឹងទទួលយកទៅចែងចាត់សម្ភារៈវេជ្ជសាស្រ្តដែលមានទៅតាមតម្រូវការរបស់មន្ទីរពេទ្យ។
យោងតាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា បច្ចុប្បន្ន ខេត្តកោះកុងមានអ្នកជំងឺកូវីដចំនួន​៣,០២០នាក់/ស្រ្តី១.៩៤៩នាក់ ជាសះស្បើយ១.៦៦៦នាក់ និងស្លាប់១៧នាក់។ រីឯអ្នកកំពុងព្យាបាលជំងឺតាមមណ្ឌលមាន១.៣៣៧នាក់ ស្រ្តី៨៥៩នាក់៕

អត្តបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម