ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ រថយន្ត ដឹកលើសទម្ងន់២០ភាគរយ នឹងត្រូវឃាត់ទុក១ឆ្នាំ ហើយមិនត្រូវដោះលែងជាដាច់ខាត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនគ្រប់រាជធានី-ខេត្ត ត្រូវជួយថែរក្សាយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់២០ភាគរយ ដែលត្រូវបានចាប់ឃាត់ទុក រយៈពេល១ឆ្នាំឲ្យបានត្រឹមត្រូវ និងមិនត្រូវដោះលែងទៅវិញជាដាច់ខាត។
ការសំណូមពរនេះ គ្រាដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុង ការបំពេញការងាររបស់ខ្លួននាពេលកន្លងមក។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំពោះការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេសក្រុមការងារជញ្ជីងចល័ត ក្នុងការ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសំណូមពរឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តជួយថែរក្សាយានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេល១ឆ្នាំឲ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញជាដាច់ខាត និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអនុវត្តវិធានការនេះ ឲ្យដូចភ្លៀងរលឹម មិនថយក្រោយទេ និងបានសំណូមពរឲ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយមាត្រា៦០ ដែលចែងថា៖ ឡានដឹកលើស២០% ត្រូវឃាត់ទុក១ឆ្នាំ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន បានយល់ច្បាស់អំពីមាត្រាច្បាប់ និងការដាក់ទោសទណ្ឌ ឲ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឲ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា៖ ធ្វើផ្លូវជាប់រហូត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវរូបមន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ថា៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោន យក១០x១០ ស្មើ១០០ យក១០០x១០ ស្មើ ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោន ស្នើនឹងឡាន មួយម៉ឺនគ្រឿងរត់លើផ្លូវនោះ ធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់៣០តោន យក៣០x៣០ស្មើនឹង៩០០ យក៩០០x៣០ស្មើនឹង២៧.០០០ យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោន ស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវ យើង។
ជាចុងក្រោយលោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានជោគជ័យ នូវការដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weigh in Motion Sensor)៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក