អាជីព
ពេលនេះដឹងហើយ ប្រវត្តិអតីតនាយកល្បីសាលាវត្តបូព៌ ដែលទើបបានតែងតាំងជាទីប្រឹក្សាក្រសួងអប់រំ
ថ្ងៃនេះនៅលើបណ្ដាញសង្គម គេឃើញមានមហាជនបានបង្ហោះសារអបអរដែល លោក ពឹង គិមឆឹង ត្រូវបានបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ដោយអនុក្រឹត្យ ស្ដីពី ការតែងតាំងមន្ត្រីរាជការ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក ពឹង គិមឆេន គឺជាអតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចូលនិវត្តន៍កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។ លោក បានចំណាយពេលវេលាជាងពាក់កណ្តាលជីវិតលោកហើយ ក្នុងការងារជាគ្រូបង្រៀន និងជានាយកសាលា។ តាមរយៈការគ្រប់គ្រង និងកំណែទម្រង់សិក្សា២៧ឆ្នាំកន្លងទៅនេះ លោក ពឹង គិមឆេន បានធ្វើឱ្យសាលារៀនវត្តបូព៌ ក្លាយជាសាលាគំរូ និងមានវិន័យល្អបំផុតប្រចាំកម្ពុជា។
លោក ពឹង គិមឆេន កើតនៅឆ្នាំ១៩៦០ ក្នុងគ្រួសារមធ្យមមួយ ដោយរៀនបានត្រឹមថ្នាក់ទី៣ទំនើប នៅឆ្នាំ១៩៧៥។ លោកបានរៀបការ ភរិយាដែលជាមន្ត្រីរាជការផ្នែកពាណិជ្ជកម្ម នៅឆ្នាំ១៩៨៦ ដែលបច្ចុប្បន្ន ភរិយារបស់លោកគឺជាស្ត្រីមេផ្ទះ។ លោក គិមឆេន មានកូន២នាក់ គឺស្រីមួយ ប្រុសមួយ។ កូនស្រី រៀនពេទ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកូនប្រុសរៀនច្បាប់ នៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្រោយពីរបបខ្មែរក្រហម បានបិទបញ្ចប់នៅឆ្នាំ១៩៧៩ លោក ពឹង គិមឆេន បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀន ដោយមិនបានគ្រោងទុក។ តាមពិតទៅ ក្តីស្រមៃពិតប្រាកដរបស់លោក គឺធ្វើជាអ្នកបើកយន្តហោះប្រដេញ F111 នោះទេ។ តែដោយសារគ្មានធនធាន និងឱកាស ហើយពេលនោះ លោកមានចំណេះដឹងតិចតួចផងនោះ លោក គិមឆេន ក៏បានចូលបង្រៀន នៅសាលាមួយជិតភ្នំក្រោម ជាប់បឹងទន្លេសាប។ ក្រោយបង្រៀននៅទីនោះបានពីរឆ្នាំ លោក គិមឆេន បានក្លាយជានាយកសាលា ក្រសាំងរលើង ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប។
លោក គិមឆេន បានចូលបង្រៀននៅឆ្នាំ១៩៨០ ដែលពេលនោះលោកមានអាយុត្រឹម ២០ និងបានក្លាយជានាយកសាលានៅអាយុ ២២ឆ្នាំ។ ការគ្រប់គ្រងរបស់លោកនៅពេលនោះ មានការលំបាក ហើយក៏ងាយស្រួលផងដែរ។ ព្រោះថា លោក គិមឆេន បានរៀនបណ្តើរធ្វើបណ្តើរ ពីសកម្មភាពដែលកំពុងធ្វើ ដើម្បីដកពិសោធន៍ និងអភិវឌ្ឍជាបន្តបន្ទាប់។
នៅឆ្នាំ២០០៥ លោក ពឹង គិមឆេន បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រង និងបានបញ្ចប់នៅឆ្នាំ២០០៨ នៅរាជធានីភ្នំពេញ។ បន្ទាប់មកលោកបន្តថា្នក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញដដែលនោះផងដែរ។ ចំពោះភាសាបរទេសវិញ លោក គិមឆេន អាចប្រើប្រាស់ភាសាអង់គ្លេស បានមួយកម្រិតធំ ជារួមគឺលោកអាចទំនាក់ទំនងបាន។
ជានាយកសាលានៅសាលាក្រសាំងរលើងបានមួយរយៈ លោក ពឹង គិមឆេន បានក្លាយជានាយកអប់រំសង្កាត់ ក្នុងសម័យសាធារណរដ្ឋ។ ក្រោយមករដ្ឋាភិបាលនៅសម័យនោះ រំលាយថ្នាក់អប់រំសង្កាត់វិញ ហើយលោក គិមឆេន ក៏ត្រូវបានតែងតាំងជានាយកសាលា សាជាថ្មី។
នៅឆ្នាំ១៩៩៤ លោក គិតឆេន បានចូលមកគ្រប់គ្រងសាលាវត្តបូព៌ ខណៈដែលសាលានេះទើបនឹងបើកដំណើរការ។ ក្នុងការគ្រប់គ្រងនៅទីនេះ លោក គិមឆេន បានប្រឹងប្រែងរិះរកគំនិតជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនមួយនេះ មានការអប់រំខុសពីគេ និងជាទីកក់ក្តៅសម្រាប់មាតាបិតាសិស្ស។ ដំបូងលោកចាប់ផ្តើមអប់រំខ្លួនឯង បន្ទាប់មកអប់រំសហការីរបស់លោក មុននឹងប្រឹងប្រែងធ្វើយ៉ាងណា ឱ្យគ្រូបង្រៀនទាំងអស់មានទឹកចិត្តបង្រៀន និងឲ្យមាតាបិតាសិស្ស យល់ពីគោលបំណងពិតរបស់សាលា។
កាលពីឆ្នាំ២០១៤ លោក ពឹង គិមឆេន បានទទួលរង្វាន់ “សម្តេចតេជោ សែន ពានរង្វាន់នាយកសាលាល្អ ឆ្នាំសិក្សា ២០១៣-២០១៤” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ មានចំណុចជាង៦០ចំណុច ដែលក្រសួងបានដាក់ ដើម្បីជ្រើសរើសនាយកសាលាល្អ ទូទាំងប្រទេស។
គួររំលឹកថា ក្រៅពីការរឹតបន្តឹងលើវិន័យ ការសិក្សាអប់រំ ចំណុចពិសេសដែលគួរឱ្យចាប់អារម្មណ៍លើសាលាបឋមសិក្សាវត្តបូព៌នោះ គឺ លោក ពឹង គិមឆេន បានរៀបចំឯកសណ្ឋានឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្នុងគោលបំណង បង្កើតនូវសមធម៌និងបំបាត់ការរើសអើង រវាងអ្នកមាននិងអ្នកក្រ។
សាលារៀន វត្តបូព៌ជាសាលាស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រសួងអប់រំបានចាត់ទុកសាលាមួយនេះ ជាសាលាជំនាន់ថ្មី ដែលជាសាលាគំរូប្រចាំប្រទេសកម្ពុជាក្នុងការអប់រំកុមារតូច។ សាលាបឋមសិក្សាវត្តបូព៌ បង្កើតឡើងតាំងពីឆ្នាំ១៩៥៧ លើផ្ទៃដី១៣៧០២,៦៥ ម៉ែត្រក្រឡា។ សាលាបឋមសិក្សាមួយនេះពីដើមឡើយមានតែអាគារសិក្សាត្រឹមតែ ៣ប៉ុណ្ណោះ តែក្រោយមកមានរហូតដល់ ១៥អាគារសិក្សា ដែលមានប្រមាណ៦១បន្ទប់ និងចែកចេញជា២ផ្នែក គឺមត្តេយ្យសិក្សា និងបឋមសិក្សា។
សាលានេះត្រូវបាន ចាត់ទុកជាសាលាដែលមានសណ្ដាប់ធ្នាប់ និងវិន័យល្អជាងគេមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗមានគណៈប្រតិភូទាំងអង្គការ និងផ្នែកសិក្សាធិការមកពីបណ្ដាប្រទេសនានា បានធ្វើទស្សនកិច្ចនៅសាលានេះមិនតិចក្រុមនោះឡើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ