ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ៖ ក្រសួងនៅតែរក្សាអនុវត្តរយៈពេលការធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃទី១៤ ខែកក្កដានេះថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៅមិនទាន់មានការផ្តាស់ប្តូរថ្ងៃធ្វើចត្តាឡីស័កនៅឡើយទេ ពោលគឺនៅតែរក្សាការអនុវត្តការធ្វើចត្តាឡីស័ករយៈពេលចំនួន១៤ថ្ងៃដដែល ។
ការលើកឡើងរបស់លោកជំទាវនេះ គឺជាការឆ្លើយតបទៅនឹងសំណើររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលដាក់សំណើរទៅរដ្ឋាភិបាលសុំកាត់បន្ថយចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ ដោយសារកម្មករនិយោជិតបានចាក់វ៉ាក់សាំងបាន២ដូសហើយ។

នៅក្នុងសំណើររបស់សមាគមរោងចក្រកាត់ដេរនោះបានលើកឡើងថា វិស័យឯកជនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន២ដូសហើយ គួរកាត់បន្ថយពីការធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅ៧ថ្ងៃវិញ ហើយវិស័យឯកជនពេលនេះ ក៏មានឧបករណ៍សម្រាប់ធ្វើតេស្តរហ័សរកកូវិដ-១៩ ចំនួន៧០ម៉ឺនតេស្តហើយដែរ ដែលការចំណាយ ជាបន្ទុករបស់រោងចក្រ ឬក្រុមហ៊ុន។
សមាគមរោងចក្រកាត់ដេរបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានចំនួន២ដូសហើយ បើឆ្លងកូវីដ-១៩ ក៏វាមានលក្ខណៈស្រាលដែរ មិនធ្ងន់ធ្ងរពិបាកក្នុងការព្យាបាលនោះទេ។
សំណើរសុំរបស់សមាគមនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធVideo Conference ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនោះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោកជំទាវ ឱ វណ្ណឌីនបានបន្តថា«រឿងរយៈពេលធ្វើចត្តាឡីស័កត្រូវរង់ចាំ ប៉ុន្តែក្នុងកំឡុងពេលដែលមិនទាន់មានការសម្រេច គឺត្រូវអនុវត្តដូចធម្មតាសិន។ មានន័យថា១៤ថ្ងៃដដែល»។
លោកស្រីបានបន្ថែមថា ប្រសិនបើមានការប្រែប្រួលចំនួនថ្ងៃនៃការធ្វើចត្តាឡីស័កនោះ ក្រសួងនឹងជម្រាបជួនដល់សាធារណជនជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?