ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ បើមិនចង់ឲ្យឃាត់ទុក១ឆ្នាំទេនោះ សូមម្ចាស់ឡានដឹកជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយឲ្យសោះ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ក្រុមរថយន្តដឹកជញ្ជូនត្រូវគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពី ផ្លូវថ្នល់ ហើយក្រសួងនឹងបន្តអនុវត្តច្បាប់២៤ម៉ោងលើ២៤ក្នុងមួយថ្ងៃ។ ម្យ៉ាងទៀតប្រសិនបើ មិនចង់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផាកពិន័យ និងឃាត់ទុក១ឆ្នាំទេនោះ សូមម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយ នៃច្បាប់កំណត់ឲ្យសោះ។
ការសំណូមពរនេះ បន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា លោកសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូន សូមគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងគោរពច្បាប់ ស្ដីពី ផ្លូវថ្នល់ កុំដឹកលើសកម្រិតទម្ងន់កំណត់ដោយច្បាប់ ដែលធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាឧទាហរណ៍ថា ប្រសិនបើឡាន១គ្រឿង ច្បាប់អនុញ្ញាតឲ្យដឹក៤០តោន តែបើកឡាននោះដឹក៥០តោន ដែលលើស១០ ហើយយក១០តោន គុណនឹង១០តោន ស្មើ១០០តោន យក១០០តោន គុណនឹង១០តោន ស្មើ១០០០តោន យក១០០០តោន គុណនឹង១០ ស្មើនឹង១០០០០តោន។ ដូច្នេះប្រសិនបើឡាន១គ្រឿង ដឹកលើសទម្ងន់កំណត់១០តោន គឺស្មើនឹងឡាន១០០០០គ្រឿង ធ្វើដំណើរតាមផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់ខូចខាត។
លោកស្នើឲ្យក្រុមរថយន្តដឹកជញ្ជូន ត្រូវគោរពច្បាប់ដែលមានជាធរមាន ហើយលោកថា «ច្បាប់ គឺច្បាប់ ដែលមានជាធរមាន យើងខ្ញុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានគណៈកម្មការត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក៏មានក្រុមការងារជញ្ជីងត្រួតពិនិត្យ ឡានដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដោយមានការចូលរួមពីអាជ្ញាធរ ខាងនគរបាល ខាងកងរាជអាវុធហត្ថ-ល- ដើម្បីជួយទប់ស្កាត់ក្នុងការដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «យើងខ្ញុំអនុវត្តច្បាប់ ច្បាប់បានចែងក្នុងមាត្រា៦០ នៃច្បាប់ស្ដីពី ផ្លូវថ្នល់ បើកឡានណាដឹកទំនិញលើស២០ភាគរយ ឧទាហរណ៍ឡានហ្នឹងដឹកបាន២០តោន ចឹង២០ភាគរយបានតែ២៤តោនទេ តែ២៤លើសបន្តិច ឡានហ្នឹងលើស២០ភាគរយហើយ បើលើស២០ភាគរយ ត្រូវផាកពិន័យហើយ ត្រូវឃាត់ឡានទុក១ឆ្នាំ មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារអ្នកត្រួតពិនិត្យយានជំនះ ដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ ចង់ចាប់ឡានទុក១ឆ្នាំទេ ប៉ុន្តែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យហើយ ឃាត់ឡាននោះទុក១ឆ្នាំ»។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា សូមម្ចាស់ក្រុមហ៊ុនដឹកទំនិញ សុំអានច្បាប់ ស្ដីពី ផ្លូវថ្នល់ឲ្យបានច្បាស់ ហើយច្បាប់នេះត្រូវអនុវត្តគ្រប់ពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ ៧ថ្ងៃក្នុងមួយសប្ដាហ៍ និង២៤ម៉ោងក្នុងមួយថ្ងៃ មិនថាជាឡានរបស់អ្នកធំ ឡានរបស់អ្នកតូច ឡានរបស់អ្នកក្រ ឡានរបស់អ្នកមាន ឲ្យតែឡានដឹកលើសទម្ងន់កំណត់ដោយច្បាប់ ត្រូវអនុវត្តច្បាប់ទាំងអស់។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា «សូមអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀតថា បងប្អូនប្រជាពលរដ្ឋ បងប្អូនអ្នកដឹកទំនិញកុំដឹក ឲ្យលើសទម្ងន់កំណត់ ដោយច្បាប់ឲ្យសោះ បើមិនចង់ឲ្យគេចាប់ឡានទុក១ឆ្នាំ កុំដឹកឲ្យលើស២០ភាគរយ»។ លោកថា អ្នកប្រើប្រាស់ផ្លូវមានតួនាទី មានភារកិច្ច មានកាតព្វកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិយើង ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា គ្រប់បែបយ៉ាងទាំងអស់ ដើម្បីយកមកកសាងផ្លូវថ្នល់ ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា បានធ្វើដំណើរដោយស្រួល។
សូមជម្រាបថា តំណាងក្រុមដឹកជញ្ជូនចំនួន៥នាក់ ដែលបានធ្វើការតវ៉ា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានស្នើសុំដំណោះស្រាយ៣ចំណុច រួមមាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។ ២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។ ៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត